ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​នៅ​វ៉ាស៊ីនតោន​និង​ញូវយ៉ក​អំពាវនាវ​ឲ្យមាន​ការ​ទទួលស្គាល់​ថា​ការ​ររំលោភបំពាន​លើ​ជនជាតិ​អ៊ុយហ្គ័រ​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​


បាតុករ​អ៊ុយហ្គ័រហែក្បួន​ជាមួយ​នឹង​សហគមន៍​ស៊ីនជាំងនៅខាងមុខទីស្នាក់ការ​របស់អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉កកាលពីថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២០។
បាតុករ​អ៊ុយហ្គ័រហែក្បួន​ជាមួយ​នឹង​សហគមន៍​ស៊ីនជាំងនៅខាងមុខទីស្នាក់ការ​របស់អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉កកាលពីថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២០។

សកម្មជន​អ៊ុយហ្គ័រ​ក្នុង​ទីក្រុងវ៉ាស៊ីនតោន​និង​ញូវយ៉ក​អំពាវ​ឲ្យ​សហរដ្ឋ​អាមេរិក​អង្គការ​សហប្រជាជាតិ​និងបណ្តា​​ប្រទេសជុំវិញ​ពិភពលោក​ទទួលស្គាល់​ទង្វើ​របស់​ចិន​លើ​ជនជាតិ​អ៊ុយហ្គ័រ​ក្នុង​ទីក្រុងស៊ីនជាំង(Xinjiang) ជា​អំពើ​ប្រល័យពូជ​សាសន៍។

មនុស្ស​ជាច្រើន​នាក់​ក្នុង​ទីក្រុងវ៉ាស៊ីនតោន​និង​ញូវយ៉ក​ បាន​ចេញតវ៉ា​ពាសពេញ​ផ្លូវ​កាលពី​ថ្ងៃទី​២៨ ខែ​សីហា ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ​និងបណ្តាប្រទេសនៅ​ជុំវិញ​ពិភពលោក​ឲ្យ​ថ្កោលទោស​កាន់តែខ្លាំង​ចំពោះអំពើហិង្សា​ប្រឆាំង​នឹង​ជនជាតិ​អ៊ុយហ្គ័រ និង​ចាត់ទុក​គោល​នយោបាយ​ចិន​នៅ​តំបន់​ភាគពាយព្យនៃ​ខេត្ត​ស៊ីនជាំងថាជា​អំពើ​ប្រល័យ​ពូជសាសន៍។

បាតុកម្ម​នានា​បាន​កើត​ឡើង​នៅពេល​ដែល​សមាជិក​ក្រុម​សាសនា​ជន​ជាតិ​ភាគតិច​ប្រារព្ធ​ខួប​បួន​ឆ្នាំ​ចាប់តាំងពី​ប្រទេស​ចិនបាន​ពង្រឹង​យុទ្ធនាការ​របស់​ខ្លួន​ក្នុងតំបន់​ Xinjiang និង​អំឡុង​ពេលមាន​រាយការណ៍​ថា​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទង្វើ​របស់រដ្ឋាភិបាលក្រុងប៉េកាំង​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

លោក Salih Hudayar ស្ថាបនិករបស់​អង្គការ​អ៊ុយហ្គ័រ​ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឈ្មោះ​ថា ​ចលនា​ភ្ញាក់​រលឹក​ជាតិ​តួកគី​ខាងកើត (East Turkistan National Awakening Movement) បាន​ប្រាប់​វីអូអេ​ថា៖ «ថ្ងៃទី​២៩​សីហា ជា​ខួប​បួន​ឆ្នាំ​នៃការ​ផ្លាស់​លោក Chen Quanguo ពីទីបេ ទៅ​តួកគី​ខាងកើត ដែល​លោក​គឺ​ជា​មេដឹកនាំ​គណបក្ស​កុម្មុនីស្ត​ចិននៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​អ៊ុយហ្គ័រ ហៅកាត់ថា CCP និង​ជាមេក្លោង​ពីក្រោយនៃការ​សាងសង់​ជំរំឃុំខ្លួន ពន្ធនាគារ ពលកម្មដោយបង្ខំទៅលើជនជាតិ​អ៊ុយហ្គ័រ​និង​ការបំពាក់​បច្ចេកវិទ្យា​ឃ្លាំមើល​ទំនើប និងរដ្ឋដែល​ប្រើអំណាច​ប៉ូលិសគ្រប់គ្រងផ្តាច់ការ​ដូច​ដែលយើងស្គាល់បច្ចុប្បន្ន»។

