ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ព្រមាន​អឺរ៉ុប​អំពី​កំណើន​គម្លាត​នៅ​ក្នុង​ការ​ចំណាយ​របស់​អង្គការ​អូតង់


លេខាធិការ​អង្គការ​អូតង់​លោក Jens Stotlenberg និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​នៅអំឡុង​ពេល​ជំនួប​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អូតង់​នៅ​ក្រុង ប្រ៊ុយសែល ប្រទេស​ប៊ែលហ្ស៊ុិក។ ស.រ.អា​ព្រមាន​អឺរ៉ុប​អំពី​កំណើន​គម្លាត​នៅ​ក្នុង​ការ​ចំណាយ​របស់​អង្គការ​អូតង់។
លេខាធិការ​អង្គការ​អូតង់​លោក Jens Stotlenberg និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​នៅអំឡុង​ពេល​ជំនួប​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អូតង់​នៅ​ក្រុង ប្រ៊ុយសែល ប្រទេស​ប៊ែលហ្ស៊ុិក។ ស.រ.អា​ព្រមាន​អឺរ៉ុប​អំពី​កំណើន​គម្លាត​នៅ​ក្នុង​ការ​ចំណាយ​របស់​អង្គការ​អូតង់។

មន្រ្តី​អាមេរិក​ជាន់​ខ្ពស់​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​កំណើន​គម្លាត​រវាង​ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ​របស់​ស.រ.អា​ និង​អឺរ៉ុប​ នៅ​ក្នុង​គ្រា​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ជាមួយ​នឹង​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយក្រែន។​ ការ​ព្រមាន​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ស្រប​ពេល​ដែល​រថក្រោះ​ និង​នាវា​ចម្បាំង​ស.រ.អា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​អឺរ៉ុប​សម្រាប់​ប្រតិបត្តិការ​ហ្វឹកហ្វឺន​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​របស់​អង្គការ​អូតង់​ ក្នុង​ពេល​ដែល​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ​ផ្នែក​ការពារជាតិ​របស់​អង្គការ​នេះ។​

ដោយ​ទម្លាក់​ពី​នាវា​ដឹក​ទំនិញ​ Liberty Promise និង​ដាក់​លើ​កំពង់ផែ​ក្រុង​ Riga យានយន្ត​ពាសដែក​ប្រមាណ​ ៤០០​គ្រឿង​ត្រូវ​បាន​យក​មក​ដាក់​ក្នុង​រដ្ឋធានី​ប្រទេស​ឡេតូនី​នា​សប្តាហ៍​នេះ​នៅ​ក្នុង​ការ​សម្តែង​កម្លាំង​យោធា​មួយ​របស់​ស.រ.អា។​ នៅ​ជិត​កន្លែង​នាវា​ចត​ មេ​បញ្ជាការ​ជាន់​ខ្ពស់​យោធា​អាមេរិកាំង​លោក​ឧត្តមសេនីយ៍​ទោ​ John​ O'connor​ បាន​និយាយ​ថា​ នេះ​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​មួយ។​

«យើង​អាច​ផ្តល់​នូវ​កម្លាំង​វាយប្រយុទ្ធ​ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ពេល​ណា​ក៏​បាន​ និង​នៅ​កន្លែង​ណា​ក៏​បាន​ដែល​ត្រូវការ។​ ហើយ​សារ​របស់​យើង​ទៅ​កាន់​ប្រជាជន​ឡេតូនី​ សម្ព័ន្ធមិត្ត​និង​ប្រជាជាតិ​ដៃគូ​ដទៃ​ទៀត​របស់​ស.រ.អា​ គឺ​ថា​ យោធា​អាមេរិកាំង​សម្រាប់​អឺរ៉ុប​អាច​ ហើយ​នឹង​ផ្តល់​ការ​គាំទ្រ​ភ្លាមៗ​តាម​ការ​ចំបាច់​ត្រូវ​ការ​ ពី​ដែន​អាកាស​ ពី​ដែន​សមុទ្រ​ និង​ពី​ដែនគោក»។​

អង្គការ​អូតង់​បាន​ធ្វើ​ការ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ពី​កំណើន​នៃ​ការ​គម្រាម​កំហែង​ពី​រុស្ស៊ី​ បន្ទាប់​ពី​ការ​ទន្រ្ទាន​យក​តំបន់​កេ្រម៉ា​ (Crimea)​ ដោយ​កម្លាំង​កាល​ពី​មួយ​ឆ្នាំ​មុន​ និង​ការ​បន្ត​លូក​ដៃ​របស់​ប្រទេស​នោះ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ អ៊ុយក្រែន។​

