ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​សន្យា​ថា​នឹង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដ៏​សំខាន់​មួយ​បន្ទាប់​ពី​ទស្សនកិច្ច​នៅ​អាស៊ី


នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe (ឆ្វេង) ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull ចូល​រួម​កិច្ចប្រជុំ​ត្រី​ភាគី​មួយ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​ម៉ានីល​​​ ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe (ឆ្វេង) ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull ចូល​រួម​កិច្ចប្រជុំ​ត្រី​ភាគី​មួយ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​ម៉ានីល​​​ ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក​កំពុង​ស្ថិត​​នៅ​ក្រុង​ម៉ានីល​​ដែល​ជា​ទីតាំង​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ដែល​មាន​រយៈពេល​១២ថ្ងៃ​ទៅ​កាន់​ប្រទេស​ចំនួន​៥។

នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​ជាមួយ​នឹង​មេដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់​ ត្រាំ​ (Donald Trump) បាន​ពិភាក្សា​អំពី​ការ​សហការ​សន្តិសុខ​ និង​ ការ​រឹត​ចំណង​ពាណិជ្ជកម្ម​។ លោក​កំពុង​ស្ថិតនៅ​ក្រុង​ម៉ានីលដែល​ជា​ទីតាំង​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ដែល​មាន​រយៈពេល​១២ថ្ងៃ​ទៅ​កាន់​ប្រទេស​ចំនួន​៥។

កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​មាន​កិត្តិនាម​ថា​គ្រាន់​ជា​កន្លែងកិច្ច​ពិភាក្សា​គ្នា​ប៉ុណ្ណោះ ​ដោយ​ផ្តល់​អាទិភាព​ទៅ​លើការ​ស្រប​មតិ​គ្នា​ (គោលការណ៍​កុងសង់ស៊ុស) និង​មាន​ការ​សម្តែង​សិល្បៈដែល​បង្ហាញ​អំពី​ភាព​ស្រុះស្រួល​គ្នា​នៅ​ក្នុង​តំបន់​ មាន​ន័យ​ថា ​លទ្ធផល​សាច់ការ​មានតិច​តួច​ណាស់​ដែល​ជា​ធម្មតា​ត្រូវ​គេ​សម្រេច​បាន។

ព័ត៌មាន​ទាំង​ឡាយតែង​កើត​មានឡើង​នៅក្នុង​ព្រឹត្តិការណ៍​ក្រៅ​ផ្លូវការ​វិញ គឺ​ពេល​ដែល​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​នានាបាន​ធ្វើ​កិច្ចពិភាក្សា​មួយ​ទល់​នឹង​មួយ។

លោក​ប្រធានាធិបតី​ត្រាំ នៅ​ថ្ងៃ​ច័ន្ទ​បាន​បន្ថែម​មុខ​បុគ្គល​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ម្នាក់​ទៀត​ គឺ​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ Shinzo Abe​ ទៅ​ក្នុង​កិច្ច​ប្រជុំ​គ្រោង​ទុក​របស់​លោក​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អូស្ត្រលី​ លោក​ Malcolm Turnbull។ លោក​ Shinzo Abe ​ធ្លាប់ទទួល​ស្វាគមន៍លោក​ត្រាំ​នៅ​ទីក្រុង​តូក្យូ​កាល​ពី​ខែ​មុន។

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ Malcolm Turnbull​ បាន​មាន​ប្រសាសន៍​ថា៖

«យើង​មាន​គុណ​តម្លៃ​ដូច​គ្នា​ ហើយ​ការ​ផ្តោត​លើ​ដូច​គ្នា​ ក្នុង​ការ​ធានា​ធ្វើ​ឲ្យ​របប​កូរ៉េ​ខាង​ជើង​ភ្ញាក់រឭក​និង​បញ្ឈប់​ការ​បង្ក​រឿង​ដោយ​ព្រហើន​និង​ការ​គំរាម​កំហែង​ពី​ជម្លោះ​ក្នុង​តំបន់​របស់​យើង។​ សន្តិភាព​ និង​ ស្ថិរភាព​បាន​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​ដល់​មនុស្ស​រាប់​ពាន់​លាន​នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​កន្លង​មក​នេះ​ ហើយ​យើង​នឹង​សហការ​គ្នា​ដើម្បី​រក្សា​ភាព​ចម្រុង​ចម្រើន​នេះ​តទៅ​មុខ​ទៀត»។​

