ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ស៊ូដង់​ខាង​ត្បូង​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ ​ខណៈការ​​ស្រេក​ឃ្លាន​នៅតែ​ជា​បញ្ហា​ស្មុគ​ស្មាញ


រូបឯកសារ៖ ស្រ្តីម្នាក់ត្រងគ្រាប់ធញ្ញជាតិដែលបានធ្លាក់មកលើដី បន្ទាប់ពីមានការទម្លាក់ស្បៀងតាមអាកាសដោយអង្គការស្បៀងអាហារពិភពលោក នៅក្រុង Kandak ប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្រ្តីម្នាក់ត្រងគ្រាប់ធញ្ញជាតិដែលបានធ្លាក់មកលើដី បន្ទាប់ពីមានការទម្លាក់ស្បៀងតាមអាកាសដោយអង្គការស្បៀងអាហារពិភពលោក នៅក្រុង Kandak ប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។

ប្រាំបី​ឆ្នាំ​​ក្រោយ​ពី​ប្រទេស​ស៊ូដង់​ទទួល​បាន​ឯករាជ្យ​ ​ការ​អត់​ឃ្លាន​នៅតែ​មាន​ជា​បន្ត​​ក្នុង​ប្រទេស​ក្មេង​បំផុត​ក្នុង​ពិភព​លោក​នេះ។ ​របាយ​ការណ៍​ថ្មី​មួយ​របស់​អ.ស.ប.​បង្ហាញ​ថា ​ប្រជាជន​៦​លាន​១សែន​នាក់​​ដែល​ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប​ កំពុង​ប្រឈម​នឹង​បញ្ហា​​ខ្វះ​ស្បៀង​អាហារ។​

បញ្ហា​អាកាស​ធាតុ​ អស្ថិរភាព​សេដ្ឋកិច្ច និង​ជម្លោះ​នៅតែ​បន្ត​នៅ​កន្លែង​មួយ​ចំនួននៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ដែលនេះបាន​នាំ​ឲ្យ​មាន​ជន​ភៀស​ខ្លួន​ច្រើន​លាន​នាក់​ទៅ​ប្រទេស​ជិតខាង។​ អ្នក​ខ្លះ​ទៀត​ស្វែង​រក​អាហារ​និង​សុវត្ថិភាព​នៅ​កន្លែង​ការពារ​ជនស៊ីវិល​ដោយអ.ស.ប.នៅ​ក្នុង​ប្រទេស​នេះ។​

លោក​ Thomson Phiri ​ជានាយក​ផ្នែក​ទំនាក់​ទំនងរបស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង។ លោក​បាននិយាយ​ថា ​ ​ប្រទេស​ស៊ូដង់​ខាង​ត្បូងជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ការងារ​របស់​អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​មាន​ភាព​ស្មុគ​ស្មាញ​បំផុត​ជាសាកល​ ដោយ​សារ ​៦០​ភាគរយ​នៃ​តំបន់​នានា​គ្មាន​ផ្លូវ​ធ្វើដំណើរ​អំឡុង​រដូវរស្សា​ ហើយ​រួម ​រដូវ​វស្សា​គាប់​ជួន​ជា​មួយ​ពេល​ដែល​មាន​បញ្ហា​អត់​ឃ្លាន​ខ្លាំងនៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​នៅ​ពេល​ពលរដ្ឋ​ត្រូវ​ការ​ម្ហូប​អាហារ។​

ការ​ស្រេក​ឃ្លាន​របស់​ពលរដ្ឋ​តម្រូវ​ឲ្យ​មាន​ការ​ចែក​ស្បៀង​ជាបន្ទាន់​នៅ​មជ្ឈ​មណ្ឌល​ការពារ​ជន​ស៊ីវិល​ដោយ​អ.ស.ប.​នៅ​ក្រុង​ Malakal ​ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ខណៈបុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​ចែក​របប​ស្បៀង​ប្រចាំ​ខែ​ឲ្យ​ជន​ភៀស​ខ្លួន​ក្នុង​ស្រុក​ដែល​កំពុង​រស់​នៅ​ទីនេះ។​

អ្នកស្រី​ Mary La ​និង​កូន​អ្នក​ស្រី​ចំនួន​ ១២​នាក់ ​បាន​មក​រស់នៅ​ក្នុង​ជំរំ​នេះ​ជាមួយ​ប្រជា​ពលរដ្ឋ​ភៀស​ខ្លួន​ក្នុង​ស្រុក​៣​ម៉ឺន​នាក់​ផ្សេង​ទៀត​ ​រយៈ​ពេល​៦​ឆ្នាំ​មកហើយ។​ អ្នកស្រី​បាន​និយាយ​ថា ​ មុន​សង្គ្រាម​ឆ្នាំ​២០១៣ ​ អ្វីៗ​មាន​ភាព​ល្អប្រសើរ។​

