ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពេល​​ពួកតាលីបង់​វាយ​ប្រហារ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​អ្នក​ទទួល​បរាជ័យ


រូបឯកសារ៖ ជន​សកម្ម​ប្រយុទ្ធ​តាលីបង់​ អង្គុយលើ​ម៉ូតូ​ ដោយ​មាន​ដាក់​ទង់​តាលីបង់ ​នៅ​លើ​ដង​ផ្លូវ​មួយ​នៃ​ក្រុង​ Kunduz កាល​ពី​កន្លង​ទៅ។
រូបឯកសារ៖ ជន​សកម្ម​ប្រយុទ្ធ​តាលីបង់​ អង្គុយលើ​ម៉ូតូ​ ដោយ​មាន​ដាក់​ទង់​តាលីបង់ ​នៅ​លើ​ដង​ផ្លូវ​មួយ​នៃ​ក្រុង​ Kunduz កាល​ពី​កន្លង​ទៅ។

នេះជា​លើក​ទីពីរ​ហើយ​ដែល នាង Zarghooda Hasan ​បាន​បាត់​បង់​អ្វី​គ្រប់​យ៉ាង​ពី​ស្ថានីយ​វិទ្យុ​ទាំង​ពីរ​របស់​នាង​ គឺ​ស្ថានីយ​វិទ្យុ​ Kaihan ​សម្រាប់​យុវជន​និង ​Shaista សម្រាប់​ស្ត្រី។

កាល​ពី​ឆ្នាំ​ ២០១៥ វា​ជា​លើក​ទី​មួយ​ដែល​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់​បាន​ចូល​កាន់​កាប់ទីក្រុង Kunduz ​ដែល​ជា​ទីក្រុង​នៃ​ខេត្ត ​Kunduz ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។ ពួក​តាលីបង់​ បាន​លួច​យក​ឧបករណ៍​ម៉ាក​ថ្មីៗ​របស់​នាង​ជា​ច្រើន ដែល​មាន​តម្លៃ​ ១០០.០០០ (ដប់ម៉ឺន)​ដុល្លារ ពី​ការវិនិយោគ​ផ្ទាល់​ខ្លួន និង​ជា​ជំនួយ​ឥត​សំណង។

នាង​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​វិទ្យុ​ម្តង​ទៀត ដោយ​ខ្ចី​ឧបករណ៍​ពីស្ថានីយ​ដទៃ និង​ទទួល​បាន​ជំនួយ​ឥត​សំណង​ ១០.០០០ (មួយ​ម៉ឺន)​ដុល្លារ​ ពីកម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ។ បច្ចុប្បន្ន​ អ្វីៗ​ទាំង​អស់បាន​បាត់​បង់​ម្តង​ទៀត។

នាង ​Hasan ​មិន​បាន​ដឹង​ថា​តើពួក​តាលីបង់ ​ឬ​ក្រុម​ឧក្រិដ្ឋជន​ណា​ទេ ដែល​ទាញ​យក​ផល​ប្រយោជន៍​ពីភាព​វឹកវរ​ក្នុង​ប្រទេស​ មក​ចូលលួច​យក​ឧបករណ៍​របស់​នាង​កាល​ពី​ខែ​មុន​នេះ។ តែ​អ្វី​ដែល​នាង​ដឹង​គឺ​ថា​ គ្មាន​អ្វីត្រូវ​បាន​បន្សល់​ទុក​ទេ ក្រៅ​ពី​ម៉ាស៊ីន​ភ្លើង និង​គ្រឿង​សង្ហារឹម​បន្តិ​ចបន្តួច។

មុន​ពេល​មាន​ការ​វាយប្រហារ​របស់​ពួកតាលី​បង់​ដែល​មាន​រយៈ​ពេល​ជិត​១០​ថ្ងៃ​ទៅ​លើ​ទីក្រុង Kunduz កាល​ពី​ដើម​ខែ​តុលា ទីក្រុង​មួយ​នេះ​បាន​ពង្រីក​ស្ថានីយ​វិទ្យុ​បាន​ចំនួន​ ១៣ កន្លែង និង​ស្ថានីយ​ទូរទស្សន៍ ៤​ កន្លែង។ ស្ថានីយ​ទាំង​នោះ​ភាគ​ច្រើន ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ការ​វាយ​ប្រហារ និង​ការ​ចូល​លួច​យក​សម្ភារៈ​ជា​បន្ត​បន្ទាប់។ បុគ្គលិក​ជា​ច្រើន​បាន​រត់​គេច​ខ្លួន​ពីទីក្រុង ដោយមិន​ដឹង​ថា​តើ​ពួក​គេ​នឹង​មាន​កន្លែង​ធ្វើការ​ ឬ​យ៉ាង​ណា​ទេ​នៅ​ពេល​ដែល​ពួក​គេត្រឡប់​មក​វិញ។

បុគ្គលិក​ទាំ​ងនោះ​ក៏​មាន​លោក ​Mosaa Forotan ​ដែល​ជា​អ្នក​បញ្ជា​កាមេរ៉ា និង​អ្នក​កាត់​ត​វីដេអូ​នៅ​ស្ថានីយ​ទូរទស្សន៍​ Roshan ​ផង​ដែរ។ នៅពេល​ដែល​ពួកតាលីបង់​បាន​ចូល​ដល់​ទីក្រុង គាត់​កំពុង​នៅ​កន្លែង​ធ្វើ​ការ។ នៅ​ពេល​ដែល​ស្នូរ​កាំភ្លើង និង​គ្រាប់​រ៉ូកែត ​បាន​ខិត​មក​ជិត​ស្ថានីយទូរទស្សន៍​របស់​លោក លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ដោយយក​ឧបករណ៍​បញ្ជូន​សម្លេង​ (trnasmiter)​ទៅ​ជាមួយ​ផង។ នោះ​គឺ​ជាឧបករណ៍​តែ​មួយ​គត់​ដែល​មិន​ត្រូវ​បាន​បំផ្លាញ។

លោក Shahbaz Sabir ​អ្នក​សម្រប​សម្រួល​ថ្នាក់​ខេត្ត​នៃ​គណៈ​កម្មាធិការ​សុវត្ថិភាព​អ្នកកាសែត​អាហ្វហ្គានីស្ថាន បាន​ឮ​សំឡេង​កាំភ្លើង​ស្ទើរ​ពេញ​មួយ​យប់​កាល​ពី​ថ្ងៃ​ទី​០៣ ខែតុលា។ ជា​ជាងគិត​រក​ផ្លូវ​ដើម្បី​រត់​គេច លោក​បាន​ចាប់​ផ្តើម​រៀប​ចំផែន​ការរក​ទី​តាំង​ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក​កាសែត។ នៅ​ពេល​ថ្ងៃ​រះ​ឡើង​ទើប​គេ​ដឹង​ថា​ ពួក​តាលីបង់​បាន​វាយ​ប្រហារ​ទីក្រុង​ពី​គ្រប់​ច្រក​ល្ហក​។ លោកក៏​បាន​បោះ​ជំរំ​នៅ​តំបន់ Sar-e-Daura ក្បែរ​ទីក្រុង ហើយ​អ្នកកាសែត​ប្រហែល​៦០រូប​ បាន​ចូល​រួម​ជាមួយ​គាត់​នៅ​ទីនោះ។

រឿង​ដំបូង​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ គឺ​រក​វិធី​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ និង​មិត្ត​រួម​ការងារ​ថា ពួក​គេ​មាន​សុវត្ថិភាព​ទេ។ ដូច្នេះ​ គាត់​បាន​រៀប​ចំ​ផ្តល់​កាត​ទូរស័ព្ទ​ដៃ​យ៉ាង​ច្រើន​សម្រាប់​អ្នក​កាសែត​ទាំង​នោះ។ បញ្ហា​ប្រឈម​បន្ទាប់​ទៀត​ គឺ​ការផ្តល់​កន្លែង​ស្នាក់​អាស្រ័យដែល​មាន​សុវត្ថិភាព និង​ម្ហូប​អាហារ​សម្រាប់​មិត្ត​រួម​ការងារ​របស់​គាត់។

នៅ​ពេល​រាត្រី​កាល​ចូល​មក​ដល់​ នាយកដ្ឋាន​ជាតិ​ផ្នែក​សន្តិសុខ ដែល​ជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន បាន​មក​រំដោះ​ពួកគាត់​ និង​ផ្តល់​ជម្រក​សម្រាប់​អ្នក​កាសែតនៅ​ប៉ុស្តិ៍​យាម​របស់​ពួក​គេ។

កាល​ពីឆ្នាំ​មុន​ ពួក​តាលីបង់​ បាន​លុក​លុយ​ពីផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ដើម្បី​ស្វែង​រក​បុគ្គលិក​រដ្ឋាភិបាល និង​សមាជិក​សង្គម​ស៊ីវិល។ គ្មាន​នរណាដឹង​ថា​ តើ​ពួក​តាលីបង់​នឹង​ធ្វើអ្វី​ទេ​ ប្រសិន​បើ​ពួក​គេ​បាន​ជួប​អ្នក​កាសែត​នោះ ដោយ​សារ​តែ​ពួក​គេ​មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទេ។ កាល​ពី​មុន​ អ្នក​កាសែត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អាយ៉ង​នៃ​ជន​ឥត​សាសនា។

ជា​ច្រើន​សប្តាហ៍បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ ទីក្រុង​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ ប៉ុន្តែ​ស្រុក​ជា​ច្រើន​នៅ​ជុំវិញ​នោះ​នៅ​តែមានវត្តមាន​ពួក​តាលីបង់​នៅ​ឡើយ។ ​នាង Hasan ​បាន​ចាប់​ផ្ដើម​ដំណើរការ​ស្ថានីយ​វិទ្យុ​របស់​នាង​ឡើង​វិញ​ដោយ​មានតែ​ឧបករណ៍​បញ្ជូន​សំឡេង​មួយប៉ុណ្ណោះ ដែល​នាង​បាន​លាក់​ទុក​នៅ​ឯផ្ទះ និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​នាង​បាន​ខ្ចី​ពី​អ្នក​ដទៃ។

ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ផ្សេង​ទៀត​ក៏​បាន​ចាប់​ផ្តើម​ដំណើរ​ការឡើង​វិញដោយ​វិធី​សាស្ត្រ​ដូច​គ្នា​ដែរ ប៉ុន្តែ​ភាព​ភ័យ​ខ្លាច​ពី​ការ​វាយ​ប្រហារ​ដោយ​ពួក​តាលីបង់​នៅ​តែ​បន្ត៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង



វីដេអូថ្មីៗបំផុត

XS
SM
MD
LG