ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​សន្យា​ជាថ្មី​ថា នឹង​យក​ជនជាតិ​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ទាហាន​អាមេរិក កាន់​បដា​ដែល​មាន​សំណេរ​ថា «ច្រកទ្វារ​បិទ» ខណៈ​មនុស្ស​រាប់រយ​នាក់​ប្រមូលផ្តុំគ្នា​នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​ទីក្រុង​កាប៊ុល នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន​អាមេរិក កាន់​បដា​ដែល​មាន​សំណេរ​ថា «ច្រកទ្វារ​បិទ» ខណៈ​មនុស្ស​រាប់រយ​នាក់​ប្រមូលផ្តុំគ្នា​នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​ទីក្រុង​កាប៊ុល នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

មន្រ្តី​សេតវិមាន​កំពូល​ម្នាក់​ បាន​សន្យា​កាលពី​ថ្ងៃ​អាទិត្យ​ថា សហ​រដ្ឋ​អាមេរិក​នឹង​រក​វិធីធ្វើឱ្យ​ជន​ជាតិ​អាមេរិក​ដែលនៅ​សេស​សល់​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រសិនបើ​ពួកគេ​ចង់​ចាក​ចេញ​ ប៉ុន្តែ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ដ៏​សំខាន់​ម្នាក់​ក្នុង​គណៈ​កម្មាធិការ​កិច្ចការ​បរទេស បាន​និយាយ​ថា ​ក្រុម​បះបោរ​តាលីបង់​កំពុង​រារាំង​ការ​ធ្វើ​ដំណើរ​យ៉ាងងាយ​ស្រួល​ចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។

ប្រធាន​បុគ្គលិក​សេតវិមាន​លោក​ Ron Klain ​បាន​ប្រាប់​ទូរទស្សន៍ ​CNN ​ក្នុង​កម្មវិធី​ស្ថាន​ភាព​សហព័ន្ធ​ថា​ ក្រុម​មន្រ្តី​អាមេរិក​ជឿជាក់​ថា​ ជនជាតិ​អាមេរិក​ប្រហែល​១០០​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ជិតមួយ​សប្តាហ៍​ចាប់តាំង​ពី​យោធា​អាមេរិក​បាន​ដក​កងទ័ព​ចុង​ក្រោយ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​នេះ​ បន្ទាប់ពី​សង្គ្រាម​ជិត​២​ទសវត្សរ៍​ប្រឆាំង​ភេរវករ al-Qaida​ និង​តាលីបង់។​

លោក​ Klain​ បាន​និយាយ​ថា «យើង​នឹង​រក​វិធី​យក​ពួកគេ​ចេញ បើ​ពួកគេ​ចង់​ចាក​ចេញ»​ ទំនង​ជា​តាម​រយៈ​ការ​បន្ត​ជើង​យន្តហោះ​ទៅកាន់​ប្រទេស​កាតា។ ​លើសពីនេះ​ លោក​បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក ​នឹង​បន្ត​ព្យាយាម​ជួយ​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​ជួយ​កងទ័ព​អាមេរិក​ជាច្រើន​ឆ្នាំ​ ដើម្បី​ចេញពី​ប្រទេស ​និង​ចេញ​ពី​ជីវិត​ក្រោមការ​គ្រប់គ្រង​របស់​តាលីបង់។​

ប៉ុន្តែ​លោក ​Michael McCaul​ សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​លេច​ធ្លោ​ក្នុង​គណៈ​កម្មាធិការ​កិច្ចការ​បរទេស ​បានប្រាប់​កម្មវិធី​ Fox News Sunday​ ថា​ ផ្អែក​លើ​ព័ត៌មាន​សង្ខេប​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ លោក​ជឿជាក់​ថា ​«ជនជាតិ​អាមេរិក​រាប់រយ​នាក់»​ ត្រូវ​បាន​ទុកចោល​នៅពេល​យន្តហោះ​យោធា​អាមេរិក​ចុង​ក្រោយ​ចាកចេញ​ពី​ក្រុង​កាប៊ុល​ កាលពី​ថ្ងៃចន្ទ​សប្តាហ៍មុន។ លោក​បាន​និយាយ​ថា​ មិនមាន​ពលរដ្ឋ​អាមេរិក​ណាម្នាក់​ ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ទេ​ ចាប់តាំង​ពីពេល​នោះ​មក។ ​លោក ​McCaul ​បាន​និយាយ​ថា​ «តាលីបង់​បាន​បញ្ជាដោយ​មិនឱ្យ​យន្តហោះ​ចាក​ចេញ​ឡើយ»។​

មន្រ្តីនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា យ៉ាង​ហោចណាស់​យន្តហោះ​៤​គ្រឿង​នៅ​អាកាស​យានដ្ឋាន​ Mazar-e-Sharif ​ដែល​ត្រូវ​បាន​ជួល​ដើម្បី​ជម្លៀស​មនុស្ស​រាប់​រយនាក់​នោះ​ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចាកចេញ។​ មន្រ្តី​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​និយាយ​ថា​ អ្នក​ដំណើរ​ទាំង​នោះ ​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែលភាគច្រើន​មិន​មាន​លិខិត​ឆ្លងដែន​ ឬ​ទិដ្ឋាការ​ រីឯ​លោក ​McCaul ​បាន​និយាយ​ថា​ ក្រុម​នេះ​រួមមាន​ជនជាតិ​អាមេរិក​ ហើយ​យន្តហោះ​៦​គ្រឿង​ បាន​ជាប់​នៅទីនោះ។​

លោក​បាន​និយាយ​ថា ​ពួក​តាលីបង់​«ចង់​បាន​អ្វីមួយ​ជាថ្នូរ»​ គឺ​ការ​ទទួល​ស្គាល់​ពេញលេញ​របស់​អាមេរិក​ចំពោះ​ការ​គ្រប់គ្រង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​របស់ពួកគេ៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

XS
SM
MD
LG