ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ភ័ស្តុតាង​អំពី​សកម្មភាព​បំផ្លិចបំផ្លាញ​ជា​បន្ត​របស់​អ៊ីរ៉ង់


អ្នកស្រី​ Nikki Haley​ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខកាលពី​ថ្ងៃទី​២៨ កញ្ញា ២០១៧។
អ្នកស្រី​ Nikki Haley​ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខកាលពី​ថ្ងៃទី​២៨ កញ្ញា ២០១៧។

ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley នឹង​យក​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី «បង្ហាញ​អំពី​សកម្មភាព​បំផ្លិចបំផ្លាញ​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​មាន​ជា​បន្ត​នៅ​តំបន់​មជ្ឈិម​បូព៌ា» និង​នៅ​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភពលោក។

លោកស្រី Nikki Haley នឹង​ពិភាក្សា​អំពី​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​អំពី​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ចិន បារាំង រុស្ស៊ី និង​អាល្លឺម៉ង់។ កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​បំណង​ចង់​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រាប់​ផ្លោង​មីស៊ីល​ណា​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី​លើ​បាន។

ការ​ប្រកាស​ផ្លូវការ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​មុន​ពេល​លោកស្រី Nikki Haley លើក​ឡើង​ដូច​នេះ បាន​បញ្ជាក់​ថា លោកស្រី​នឹង​បង្ហាញ «ភ័ស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន» ដែល​ថា ប្រទេស​អ៊ីរ៉ង់​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​នោះ​ទេ និង​បាន​ព្យាយាម​លាក់បាំង​សកម្មភាព​របស់​ខ្លួន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ដែល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​លោក​អតីត​ប្រធានាធិបតី Barack Obama ចាត់ទុក​ថា​ជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ក្នុង​ការ​ធានា​យ៉ាង​ណា​មិន​ឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ។ រដ្ឋបាល​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​នេះ បាន​ប្រឆាំង​នឹង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់ រី​ឯ​អ៊ីរ៉ង់​វិញ​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ធ្វើ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ហើយ​ខ្លួន​មាន​សិទ្ធិ​ធ្វើ​ការ​ផលិត​គ្រាប់​មីស៊ីល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​របស់​ខ្លួន៕

XS
SM
MD
LG