មន្ត្រីសេតវិមានបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែសីហាថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសអាហ្វហ្គានីស្ថានបានចូលដល់ដំណាក់កាលថ្មីដ៏ស្រពិចស្រពិលមួយ បន្ទាប់ពីក្រុមតាលីបង់ (Taliban) បានឡើងកាន់អំណាចនៅទីនោះ។
ការបញ្ជាក់នេះបានធ្វើឡើង ស្របពេលដែលមន្ត្រីសហរដ្ឋអាមេរិកបន្តធ្វើការដើម្បីជម្លៀសពលរដ្ឋអាមេរិកាំងប្រហែល ១០០ នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីតាលីបង់បានបង្ហាញថា រដ្ឋាភិបាលថ្មីថ្មោងរបស់ពួកគេបានពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសចិននិងប្រទេសផ្សេងៗទៀត។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកលែងគ្រប់គ្រងដែនអាកាសប្រទេសអាហ្វហ្គានីស្ថានហើយ។ អ្នកស្រីបានបញ្ជាក់ថា កន្លងមក មនុស្សចំនួន ៣១.១០៧ នាក់ ត្រូវបាននាំមកមកកាន់សហរដ្ឋអាមេរិក ក្នុងចំណោមមនុស្សជាង ១២០.០០០ នាក់ ដែលត្រូវបានជម្លៀសពីអាហ្វហ្គានីស្ថាន។ មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅការជម្លៀសនេះថាជាការជម្លៀសតាមផ្លូវអាកាសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ជាងនេះទៀត កាលពីថ្ងៃទី ២ ខែសីហានោះផងដែរ អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានបញ្ជាក់តាម Twitter ថា មន្ត្រីកំពូលមួយរូបនៃក្រុមតាលីបង់បាននិយាយជាមួយមន្ត្រីកំពូលមួយរូបរបស់ប្រទេសចិន។
លោក Shaheen បញ្ជាក់ដូច្នេះថា៖ «អនុរដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ប្រទេសចិននឹងរក្សាវត្តមានស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន និងបានបន្ថែមថា ទំនាក់ទំនងរវាងចិននិងអាហ្វហ្គានីស្ថាននឹងកើនឡើងបើប្រៀបទៅនឹងអតីតកាល»។
គេមិនទាន់ឃើញមានការបញ្ជាក់ភ្លាមៗណាមួយអំពីរឿងនេះនៅឡើយទេពីរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីតាលីបង់ផ្សេងទៀតបានបញ្ជាក់តាម Twitter ថា ពួកគេបានមានជំនួបខាងការទូតជាមួយនឹងចក្រភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់។ ប្រទេសកាតា និងតួកគីក៏ជួយរដ្ឋាភិបាលថ្មីនៃប្រទេសអាហ្វហ្គានីស្ថាននេះផងដែរនៅក្នុងការរៀបចំអាកាសយានដ្ឋានចម្បងនៅក្នុងទីក្រុងកាប៊ុល។
អ្នកស្រី Psaki បាននិយាយថា សម្រាប់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងរង់ចាំមើលនិងថ្លឹងថ្លែងអំពីការធ្វើទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលថ្មីនៃប្រទេសអាហ្វហ្គានីស្ថានដែលដឹកនាំដោយក្រុមតាលីបង់។ អ្នកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅរក្សាឥទ្ធិពលមានប្រៀបនៃផ្នែកមិនមែនយោធាលើរដ្ឋាភិបាលក្រុមតាលីបង់ តាមរយៈការផ្ដល់លទ្ធភាពចូលទៅកាន់ទីផ្សារសាកលលោកនិងជំនួយហិរញ្ញវត្ថុ។
