ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន៖ សហរដ្ឋអាមេរិក​មាន​កាតព្វកិច្ច​ការពារ​បូរណភាពទឹកដី​សម្ព័ន្ធ​មិត្ត​ក្នុងអង្គការអូតង់


រូបថតឯកសារ៖ លោក Josh Earnest ​មន្ត្រី​អ្នក​នាំពាក្យ​នៅសេតវិមាន​ ថ្លែង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ប្រចាំថ្ងៃ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

កាល​ពីថ្ងៃ​ចន្ទ លោក​ Josh Earnest ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​ដែល​ថា​ ស.រ.អ.​គ្រោង​នឹង​បោះទីតាំងអាវុធ​អាមេរិកាំង​ធុនធ្ងន់​និង​ក្រុម​ទាហាន​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ខាង​កើត​និង​ក្នុង​បណ្តា​រដ្ឋ​នៃ​តំបន់​សមុទ្រ​បាល់ទិក​ជា​អចិន្ត្រៃយ៍ ដោយ​និ​យាយ​ថា​ ស.រ.អ.​«មាន​កាតព្វកិច្ច​មួយ​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ​យើង​ការពារ​អធិបតេយ្យភាព​ដែន​ដី​របស់​ពួក​សម្ព័ន្ធមិត្ត​យើង​ក្នុង​អង្គការ​អូតង់»។

លោក ​Earnest ​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​នៅ​ឯសេតវិមាន​ថា៖ «យើង​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​នៃ​អង្គការ​អូតង់​ដែល​ផ្តល់​កិច្ចការពារ​ដល់​ពួក​សម្ព័ន្ធមិត្ត​របស់​យើង ​ហើយ​នេះ​ជា​សន្ធិសញ្ញា​មួយ​ដែល​ស.រ.អ.​និង​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​មាន​ការ​ហ្មត់ចត់​ក្នុង​ការ​ប្រព្រឹត្ត​តាម»។

លោក​ Earnest​ បាន​ថ្លែង​ថា​ ផែនការ​នេះ​«ឋិត​នៅ​ក្នុង​ដំណាក់ការ​ដំបូង​នៃ​ដំណើរការ​រៀបចំ​គោលនយោបាយ​ ក៏​ប៉ុន្តែ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ដែល​យើង​ធ្លាប់​ធ្វើ​ពី​ពេល​មុនៗ»។

កាល​ពី​ថ្ងៃចន្ទ​ដែរ​ ក្រសួង​ការបរទេស​រុស្ស៊ីក៏​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​អនុវត្តន៍​ផែនការ​នេះ។ ក្រសួង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​សង្ឃឹម​ថា ​វិចារណញ្ញាណ​នឹង​ឈ្នះ​ ហើយ​ស្ថានការណ៍​នៅ​ក្នុង​ទ្វីបអឺរ៉ុប​នឹង​ត្រូវ​បញ្ចៀស​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា​ខាង​យោធា​ថ្មី​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ប្រកប​ដោយ​គ្រោះថ្នាក់»៕

XS
SM
MD
LG