កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចាត់ទុកប្រទេសទុយនីស៊ីជាសម្ព័ន្ធមិត្តនៅក្រៅអង្គការអូតង់ដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកដោយបានសរសើរកំណែទម្រង់តាមបែបប្រជាធិបតេយ្យរបស់ប្រទេសនេះបន្ទាប់ពីការងើបបះបោរនៃបដិវត្តន៍អារ៉ាប់កាលពីឆ្នាំ២០១១។
ប្រទេសនៅតំបន់អាហ្វ្រិកខាងជើងមួយនេះបានក្លាយជាប្រទេសទី១៦ដែលសហរដ្ឋអាមេរិកបានចងសម្ព័ន្ធជាមួយដើម្បីពង្រឹងចំណងទាក់ទងខាងយោធានិងហិរញ្ញវត្ថុរវាងប្រទេសទាំង២ ខណៈដែលមិនបានបង្កើតកិច្ចព្រមព្រៀងការពារប្រទេសរវាងគ្នានិងគ្នានោះ។ ចាប់តាំងពីឆ្នាំ១៩៨៩មក សហរដ្ឋអាមេរិក បានបង្កើតសម្ព័ន្ធភាពជាមួយប្រទេសនៅខាងក្រៅអង្គការសន្ធិសញ្ញាមហាសមុទ្រអាតាឡង់ទិកខាងជើងដែលមានទីតាំងនៅអឺរ៉ុប។
លោកប្រធានាធិបតី អូបាម៉ា បានជួបប្រធានាធិបតី Beji Caid Essebsi នៃប្រទេសទុយនីស៊ីនៅសេតវិមាន។ មេដឹកនាំអាមេរិកាំងបានមានប្រសាសន៍ថា លោកសប្បាយរីករាយដែលបានឮពីការផ្លាស់ប្តូរខាងនយោបាយឆ្ពោះទៅកាន់ប្រជាធិបតេយ្យរបស់ទុយនីស៊ី។ លោក Essebsi ជាមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យលើកទីមួយនៅក្នុងប្រវត្តិសាស្រ្ត៦០ឆ្នាំនៃប្រទេសទុយនីស៊ី។
មេដឹកនាំអាមេរិកាំងបានសន្យាផ្តល់ជំនួយសម្រាប់រយៈពេលខ្លីដល់ប្រទេសទុយនីស៊ីដើម្បីបញ្ចប់កំណែទម្រង់ខាងសេដ្ឋកិច្ចរបស់ខ្លួនហើយនិងដោះស្រាយបញ្ហាគ្មានការងារធ្វើ។
ប្រធានាធិបតី Essebsiបានជម្រាបលោកប្រធានាធិបតីអូបាម៉ាថា ការធ្វើកំណែទម្រង់របស់ទុយនីស៊ីបន្តរងការគំរាមកំហែងពីក្រុមភេរវកម្ម៕