កងយោធាស.រ.អា.បាននិយាយថាការប៉ះទង្គិចដ៏ប្រល័យក្នុងសប្តាហ៍នេះជាមួយពួកបះបោរតាលីបង់នៅភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន អាចនឹងធ្វើឱ្យជនស៊ីវិលមានគ្រោះថ្នាក់។
បើតាមអាជ្ញាធរខេត្តដែលបាននិយាយកាលពីថ្ងៃសៅរ៍ថាការវាយប្រហារតាមអាកាសរួមគ្នាប្រឆាំងនឹងពួកបះបោរមុនពេលថ្ងៃរះកាលពីថ្ងៃព្រហស្បតិ៍នៅជិតក្រុង Kunduz នាប៉ែកខាងជើងប្រទេសបានបណ្តាលឱ្យជនស៊ីវិលយ៉ាងតិចណាស់៣៣នាក់ស្លាប់ ដោយពាក់កណ្តាលជាកុមារ។
ទាហានស.រ.អា.ពីរនាក់និងទាហាននៃកងកុម្មង់ដូរអាហ្វហ្គានីស្ថាន មួយចំនួនបានស្លាប់នៅមុនមានការហៅឱ្យមានការវាយប្រហារតាមអាកាស ក៏ប៉ុន្តែរហូតមកដល់ពេលនេះក្រុមយោធាស.រ.អា.មិនបាននិយាយទេអំពីការខូចខាតអ្វីខ្លះ។
នៅពេលលោកថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងកាប៊ុលលោកឧត្តមសេនីយ៍ត្រី Charles Cleveland អ្នកនាំពាក្យនៃក្រុមយោធាស.រ.អា.បាននិយាយថា «ការស៊ើបអង្កេតដំបូងមួយបានរកឃើញថាកិច្ចខិតខំប្រឹងប្រែងនៅជិតក្រុង kunduz កាលពីថ្ងៃទី៣ ខែវិច្ឆិកាដើម្បីការពារកងកម្លាំងការពារជាតិនិងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានបណ្តាលឱ្យមានជនស៊ីវិលស្លាប់និងរងរបួស»។
លោក Cleveland បានគាំទ្រការនិយាយអះអាងដោយមន្ត្រីអាហ្វហ្គានីស្ថាន ដែលថាកងកម្លាំងស.រ.អា.បានផ្តល់ការណែនាំដល់ដៃគូក្នុងមូលដ្ឋានរបស់ពួកគេឱ្យធ្វើកិច្ចប្រតិបត្តិការនៅក្នុងភូមិ Boz ដើម្បីរារាំងដល់ពួកតាលីបង់ដែលបានគ្រោងធ្វើការវាយប្រហារថែមទៀតលើក្រុង Kunduz។ លោកបានថ្លែងថាកិច្ចប្រតិបត្តិការនេះបានកម្ចាត់មេបញ្ជាការជាន់ខ្ពស់តាលីបង់មួយចំនួន។
លោក Cleveland បានសន្យាថាកងយោធាស.រ.អា. ជាមួយជំនួយរបស់ពួកមន្ត្រី អាហ្វហ្គានីស្ថាននឹងធ្វើការស៊ើបអង្កេតថែមទៀតហើយរកឱ្យឃើញអំពីការពិតជាក់ស្តែងទាក់ទិននឹងព្រឹត្តិការណ៍នេះ៕