ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​កូរ៉េ​ខាង​ជើង​គ្រប​ដណ្តប់​នៅ​ក្នុង​កិច្ចពិភាក្សា​រវាង​ប្រធានា​ធិបតី​ត្រាំ​ និង​លោក​ Abe​ នៅ​ទី​ក្រុង​តូក្យូ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​វិមាន Akasaka កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ក្រុង​តូក្យូ។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​វិមាន Akasaka កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ក្រុង​តូក្យូ។

បញ្ហា​កូរ៉េ​ខាង​ជើង​បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចពិភាក្សា​រយៈពេល​២ថ្ងៃ​​រវាង នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe​ និង​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់​ ត្រាំ។ លោក​ Abe​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថា​ ជម្រើស​ទាំង​អស់​គឺ​មាន​រួច​ជា​ស្រេច​ ក្នុង​ការ​ឆ្លើយ​តប​នឹង​ដំណើការ​ផលិត​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ ខណៈដែល​លោក​ត្រាំបាន​អះអាង​ជាថ្មី​ម្តង​ទៀត​ថា​ រដ្ឋាភិបាល​អាមេរិក​នឹង​សាមគ្គី​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ទាំងអស់​នៅ​ក្នុង​តំបន់​ ជា​ពិ​សេស​ជាមួយ​នឹង​ប្រទេស​ជប៉ុន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​កំពុង​ឈរ​នៅ​ក្បែរ​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​នៅ​វិមាន​ Akasaka​ ក្នុង​ប្រទេស​ជប៉ុនមាន​ប្រសាសន៍ថា​ «គ្មាន​អ្វី​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​ដើម្បី​គ្រាន់តែ​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​ទេ»​ ហើយ​ពេល​វេលា​ដែល​ត្រូវ​ដាក់​សម្ពាធ​ឲ្យ​ដល់​ចំណុច​អតិបរមា​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​មក​ដល់​ហើយ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe​ ថ្លែង​ក្នុង​ភាសា​ជប៉ុន​ថា៖​ «ដោយ​សហការ​ជា​មួយ​នឹង​ប្រធានា​ធិបតី​លោក​ ត្រាំ​ យើង​អះអាង​ថា​យើង​ឈរ​នៅក្នុង​គោលជំហរ​ដូចគ្នា​១០០​ភាគរយ​ចំពោះ​បញ្ហា​ស្ថានភាព​ប្រទេស​កូរ៉េ​ខាង​ជើង។ ជប៉ុន​ និង​ សហរដ្ឋ អាមេរិក​នឹង​សហការ​រួម​គ្នា​ដើម្បី​ទាក់ទងទៅប្រទេសដែល​ពាក់​ព័ន្ធ​ ដូច​ជា​ប្រទេស​ចិន​ និង​ រុស្ស៊ី​ ដើម្បី​បង្កើន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង»។

លោក​ត្រាំ​បាន​ចាត់​ទុក​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​ការ​បាញ់​កាំជ្រួចផ្លោង​របស់​កូរ៉េ​ខាង​ជើង​ទៅ​លើ​ទឹក​ដី​ប្រទេស​ជប៉ុន​ជា​ការគំរាម​កំហែង​ទៅលើ​សន្តិភាព​ និង​ ស្ថរិភាព​អន្តរជាតិ។

​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់​ ត្រាំ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​គាំទ្រ​ទង្វើ​បែប​នេះ​ជា​ដាច់​ខាត។ សម័យ​ដែល​ប្រើ​យុទ្ធសាស្ត្រ​ដោយ​អំណត់​បាន​បញ្ចប់​ហើយ។​ មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា​ វោហាសាស្ត្រ​ខ្ញុំ​គឺ​ធ្ងន់ធ្ងរ​ណាស់​ ក៏ប៉ុន្តែ​ សូម​ងាក​មើល​លើ​អ្វី​ដែល​បាន​កើត​ឡើង​ដោយសារ​តែ​វោហាសាស្ត្រ​ដែល​ទន់​ខ្សោយ​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លង​ទៅនេះ»។

សម្រាប់​ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​វិញ ប្រធានា​ធិបតី​សហរដ្ឋអាមេរិកបាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​លោក​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ដល់​ភាព​តានតឹង​នេះ។

ប្រធានា​ធិបតី​លោក​ ដូណាល់​ ត្រាំ​បាន​បន្ត​មាន​ប្រសាសន៍​ថា៖ «ពួកគេ​នៅ​ក្រោម​របប​គាបសង្កត់​ណាស់​ ហើយ​ខ្ញុំ​ពិត​ជា​គិត​ថា​ នៅ​ចុង​បញ្ចប់​ ខ្ញុំអាច​ប្រាប់​អ្នក​បាន​ថា​ ខ្ញុំ​សង្ឃឹម​ថា​អ្វីៗ​នឹង​អាច​ដោះស្រាយ។​ វា​នឹង​ប្រសើរ​ឡើង​សម្រាប់​អ្នក​ទាំង​អស់​គ្នា»។

លោក​ ត្រាំ​ ក៏បាន​គូស​បង្ហាញ​ពីកង​ទ័ព​សហរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​ដែល​ឈរជើង​នៅ​ប្រទេស​ជប៉ុន​ ហើយ​បាន​ថ្លែង​ថា​ លោក​រំពឹង​ទុក​ថា ​រដ្ឋាភិបាល​លោក​ Abe​ នឹង​ទិញ​សភាវុធ​ក្នុង​ចំនួន​ច្រើន​ពី​អាមេរិក​ ដែល​អាច​ជួយ​ដល់​ការ​ការពារ​ប្រឆាំង​នឹង​មីស៊ីល​ពី​កូរ៉េ​ខាងជើង៕​

ប្រែសម្រួលដោយ លឹម ហ្គេចហៀង

XS
SM
MD
LG