នៅ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់​នៅ​ប្រទេស​វេលស៍​(Wales)​ កាល​ពី​ឆ្នាំ​មុន​ សមាជិក​របស់​អង្គការ​បាន​ចុះ​ហត្ថលេខា​លើ​ការ​ប្តេជ្ញា​មួយ​នៅ​ក្នុង​ការ​ចំណាយ​អប្បបរមា​ចំនួន​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ទៅ​លើ​វិស័យ​ការពារ​ជាតិ។​ ប៉ុន្តែ​ប្រមុខ​ការ​ស្រាវជ្រាវ​នៃ​បណ្តាញ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ (European​ Leadership​ Network)​ លោក​ Lukasz​ Kulesa​ បាន​និយាយ​ថា​ ការ​វិភាគ​របស់​ក្រុម​ការងារ​របស់​លោក​ទៅ​លើ​ប្រទេស​សមាជិក​ទាំង​១៤​របស់​អង្គការ​អូតង់​បង្ហាញ​ថា​ ក្រៅ​ពី​សរអា​ មាន​តែ​ប្រទេស​អេស្តូនី​ តែ​មួយ​គត់​ ដែល​សម្រេច​បាន​គោលដៅ​នោះ។​

«តាម​ពិត​ទៅ​ប្រទេស​មួយ​ចំនួន​បែរ​ជា​ធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​បាន​ប្តេជ្ញា​នៅ​ប្រទេស​ វេលស៍​ ដែល​នេះ​មាន​ន័យ​ថា​ ពួកគេ​បាន​កំពុង​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​យោធា»។​

ចក្រភព​អង់គ្លេស​ ដែល​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​រឹងមាំ​មួយ​តាម​ប្រពៃណី​របស់​ស.រ.អា​នៅ​ក្នុង​អង្គការ​អូតង់​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​ព្យាករណ៍​ថា​នឹង​មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​ចំណាយ​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​លើ​វិស័យ​ការពារ​ជាតិ​នោះ​ទេ។​ ករណី​នេះ​អាច​ប៉ះពាល់​ដល់​តួនាទី​របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ចម្រុះ​គ្នា​ នេះ​បើ​យោង​ទៅ​តាម​អ្នកវិភាគ​លោក​ Ben​ Barr​ នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្រ្ត។​

«យោធា​អង់គ្លេស​មិន​មាន​កងកម្លាំង​គ្រប់គ្រាន់​ទេ​ ដើម្បី​បញ្ជូន​ទៅ​ប្រតិបត្តិការ​ពហុជាតិ​ ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក។​ បន្ថែម​ទៅ​លើ​នេះ​ទៀត​សោត​ យោធា​អាមេរិកាំង​ក៏​បាន​រួម​តូច​ខ្លួន​ឯង​ផង​ដែរ។​ ដូច្នេះ​អ្នក​អាច​អះអាង​ថា​ សរអា​កាន់​តែ​មាន​ភាព​ពឹងផ្អែក​ទៅ​លើ​ដៃគូ​ពហុជាតិ​របស់​ខ្លួន​ ដើម្បី​បង្កើត​ជា​កងកម្លាំង​ប្រយុទ្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ​នៅ​ក្នុង​បេសកកម្ម​ចម្រុះ​គ្នា»។​

យោង​ទៅ​តាម​លោក​ Lukasz​ Kulesa​ វិភាគទាន​របស់​ស.រ.អា​ទៅ​កាន់​អង្គការ​អូតង់​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដោយ​ស្ថេរភាព។​

«វិភាគទាន​នោះ​មាន​ច្រើន​ជាង​ ៧០​ភាគរយ​ ដែល​មាន​២០​ភាគរយ​ច្រើន​ជាង​នៅ​អំឡុង​សម័យ​សង្រ្គាម​ត្រជាក់។​ ហើយ​ពិត​ណាស់​ នេះ​មិន​មែន​ជា​ស្ថានភាព​មួយ​ដែល​ល្អ​ទេ​ ដោយ​សារ​តែ​វា​បង្ក​ឲ្យ​មាន​ការ​នឹកស្មាន​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ថា​ ប្រទេស​ទាំង​នោះ​មិន​ចាំបាច់​ព្យាយាម​ខ្លាំង​នោះ​ទេ»។​

និន្នាការ​នៃ​ស្ថេរភាព​ ឬ​ការ​ធ្លាក់ចុះ​ខាង​ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ​កំពុង​តែ​ប្រែផ្លាស់​នៅ​អេស្តូនី​ ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ស្ថិត​នៅ​ជួរមុខ​នៃ​ភាព​តានតឹង​រវាង​បស្ចឹមលោក​ និង​រុស្ស៊ី។​ លោក​ Kulesa​ បាន​និយាយ​ថា​ ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ​របស់​អេស្តូនី​កំពុង​ស្ថិត​នៅ​លើ​និន្នាការ​នៃ​ការ​សម្រេច​បាន​២,៥​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប៕​

ប្រែ​សម្រួល​ដោយ៖​ ណឹម​ សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG