ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកការទូត​ជាន់​ខ្ពស់​អាមេរិក​ចោទ​រុស្ស៊ី​ថា​យក​វិស័យ​ថាមពល​ធ្វើ​ជា​ឧបករណ៍​នយោបាយ​នៅ​​អឺរ៉ុប


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Rex Tillerson កាល​ពី​លោក​នៅ​ជា​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន ExxonMobil Corporation មុន​ក្លាយ​ជា​រដ្ឋ​មន្ត្រី។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក ​Rex Tillerson ​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការប្រើ​ប្រាស់​វិស័យ​ថាមពល​មក​ធ្វើ​ជា​«ឧបករណ៍​នយោបាយ»​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​ខណៈ​ដែល​លោក​ជួបប្រជុំ​ជាមួយ​សមភាគី​របស់​លោក​ កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​ ប្រទេស​ប៉ូឡូញ។

នៅ​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រួចមក​ លោក ​Tillerson ​ថ្លែង​ថា​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការសាង​សង់​បំពង់​បង្ហូរ​ឧស្ម័នNord Stream 2 ​ដែល​ជា​គម្រោង ស្នើ​ឡើង​ដើម្បី​ភ្ជាប់​ពី​ប្រទេស​រុស្ស៊ី​ ទៅ​ប្រទេស​អាល្លឺម៉ង់។ ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​មួយ​ចំនួន​ក៏​ប្រឆាំង​នឹង​ការសាង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ដែរ​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​ផ្គត់​ផ្គង់​ឧស័្មន​ធម្មជាតិ​ធំជាង​គេ​នៅក្នុង​ទីផ្សារ។

លោក ​Tillerson​ ថ្លែង​ថា៖ «ដូច​នឹង​ប្រទេស​ប៉ូឡូញ​ដែរ​ សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​សាង​សង់​បំពង់​បង្ហូរឧស្ម័ន ​Nord Stream 2នេះ។ យើង​ធ្វើ​ដូច្នេះ​ដើម្បី​គិត​គូរ​ដល់​ស្ថិរភាព​ និង​សន្តិសុខ​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​ជាទូទៅ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ហើយ​ការណ៍​នេះ​នឹង​អាច​ធ្វើឲ្យ​ប្រទេស​រុស្ស៊ី​យក​វិស័យ​ថាពល​នេះ​ទៅ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន»។

ទស្សនកិច្ច​របស់​លោក​ Tillerson ​ទៅ​ប្រទេស​ប៉ូឡូញ​ធ្វើ​ឡើង​នៅ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រ៉ាវ​របស់​អាមេរិក​ ហៅ​កាត់​ថា LNG ទៅ​កាន់​អឺរ៉ុប​កណ្តាល ​និង​កំពុង​ប្រកួត​ប្រជែង​ជាមួយ​រុស្ស៊ី​ក្នុង​ទីផ្សារ​ថាមពល​នោះ។
ក្រុម​មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ នឹង​ជួយ​ឲ្យ​ប្រទេស​ក្នុងទ្វីប​អឺរ៉ុប​មាន​ជម្រើស​ក្នុង​ការ​ប្រើ​ប្រាស់​ថាមពល​ ដោយ​មិនចាំ​បាច់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្គត់​ផ្គង់​ពី​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG