សេតវិមានបានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនពួកបាតុករសន្តិវិធីនៅ ក្នុងប្រទេសអ៊ីរ៉ង់នៅពេលមានរបាយការណ៍ថាមានមនុស្សជាង៥០នាក់បានត្រូវចាប់ខ្លួនកាលពីពីរថ្ងៃកន្លងទៅនេះដោយសារពួកគេបានធ្វើបាតុកម្មនៅក្នុងក្រុងនានានៃប្រទេសអ៊ីរ៉ង់ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ។
អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសុក្រថា «មានរបាយការណ៍ជាច្រើនអំពីបាតុកម្មដោយសន្តិវិធីដោយពួកពលរដ្ឋអ៊ីរ៉ង់ ដែលធុញទ្រាន់នឹងអំពើពុករលួយរបស់របបគ្រប់គ្រងអ៊ីរ៉ង់ និងការចាយវាយខ្ជះខ្ជាយធនធានរបស់ជាតិដោយអាជ្ញាធរនៃប្រទេសនេះដើម្បីផ្តល់ប្រាក់កាសដល់ពួកភេរវជននៅឯប្រទេសក្រៅ។ រដ្ឋាភិបាលអ៊ីរ៉ង់ គួរគោរពសិទ្ធិរបស់ប្រជារាស្ត្រខ្លួនដោយមានរួមបញ្ចូលសិទ្ធិក្នុងការសម្តែងមតិរបស់ពួកគេផងដែរ។ ពិភពលោកកំពុងមើលស្ថានការណ៍នេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសស.រ.អា.បាននិយាយថា» ពួកមេដឹកនាំអ៊ីរ៉ង់បានកែប្រែប្រទេសមួយមានធានធានច្រើននិងមានប្រវត្តិសាស្ត្រនិងវប្បធ៌មសំបូរបែបឱ្យទៅជារដ្ឋទុច្ចរិតនិងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរមួយដែលការដឹកជញ្ជូនទៅប្រទេសក្រៅសំខាន់បំផុតគឺអំពើហិង្សាការបង្ហូរឈាមនិងចលាចល»។
ក្រសួងការបរទេសអាមេរិកាំងបាននិយាយថាខ្លួនសុំ «ដល់ប្រទេសជាតិទាំងអស់ឱ្យគាំទ្រជាសាធារណៈដល់ប្រជារាស្ត្រអ៊ីរ៉ង់ និងការទាមទាររបស់ពួកគេឱ្យមានសិទ្ធិជាមូលដ្ឋាននិងការបញ្ចប់អំពើពុករលួយ»៕