ប្រធានាធិបតីស.រ.អា. Donald Trump បានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានជួយប្រទេសកូរ៉េខាងជើងឱ្យគេចពីការដាក់ទណ្ឌកម្មអន្តរជាតិហើយបាននិយាយថារដ្ឋាភិបាលក្រុង Pyongyang កំពុងធ្វើឱ្យមានការជឿនលឿនប្រចាំថ្ងៃក្នុងការអភិវឌ្ឍន៍កាំជ្រួចមីស៊ីលផ្លោងដែលអាចបាញ់ដល់ស.រ.អា.។
នៅក្នុងសេចក្តីសម្ភាសន៍មួយក្នុងបន្ទប់រាងពងក្រពើនៃសេតវិមានជាមួយទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតី Trump បានសរសើរប្រទេសចិនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការរឹតត្បិតការដឹកជញ្ជូនប្រេងនិងធ្យូងថ្មទៅកាន់ប្រទេសកូរ៉េខាងជើងក៏ប៉ុន្តែគាត់បាននិយាយដែរថារដ្ឋាភិបាលក្រុងប៉េកាំងអាចចាត់វិធានការច្រើនជាងនេះក្នុងការជួយបង្ខិតបង្ខំរដ្ឋាភិបាលក្រុង Pyongyang។ ក៏ប៉ុន្តែប្រធានាធិបតីអាមេរិកាំងរូបនេះបានថ្លែងថាប្រទេសរុស្ស៊ីហាក់ដូចជាជួយបំពេញភាពចំហបន្សល់ទុកដោយពួកចិន។
ប្រធានាធិបតី Trump បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា«ប្រទេសរុស្ស៊ីមិនបានជួយយើងសោះអំពីបញ្ហាប្រទេសកូរ៉េខាងជើង។ អ្វីដែលប្រទេសចិនបានជួយយើង ប្រទេសរុស្ស៊ីបានបំពាន។ បើនិយាយម្យ៉ាងទៀតគឺថាប្រទេសរុស្ស៊ីកំពុងបំពេញអ្វីដែលប្រទេសចិនធ្លាប់ជួយប្រទេសកូរ៉េខាងជើង»។
Trump យល់ថាប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រហែលធ្វើវិទ្ធង្សនាដោយចេតនាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។
ប្រធានាធិបតី Trump បាននិយាយអំពី Putin ថា «គាត់អាចចាត់វិធានការបានច្រើន។ ក៏ប៉ុន្តែជាអកុសលយើងគ្មានទំនាក់ទំនងច្រើនជាមួយរុស្ស៊ីទេ ហើយក្នុងករណីខ្លះគេឃើញថាអ្វីដែលចិនបានយកទៅវិញ រុស្ស៊ីបានផ្តល់ឱ្យកូរ៉េខាងជើងជំនួសវិញ។ ដូច្នេះលទ្ធផលមិនបានល្អដូចដែលប៉ងប្រាថ្នាទេ»។
នៅក្នុងសេចក្តីសម្ភាសន៍ជិតមួយម៉ោងនេះ ប្រធានាធិបតី Trump មិនសូវមានសុទិដ្ឋិនិយមច្រើនដូចដែលគាត់ហាក់ដូចជាមានកាលពីពេលថ្មីៗនេះអំពីកិច្ចចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong-un ទេ៕