ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​សេតវិមាន៖ លោក​ត្រាំ​នឹង​អនុម័ត​​ចេញ​ផ្សាយ​អនុស្សរណៈ​សម្ងាត់​ស្តី​ពី​ប្រទេស​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) ក្នុង​ពេល​គោរព​ទង់ជាតិ​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សារ​នៃ​បណ្ឌិត​សភា​​ជាតិ​របស់​​ការិយាល័យ​ស៊ើប​អង្កេត FBI នៅទីក្រុង Quantico រដ្ឋ Virginia។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) ក្នុង​ពេល​គោរព​ទង់ជាតិ​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សារ​នៃ​បណ្ឌិត​សភា​​ជាតិ​របស់​​ការិយាល័យ​ស៊ើប​អង្កេត FBI នៅទីក្រុង Quantico រដ្ឋ Virginia។

មន្ត្រីសេតវិមានម្នាក់​បាន​និយាយ​ថា ប្រធានាធិបតី ដូណាល់ ត្រាំ​ គ្រោងនឹង​យល់​ព្រម​ដល់​ការ​ចេញ​ផ្សាយ​អនុស្សរណៈ​សម្ងាត់​មួយ​ដែល​ចោទ​ប្រកាន់​ពួក​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពង្រឹង​ច្បាប់ថា ​លម្អៀង​ប្រឆាំង​នឹង​ប្រធានាធិបតី។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​ប្រធានាធិបតី​ ត្រាំ​ បាន​យល់​ព្រម​ដល់​ការ​ចេញ​ផ្សាយ​ឯកសារ​នេះ​ហើយ​ ហើយ​លោក​ទំនង​ជា​នឹង​ប្រាប់​សភា​អំពី​សេចក្តី​សម្រេច​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ។ ​មន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា​ អនុស្សរណៈ​នេះ​ទំនង​ជា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​កែ​ប្រែ​អ្វី​ទេ។​

លោក​ ត្រាំ​ មាន​ការ​ខ្វែង​គំនិត​ជា​មួយ​ការិយាល័យ​ស៊ើប​អង្កេត​ FBI និង​ក្រសួង​ការ​បរទេស​អំពី​ការផ្សព្វផ្សាយ​ឯកសារ​នេះ​ជា​សាធារណៈ​ឬ​បែប​ណា។​

មាន​មនុស្ស​តិច​តួច​ណាស់​នៅ​ក្រៅ​សភា​ស.រ.អា.​ដែល​បាន​អាន​អនុស្សរណៈ Nunes​ ដោយ​ឈ្មោះ​នេះ​ត្រូវ​គេ​បាន​ដាក់​ឈ្មោះទៅ​តាម​ឈ្មោះ​សមាជិកសភា​ម្នាក់​ខាង​គណបក្ស​សាធរណរដ្ឋ​ដែល​បាន​ព្រាង​អនុស្សរណៈ​នេះ។​

អនុស្សរណៈ​នេះ​មាន​រួម​បញ្ចូល​សេចក្តី​លម្អិត​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​យុត្តិធម៌​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​ ២០១៦ ក្នុង​ការ​ស្វះ​ស្វែង​សុំ​អំណាច​ពី​តុលាការ​សហព័ន្ធ​ខាង​ការ​ឃ្លាំ​មើល​ការ​ស៊ើបការ​សម្ងាត់​ដើម្បី​តាម​ឃ្លាំ​មើល​អំពី​លទ្ធភាព​នៃ​ការ​មាន​ទំនាក់​ទំនង​រវាង​ទីប្រឹក្សា​ម្នាក់​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​ លោក ត្រាំ​ ជាមួយ​ពួក​អ្នក​ធ្វើ​ប្រតិបត្តិការ​រុស្សី។​

ពួក​ប្រជាធិបតេយ្យ​និង​ពួក​អ្នក​រិះ​គន់​ឯទៀតៗ​ដល់​អនុស្សរណៈ​នេះ​និយាយ​ថា​ឯកសារ​នេះ​ប្រើ​ប្រាស់​ព័ត៌មាន​នៃ​ការ​ស៊ើបការ​មាន​ភាព​សម្ងាត់​ដើម្បី​ចោទ​ប្រកាន់​ថា​ ​ការ​ស៊ើប​អង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្សី​មាន​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​លម្អៀង​ខាង​នយោបាយ។​

ពួក​ប្រជាធិបតេយ្យ​បាន​រៀប​ចំ​អនុស្សរណៈ​ផ្ទាល់​របស់​ពួក​គេ​ដើម្បី​ទប់​ទល់​នឹង​ការ​អះអាង​របស់​ពួក​សាធារណរដ្ឋ។ ​គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​អនុស្សរណៈ​នេះ​នឹង​ត្រូវផ្សព្វផ្សាយ​ឬ​បែប​ណា​ឡើយ៕

XS
SM
MD
LG