អ្នកស្រី​ Mary La ​និយាយ​ថា ​អ្នកស្រី​ និង​ប្តី​របស់​អ្នកស​ធ្លាប់​ធ្វើ​ស្រែ​ធ្វើចម្ការ ​នេសាទ​ត្រី​ និង​រក​អាហារ​ដោយ​ខ្លួន​ឯង ​ប៉ុន្តែ​ឥឡូវ ​អ្នកស្រី​និយាយ​ថា ​ ពួក​គេ​ពឹង​ផ្អែក​លើ​ជំនួយ​មនុស្ស​ធម៌ ​និង​តស៊ូ​សន្សំ​ស្បៀង​ទុក​ឲ្យ​បាន​គ្រប់​មួយ​ខែៗ។​

អ្នក​ផ្សេង​ទៀត​ ​ដែល​រស់នៅ​ក្នុង​ជំរំ​បោះតង់​យ៉ាងណែន​ចង្អៀត​នេះ​ ​និយាយ​ថា ​ពួក​គេចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ​ ប៉ុន្តែ​ពួក​គេ​មិន​ដែល​បានធ្វើ​ដំណើរ​ទៅ​ទេ​ ព្រោះ​ថា​ ​ផ្ទះ​របស់​ពួក​គេ​លែង​មាន​ទៀត​ហើយ។​ អ្នក​ខ្លះ​បារម្ភ​អំពី​អ្វី​ដែល​អាច​កើត​មានឡើង​បើ​ពួក​គេ​ចេញពី​ជញ្ជាំង​សន្តិសុខរបស់​កន្លែង​ការពារ​ជនស៊ីវិល​នៅ​ក្រុង ​Malakal។​ ​

អ្នកស្រី ​Elijah Nyol Lual ​ជា​នាយិកា​របស់​មជ្ឈ​មណ្ឌល​សង្គ្រោះ​ និង​ស្តារនីតិ​សម្បទា​នៅ​ផ្នែក​ខាង​លើ​ទន្លេនីល។​

អ្នក​ស្រី​និយាយ​ថា ​ពួក​គេ​ចង់​ឃើញ​ការ​រៀបចំដោយ​រដ្ឋាភិបាល​ជាតិ។ ​ខ្ញុំ​គិត​ថា​ គេ​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ថា ​ឥឡូវ​នេះ​មាន​សន្តិភាព។​

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដ៏ផុយ​ស្រួល​កាល​ពី​ឆ្នាំ​មុន​បាន​អនុញ្ញាត​ឲ្យ​អង្គការ​ស្បៀង​អាហារ​ពិភព​លោកបញ្ជូន​ស្បៀង​មកជា​មុន​ប្រមាណ​ ១៧​ម៉ឺន ​៣​ពាន់​តោន​ គឺមាន​ចំនួន​ ៦ម៉ឺន​ ៦​ពាន់តោនច្រើន​ជាង​មួយ​ឆ្នាំមុន​នោះ ​ នៅតាម​ទីតាំង​ចំនួន​ ៦០​មុន​រដូវ​វស្សា​ឆ្នាំ​នេះ ​ហើយ​ដែល​នឹង​ជួយ​មនុស្ស​ជាង ​៥លាន​នាក់។​ ប៉ុន្តែ​រដ្ឋមន្ត្រី​កសិកម្ម​និង​សន្តិសុខ​ស្បៀងរបស់​ប្រទេស​នេះ​ បាន​និយាយ​ថា ​គោល​ដៅ​ចម្បង​គឺ​ការ​ឧបត្ថម្ភ​ខ្លួន​ឯង​ឲ្យ​បាន​គ្រប់គ្រាន់។​

លោក​ Onyoti Adigo Nyikuac ​រដ្ឋមន្ត្រី​កសិកម្ម​និង​សន្តិសុខ​ស្បៀង​និយាយ​ថា៖​ «បញ្ហា​គឺ​គ្មាន​អុ្នក​ផ្តល់​ស្បៀង​ឲ្យ​យើង ​ដើម្បី​ឲ្យ​យើង​ឯករាជ្យ​នោះ​ទេ។​ បញ្ហា​នៅត្រង់​ថា ​តើ​យើង​អាច​ផលិត​ស្បៀង​ដោយ​ខ្លួន​ឯកតាម​របៀប​ណា»។​

ទោះជាយ៉ាង​ណាក្តី​ ​លោក​ Hazel Dewey​ ​អ្នក​សម្រប​សម្រួល​កម្មវិធី​ MISS​ អ.ស.ប.​នៅ​តំបន់​ទន្លនីល​ភាគខាង​លើ និយាយ​ថា​ ពី​រដ្ឋាភិបាល ​ដល់អង្គការ​មនុស្សធម៌ ​រហូត​ដល់​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ការពារជន​ស៊ីវិល​ ​មាន​កិច្ច​ព្រមព្រៀង​គ្នា​អំពីអ្វី​ដែល​សំខាន់​បំផុត។​

លោក​ Hazel Dewey ​និយាយ​ថា៖ ​«គ្មាន​ជម្រើស​ផ្សេង​ទេ ​លុះត្រា ​យើង​មាន​សន្តិភាព»។​

លោក​បន្តថា​ បើមិន​មាន​សន្តិភាព​ ​ ​នោះប្រជាជន​នឹង​មិន​អាច​ត្រឡប់​ទៅវិញ​ ដាំដំណាំ ​ប្រមូល​ផល ​និង​រស់​នៅ​តាម​ធម្មតា​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG