ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សីនហ្សូ អាបេ នៅថ្ងៃអង្គារនេះ សម្រាប់កិច្ចពិភាក្សាគ្នារយៈពេល២ថ្ងៃ ដែលសេតវិមាន និយាយថា ខ្លួនរំពឹងថា កិច្ចពិភាក្សានេះ នឹងមានលក្ខណៈ «វិជ្ជមានខ្លាំង»។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះពិសេស Air Force One ដែលហោះឆ្ពោះទៅកាន់រដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមានគឺអ្នកស្រី Sarah Huckabee Sanders បានមានប្រសាសន៍ថា ការពិភាក្សារវាងមេដឹកនាំទាំងពីរ «គឺផ្ដោតជាសំខាន់ទៅលើការរៀបចំកិច្ចចរចាជាមួយកូរ៉េខាងជើង ព្រមទាំងការពិភាក្សាជាច្រើនទៀតអំពីបញ្ហាពាណិជ្ជកម្ម»។
លោក ត្រាំ និងលោក អាបេ មិនមែន មិនធ្លាប់ជួបគ្នានោះទេ។ លោកនាយករដ្ឋមន្ត្រីជប៉ុន គឺជាមេដឹកនាំបរទេស ដែលលោកប្រធានាធិបតីអាមេរិក បានជួបនិងពិភាក្សាជាមួយញឹកញាប់បំផុត ក្នុងពេលលោកត្រាំ កាន់តំណែងជាប្រធានាធិបតី។
អ្នកស្រី Sanders ថ្លែងថា «ប្រាកដណាស់ លោកប្រធានាធិបតី មានទំនាក់ទំនងដ៏អស្ចារ្យជាមួយជប៉ុន»។
លោក ត្រាំ និងលោក អាបេ មានកង្វល់រួមគ្នា នោះគឺបញ្ហាកូរ៉េខាងជើង ដែលមានគ្រាប់កាំជ្រួចផ្លោងនិងកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយឥតញញើតនឹងទណ្ឌកម្មពីអន្តរជាតិនោះឡើយ។
ដោយសារតែមានផែនការនៃជំនួបកំពូលដែលមិនធ្លាប់មានពីមុនមករវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនោះ មេដឹកនាំជប៉ុន លោក អាបេ ចង់ជួបគ្នាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក មុនជំនួបកំពូលដ៏សំខាន់នោះ។
លោក អាបេ បានថ្លែងមុនពេលចេញដំណើរមកកាន់សហរដ្ឋអាមេរិកថា លោកចង់បានការបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក អំពីការដាក់សម្ពាធទៅលើកូរ៉េខាងជើង ដើម្បីឱ្យប្រទេសនោះ បោះបង់ចោលដោយមិនអាចកែប្រែវិញបាននូវកម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើង៕