ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ីរ៉ង់​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ត្រូវ​ចៀសវាង​អំពើ​ហិង្សា


Diniy marosim. Ukraina.
Diniy marosim. Ukraina.

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាន​ធ្វើ​សុន្ទរកថា​សាធារណៈ​ជា​លើក​ដំបូង​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​មាន​រយៈពេល​បួន​ថ្ងៃ​មក​ហើយ​នោះ។ លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រជាពលរដ្ឋ​អ៊ីរ៉ង់​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​និង​រិះគន់​អាជ្ញាធរ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​មិន​គួរ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ឬ​បំផ្លិចបំផ្លាញ​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​នោះ​ទេ។ ​

លោក Rouhani ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ IRNA ដែល​លោក​កំពុង​ថ្លែង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​របស់​លោក​ថា «ពលរដ្ឋ​ពិត​ជា​មាន​សិទ្ធិ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​និង​ធ្វើ​បាតុកម្ម ប៉ុន្តែ​ការ​តវ៉ា​របស់​ពួកគេ​គួរ​តែ​ធ្វើ​ឡើង​ក្នុង​មធ្យោបាយ​មួយ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​និង​សម្រាប់​ជីវិត​របស់​ពួកគេ។ ការ​រិះគន់​ខុស​ពី​អំពើ​ហិង្សា​និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ»។​

អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​នឹង​ការ​ព្រមាន​របស់​អាជ្ញាធរ​ចំពោះ​ការ​បង្ក្រាប​ខ្លាំងក្លា ដោយ​បាន​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​បួន ដែល​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ ចាប់​តាំង​ពី​មាន​ភាពចលាចល​លើ​ការ​គាំទ្រ​កំណែ​ទម្រង់​ក្នុង​ឆ្នាំ​២០០៩មក។ ​

មនុស្ស​រាប់​សែន​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក ដើម្បី​ប្រឆាំង​នឹង​ក្រុម​វរជន​សាសនា​ដែល​មិន​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​នៃ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​និង​ប្រឆាំង​នឹង​គោលនយោបាយ​ការ​បរទេស​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ ពួកគេ​ក៏​បាន​ស្រែក​ពាក្យ​ស្លោក​ដែល​គាំទ្រ​ដល់​អ្នក​ជាប់​ពន្ធនាគារ​នយោបាយ​ផង​ដែរ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន IRNA បាន​ឲ្យ​ដឹង​ថា លោក Rouhani បាន​មាន​ប្រសាសន៍​ថា «ការ​ដោះស្រាយ​បញ្ហា​នេះ​ឡើង​វិញ​មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ទេ ហើយ​ត្រូវ​ការ​ពេលវេលា​យូរ។ រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​គួរ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើង​វិញ»។​

លោក Rouhani ក៏​បាន​ទាត់​ចោល​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​គាំទ្រ​ដល់​ការ​ធ្វើ​បាតុកម្ម​នេះ​ផង​ដែរ។

លោកRouhaniបាន​ថ្លែង​ថា «បុរស​ម្នាក់​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​កំពុង​តែ​សម្តែង​ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​យើង​នៅ​ថ្ងៃ​នេះ បាន​ភ្លេច​ថា លោក​បាន​ហៅ​ប្រទេស​ អ៊ីរ៉ង់​ ថា​ជា​ភេរវករ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ បុរស​ម្នាក់​នេះ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ដល់​ឆ្អឹង ដូច្នេះ​លោក​គ្មាន​សិទ្ធី​ដើម្បី​គាំទ្រ​ពលរដ្ឋ​អ៊ីរ៉ង់​នោះ​ទេ»៕

XS
SM
MD
LG