គូស​បញ្ជាក់​ទៅ​លើ​ចំណុច​នេះ​ ការ​ហ្វឹកហ្វឺន​នាវា​ជើង​ទឹក​យ៉ាង​ច្រើន​ដែល​រួម​ទាំង​ក្រុម​នាវា​ដឹក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​ចំនួន​បី​គ្រឿង​ បច្ចុប្បន្ន​កំពុងប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច។​

នាវា​ជើង​ទឹក​និង​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​មាន​ការចូលរួម​ពី​កង​នាវា​របស់​កូរ៉េ​ខាង​ត្បូង​និង​កង​កម្លាំង​ការពារ​ជើង​ទឹក​របស់​ប្រទេស​ជប៉ុន។

លោក​ត្រាំ​បាន​មាន​ថ្លែង​ថា​ លោក​នឹង​ធ្វើ​«សេចក្តី​ថ្លែង​ការណ៍​ដ៏​សំខាន់​មួយ‍»​ទាក់ទិន​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង​និង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ បន្ទាប់​ពី​លោក​ត្រឡប់​ទៅ​ដល់​សេតវិមាន​វិញ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​មាន​ប្រសាសន៍​ថា៖

«មាន​រឿង​ល្អៗ​ច្រើន​ណាស់​បាន​កើត​ឡើង​សម្រាប់​ប្រទេស​របស់​យើង​ ហើយ​ខ្ញុំ​គិត​ថា​ សម្រាប់​ពិភពលោក​ផង​ដែរ។ រឿង​ច្រើន​ណាស់​ត្រូវ​បាន​ដោះស្រាយ​ ឬ​ ក៏​នៅ​ក្នុង​ដំណើរការ​សម្រាប់​ដោះ​ស្រាយ»។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា​ ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​លក់​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣០០​ពាន់​លាន​រួច​ទៅ​ហើយ​ អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក។

ក៏ប៉ុន្តែ​ ចំនួន​ទាំង​នេះ​ទំនង​ជា​បាន​ចេញ​ពី​អនុស្សរណៈ​យោគយល់​គ្នា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉េកាំងនិង​ហាណូយ។

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​សប្បាយ​រីករាយ​ក្នុង​ការ​ឃើញ​លោក​ត្រាំ​និង​មេ​ដឹក​នាំ​ដទៃ​ទៀត​នោះ​ទេ។

ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​បង្រ្កាប​ដែល​ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​ការ​ប្រើប្រាស់​ដំបង​ រថយន្ត​បាញ់​ទឹក​ និង​ ឧបករណ៍​សំឡេង​រំខាន​ដើម្បី​បង្ក្រាប​បាតុកម្ម​នេះ។

ព្រឹត្តិការណ៍​នេះ​បណ្ដាល​ឲ្យ​មាន​ការ​រង​របួល​ខ្លះ​ និង​ការ​ចាប់​ខ្លួន​បុគ្គល​ប៉ុន្មាន​នាក់។

ក្រុម​បាតុករ​បាន​ស្រែក​ឲ្យ​លោក​ត្រាំ​ចាកចេញ​និង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ដាក់​អាណានិគម​លើ​ប្រទេស​ហ្វីលីពីន​ថា​ កំពុង​ចង់​បង្ក​សង្គ្រាម​ក្រៅ​ប្រទេស។

ការ​សម្រេច​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​រវាង​មេដឹកនាំ​ គឺ​ សមាគម​នេះ​នៅ​ទី​បំផុត​បាន​សម្រេច​ចរចា​ជា​ផ្លូវការ​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រទេស​មួយ​ចំនួន​ការ​ទាមទារ​ការ​កាន់​កាប់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ហើយ​បន្ទាប់​ពី​អាស៊ាន​បានជជែក​ជាច្រើន​ឆ្នាំ​អំពី​ការ​ចរចា​នេះ​ ប៉ុន្តែ​សម្រេច​បាន​តិចតួច​នោះ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG