ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​របស់​អាមេរិក​បាន​សម្លាប់​ចំណាប់​ខ្មាំង​អាហ្វហ្គានីស្ថាន​ដោយ​ចៃដន្យ


រូបឯកសារ៖ មន្ទីរ​ពេទ្យ​របស់​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ខេត្ត Kunduz ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី ឆ្នាំ២០១៥។

ពួក​មន្ត្រីអាហ្វហ្គានីស្ថាន​ក្នុង​មូលដ្ឋាន​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ស.រ.អា.​បាន​សម្លាប់​ដោយ​ចៃដន្យ​ចំណាប់​ខ្មាំង​អាហ្វហ្គានីស្ថាន​ ៧​នាក់​នៅ​កន្លែង​លាក់​ខ្លួន​មួយ​របស់ពួក​តាលីបាន​ នៅ​ក្នុង​ខេត្ត ​Kunduz​ នា​ប៉ែក​ខាង​ជើង​ប្រទេស។​

ពួក​មន្ត្រី​ទាំង​នេះ​បាននិយាយ​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​អាហ្វហ្គានីស្ថាន​ថា​យុទ្ធជន​តាលីបាន​មួយ​ចំនួន​ក៏​បាន​ត្រូវ​សម្លាប់​ដែរ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​យប់​ថ្ងៃអាទិត្យ​នោះ។​ ពួក​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​បាន​និយាយ​ប្រាប់​វីអូអេ​បញ្ជាក់​ថា​ ប្រាកដ​ជា​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​មែន។

សាកសព​នៃ​ពួក​ចំណាប់​ខ្មាំង​ទាំង​នេះ​ដែល​បាន​ត្រូវ​សម្លាប់​ដែល​គេ​មាន​ជំនឿថា​ជា​អតីត​ទាហាន​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ក្រុង ​kunduz ​កាល​ពី​ថ្ងៃ​ចន្ទ។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ពួក​មន្ត្រី​ស.រ.អា.​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​ស្តី​ពីការ​ស្លាប់​នៃ​ពួក​ជន​ស៊ីវិល ក៏​ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ល្អិត​ល្អន់​ថែម​ទៀត​ទេ។​

លោក​ឧត្តមសេនីយ៍ត្រី​ Charles Cleveland ​នាយ​អគ្គសេនាធិការ​រង​ខាង​គមនាគមន៍​នៃ​បេសកកម្ម​ដឹកនាំ​ដោយ​អង្គការ​អូតង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា៖ «យើង​កំពុង​ធ្វើការ​ជាមួយសមភាគី​អាហ្វហ្គានីស្ថាន​របស់​យើង​ដើម្បី​ពិនិត្យ​មើល​អំពី​បញ្ហា​នេះ»។

កាល​ពី​ពេល​មុន​នេះ​ ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថនា​ បាន​និយាយ​ថា​មេបញ្ជាការ​តាលីបាន​សំខាន់​ម្នាក់​បាន​ស្លាប់​ជាមួយ​យុទ្ធជន​៦​នាក់​របស់​គាត់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ ​ក៏​ប៉ុន្តែ​មិន​បាន​និយាយ​យោង​ដល់​ការ​ស្លាប់​នៃ​ពួក​ជន​ស៊ីវិល​នៅ​ក្នុងការ​វាយប្រហារ​នោះ​ទេ៕

XS
SM
MD
LG