ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រំឭក​អំពី​ការ​បន្សល់​ទុក​សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថាន​«ដ៏ច្រើន»​


ពលរដ្ឋ​អាហ្វហ្គានីស្ថាន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ធនាគារ​មួយ​កន្លែង​​នៅ​ក្រុង​កាប៊ុល ដើម្បី​ដក​ប្រាក់​​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោយ​ពី​ក្រុម​តាលីបង់​​ឡើង​កាន់កាប់​អំណាច។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​កំពុង​បកស្រាយ​ខុស​គ្នា​អំពី​ថ្ងៃ​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ការ​ជម្លៀស​ដ៏​ប្រញាប់ប្រញាល់​នៃ​ជន​ស៊ីវិល​ជាង​១២៤.០០០​នាក់​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ ថា​ជា​«ជោគជ័យ​ដ៏​អស្ចារ្យ​មួយ»។​

នៅស្រប​ពេលពណ៌នា​ថា​ការ​ដឹកជញ្ជូន​តាម​យន្តហោះ​ចំនួន​១៨​ថ្ងៃជា​កិច្ចការ​«វីរភាព»​និង​ធំ​បង្អស់ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​នោះក្រុម​មន្ត្រី​ទាំង​នោះ​ក៏​បាន​ពិភាក្សា​ពី​ការ​ឈឺ​ចាប់​កំហឹង​និង​ការ​សោកស្តាយ​ដែល​ពួកគេបន្សល់​ទុក​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជាច្រើន រួម​មាន​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​មក​សហរដ្ឋ​អាមរិក​ផង​ដែរ។​

នៅ​ពេលគេ​សួរ​ថា​តើ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​(SIV)​ប៉ុន្មាន​នាក់មិន​បាន​ចាកចេញ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេសម្នាក់​ដែលទាក់ទិន​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ជម្លៀស​នោះ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​«ខ្ញុំថា​ពួកគេ​ភាគ​ច្រើន»។​

មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ក៏​បាន​សម្តែងការ​រកាំ​ចិត្តដែរ​ថ្វី​បើ​បាន​ទទួល​ការ​សរសើរ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Lloyd Austin ​ចំពោះ​ភាព​ក្លាហាន​របស់​កងទ័ព​ក្នុង​ការ​ជម្លៀស​នេះ​ក៏​ដោយ។​

នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ជា​លើក​ដំបូង​របស់​លោក​ចាប់តាំង​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បញ្ចប់​ជា​ផ្លូវ​ការ​លោក ​Austin​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា​«មិន​ដែល​មាន​កិច្ច​ប្រតិបត្តិការ​ណា​ល្អ​ឥតខ្ចោះ​នោះ​ទេ»។​

មន្ទីរ​បញ្ចកោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​នៅពេល​ដែល​យន្តហោះ​សហរដ្ឋ​អាមេរិក​ចុង​ក្រោយចាកចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្តបាន​ជម្លៀស​ជន​ស៊ីវិល​ទាំង​អស់​ចំនួន​១២៤.៣៣៤​នាក់ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​រួមមាន​ពលរដ្ឋ​អាមេរិកាំង​៦.០០០​នាក់​ផង។​

បើ​តាម​មន្ត្រី​ទាំង​នោះ​អ្នក​ជម្លៀស​ប្រហែល​៤៣.០០០​នាក់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ចំនួន​១៤​នៅ​ក្នុង​ប្រទេស​ចំនួន៩​ដោយ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចំនួន​២០.០០០​នាក់​ទៀត​បាន​ស្ថិត​នៅ​មូលដ្ឋាន​យោធា​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

ក្រុម​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថាចំនួន​សរុប​នៃ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​មាន​ហានិភ័យ​ដែល​បាន​ចាកចេញ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

XS
SM
MD
LG