ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជំនួយការ​ពិសេស​របស់​លោក ​ត្រាំ​ ត្រូវ​ចោទ​សួរ​រឿង​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី


រូបឯកសារ៖ លោក Steve Bannon អតីត​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​របស់​សេត​វិមាន ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ កាល​ពីឆ្នាំ​២០១៧ នៅរដ្ឋ Alabama សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ លោក Steve Bannon អតីត​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​របស់​សេត​វិមាន ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ កាល​ពីឆ្នាំ​២០១៧ នៅរដ្ឋ Alabama សហរដ្ឋ​អាមេរិក។

លោក​ Steve Bannon​ អតីត​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៃ​សេតវិមាន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ក្រុម​សមាជិក​សភា​ដែល​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ​២០១៦។

លោក Bannon បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ម៉ោង​នៅ​ពី​មុខ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា ដែល​ជា​គណៈកម្មាធិការ​មួយ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​ប្រទេស​រុស្ស៊ី​នេះ។

គណៈ​កម្មាធិការ​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បដិសេធ​របស់​លោក ​Bannon ​ដោយ​ចេញ​ដីកា​កោះ​ហៅ។ លោក ​Adam Schiff ​សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈ​កម្មាធិការ​នេះ បាន​និយាយ​ថា មន្ត្រី​សេតវិមាន​បាន​ណែនាំ​លោក​ Bannon ​កុំ​ឲ្យ​ឆ្លើយ​សំណួរ​របស់​គណៈកម្មាធិការ​នេះ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី ​Sarah Huckabee Sanders ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «គ្មាន​នរណា​ម្នាក់​លើក​ទឹក​ចិត្ត​លោក Bannon ឲ្យ​ធ្វើ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ឲ្យ​លោក​មាន​តម្លាភាព​តែ​ប៉ុណ្ណោះ‍»។

លោកស្រី​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក ត្រាំ​ បាន «សហការ​ពេញ​ទំហឹង​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​ដែល​កំពុង​តែ​បន្ត​ធ្វើ​ទាំង​នេះ‍»។ លោកស្រី​បាន​បន្ថែម​ថា សភា​ត្រូវតែ​ប្រឹក្សា​ជាមួយ​នឹង​សេតវិមាន​មុន​ពេល​សភា​អាច​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ណា​មួយ។

លោក ​Adam Schiff បាន​និយាយ​ថា លោក​រំពឹង​ថា​លោក Bannon នឹង​បង្ហាញ​ខ្លួន​ម្ដង​ទៀត​នៅ​ពី​មុខ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា៕

XS
SM
MD
LG