អ្នកស្រីថ្លែងដូច្នេះថា៖ «គ្មាននរណាម្នាក់នៅក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក មិនថាលោកប្រធានាធិបតី លោករដ្ឋមន្ត្រីការពារជាតិ ឬមន្ត្រីនៃសហគមន៍ស៊ើបការណ៍សម្ងាត់នោះទេដែលនិយាយថា ក្រុមតាលីបង់ជាតួអង្គល្អ។ យើងមិនបាននិយាយដូច្នេះនោះឡើយ។ នេះគឺជាមូលហេតុមួយដែលយើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនប្រញាប់ប្រញាល់ទទួលស្គាល់ [រដ្ឋាភិបាលក្រុងតាលីបង់]។ យើងនឹងរង់ចាំមើលសិន»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា អង្គទូតសហរដ្ឋអាមេរិកនឹងថ្លឹងថ្លែងដោយប្រយ័ត្នប្រយែងនៅក្នុងការផ្ដល់ជំនួយដល់រដ្ឋាភិបាលក្រុមតាលីបង់។
លោកថ្លែងដូច្នេះថា៖ «មានការពិនិត្យសើរើឡើងវិញអំពីជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងគោលជំហរមួយដែលថា អាហ្វហ្គានីស្ថានមិនទាន់មានរដ្ឋាភិបាលថ្មីបង្កើតឡើងនៅឡើយ»។
ពិសេសជាងនេះទៅទៀត លោក Price បានលើកឡើងថា សហរដ្ឋអាមេរិកនឹងផ្ដល់អាទិភាពលើ «ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព ការគោរពសិទ្ធិប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ដែលក្នុងនោះមានទាំងស្ត្រី កុមារី និងជាតិសាសន៍ភាគតិចផងដែរ រដ្ឋាភិបាលមួយដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ រដ្ឋាភិបាលមួយដែលគោរពតាមការប្ដេជ្ញារបស់ខ្លួននៅក្នុងការប្រឆាំងភេរវកម្ម រដ្ឋាភិបាលមួយដែលគោរពបទដ្ឋានអន្តរជាតិជាសាកល»។
នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រុមតាលីបង់ក៏ប្រឈមនឹងបញ្ហាពីក្នុងប្រទេសអាហ្វហ្គានីស្ថានផ្ទាល់ផងដែរ ជាពិសេសពីក្រុមរណសិរ្សតស៊ូជាតិ (National Resistance Front) ដែលជាចលនាឧទ្ទាមរៀបចំជាថ្មី ដែលដឹកនាំដោយកូនប្រុសរបស់លោក Ahmad Shah Massoud ដែលជាមេបញ្ជាការល្បីឈ្មោះនៃក្រុមឧទ្ទាមឥស្លាមបែប «មូចាហ៊ីឌីន (mujahedeen)»។
កូនប្រុសរបស់លោក Massoud ដែលបានសិក្សានៅចក្រភពអង់គ្លេស បានវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ហើយនៅក្នុងអត្ថបទបញ្ចេញមតិមួយនៅក្នុងកាសែត Washington Post លោកបានប្ដេជ្ញាថានឹងប្រយុទ្ធដើម្បី «សង្គមបើកចំហមួយ ដែលកុមារីអាចក្លាយជាវេជ្ជបណ្ឌិត សារព័ត៌មានអាចរាយការណ៍ដោយសេរី យុវជនវ័យក្មេងអាចរាំច្រៀងនិងស្ដាប់តន្ត្រីឬក៏ចូលរួមការប្រកួតកីឡាបាល់ទាត់នៅតាមពហុកីឡដ្ឋានបាន ដែលជាកន្លែងដែលក្រុមតាលីបង់ធ្លាប់យកធ្វើជាកន្លែងប្រហារជីវិត ហើយដែលប្រហែលជាក្រុមនេះនឹងធ្វើដូច្នេះទៀតនៅពេលឆាប់ៗខាងមុខនេះ»។
ក្រុមមន្ត្រីយោធាអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកអាចនៅតែប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់បាន ទោះបីជា «បេសកកម្មយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានបញ្ចប់ហើយក៏ដោយ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby។
លោក Kirby ថ្លែងដូច្នេះថា៖ «អ្វីដែលយើងនឹងធ្វើគឺការបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅពេលអនាគតប្រសិនបើចាំបាច់ សម្រាប់ការគំរាមកំហែងណាមួយចំពោះផលប្រយោជន៍និងមាតុភូមិរបស់យើង។ នេះគឺជារឿងផ្សេងខុសពីការលើកឡើងដែលថា សហរដ្ឋអាមេរិកមានបេសកកកម្មយោធាមិនចេះចប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP។