ស្បៀងអាហារសម្រាប់ប្រជាជនយេម៉ែនដែលកំពុងអត់ឃ្លានត្រូវបានលួចបន្លំនៅក្នុងតំបន់នានាដែលត្រួតត្រាដោយក្រុមឧទ្ទាមហូទី។ នេះបើយោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។
នៅក្នុងព្រឹត្តិបត្រព័ត៌មាននៅលើគេហទំព័ររបស់កម្មវិធីនេះ កម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា ប្រជាជនជាច្រើនដែលត្រូវទទួលបានស្បៀងអាហារនៅក្នុងរដ្ឋធានី នៅមិនទាន់ទទួលបានស្បៀងអាហារទាំងនោះនៅឡើយទេ ហើយអ្នកខ្លះទៀតមិនបានទទួលទៅតាមចំនួនកំណត់នោះទេ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ កម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា ខ្លួនបានស៊ើបអង្កេតទៅលើរបាយការណ៍នានាអំពីការលួចបន្លំស្បៀងអាហារនិងបានរកឃើញថា ដៃគូក្នុងស្រុករបស់អង្គការអន្តរជាតិដែលពាក់ព័ន្ធនឹងក្រសួងអប់រំនៅក្នុងក្រុង Sana'a ដែលត្រួតត្រាដោយក្រុមឧទ្ទាមហូទី បានលួចបន្លំស្បៀងអាហារទាំងនោះ។
លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា «សកម្មភាពនេះគឺជាការលួចស្បៀងអាហារពីមាត់របស់ប្រជាជនអត់ឃ្លាន។ នៅពេលដែលកុមារស្លាប់ក្នុងប្រទេសយេម៉ែន ដោយសារតែពួកគេគ្មានស្បៀងអាហារគ្រប់គ្រាន់ដើម្បីបរិភោគ កំហឹងក៏បានកើតឡើង។ ឥរិយាបថឧក្រិដ្ឋកម្មនេះត្រូវតែបញ្ឈប់ជាបន្ទាន់»។
ប្រជាជនរាប់លាននាក់ពឹងផ្អែកលើជំនួយស្បៀងអាហារនៅក្នុងប្រទេសយេម៉ែនដែលហែកហួរដោយសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ២០១៥មក។ សង្គ្រាមរយៈពេល៤ឆ្នាំបានបន្សល់នូវសោកនាដកម្មជាច្រើននៅក្នុងប្រទេសដ៏ក្រីក្របំផុតក្នុងពិភពលោកមួយនេះ៕