​ចាប់តាំង​ពី​ចុងឆ្នាំ​២០១៦ នៅពេល​ដែល​លោក Chen Quanguo ត្រូវបាន​តែងតាំង​ជារដ្ឋលេខាធិការ​បក្សកុម្មុនីស្ត​ចិន​ប្រចាំតំបន់ស៊ីនជាំង អ្នក​អង្កេត​ការ​បាន​ប៉ាន់ប្រមាណថាជនជាតិ​អ៊ុយហ្គ័រ​ជាង​មួយ​លាន​នាក់​ត្រូវបាន​ឃុំខ្លួន​ក្នុង​ជំរំ​ប្រមូលផ្តុំ​ខណៈពួកគេ​រាប់ម៉ឺននាក់​ផ្សេង​ទៀត​ត្រូវ​បាន​បង្ខំឲ្យ​ធ្វើការ​នៅ​រោងចក្រ​ជុំវិញ​ប្រទេស​ចិន។​ក្រុម​សិទ្ធិ​មនុស្ស​អ៊ុយហ្គ័រ(Uyghur Human Rights Project) គឺ​ជាអង្គការសិទ្ធិមនុស្ស​មួយ​ក្នុង​ចំណោម​ក្រុម​ឃ្លាំ​មើលសិទ្ធិមនុស្ស​មួយ​ចំនួន​ក៏​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុងប៉េកាំងថា​បាន​បង្ខំ​ស្ត្រី​ជនជាតិ​អ៊ុយហ្គ័រឲ្យ​រំលូតកូន​និងបង្ខំឲ្យ​ក្រៀវ​។

លោក Hudayar​ដែល​បាន​រៀបចំ​ការ​ប្រមូល​ផ្តុំ​នៅ​ខាងមុខ​ក្រសួងការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និងនៅឯ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយ​ថា៖ «យើង​ចង់​ឲ្យ​ទាំង​រដ្ឋាភិបាល​អាមេរិក​និង​អង្គការ​សហប្រជាជាតិ​ចាត់ទុកអំពើឃោរឃៅ​នេះ​ថាជាអំពើ​ប្រល័យ​ពូជសាសន៍​និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ឈប់​នៅស្ងៀមហើយ​ងើបឈរ​ឡើង​ប្រឆាំង​នឹង​ចិន»។​

កាលពី​ខែកក្កដា សហរដ្ឋ​អាមេរិកបាន​ដាក់​លោក Chen ក្នុង​បញ្ជីខ្មៅ​ពីបទ«រំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ» ប្រឆាំ​ង​នឹង​ជនជាតិ​ភាគតិចឥស្លាម​តួកគី​ក្នុង​តំបន់​ស៊ីនជាំង។

ប្រទេស​ចិន​បាន​បដិសេធ​ចំពោះការ​ចោទប្រកាន់​ពី​ការ​ឃុំ​ខ្លួន​ជនជាតិ​អ៊ុយហ្គ័រ​ដ៍​ច្រើន​ក្នុង​ជំរំ​ឃុំឃាំង​ប៉ុន្តែ​បន្ទាប់មក​បាន​និយាយ​ថាអគារ​ទាំង​នោះគឺជាមណ្ឌល​អប់រំ​ឡើង​វិញ​ដែល​មាន​គោល​ដៅ​បណ្តុះបណ្តាល​មនុស្ស​ដែល​រង​«គ្រោះ​ដោយ​ភាពជ្រុល​និយម​សាសនា»។ កាលពី​ខែធ្នូ​មន្ត្រី​ជាន់ខ្ពស់​ស៊ីនជាំង​បាន​អះអាង​ថា​អ្នក​ជាប់ឃុំ​ទាំង​អស់​«បាន​បញ្ចប់​ការ​សិក្សា»​ពី «មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ»។

លោក Chen​បានអះអាង​ពី​សុចរិតភាព​នៃ​គោល​នយោបាយ​រដ្ឋាភិបាល​ខ្លួន​នៅ​តំបន់​ស៊ីនជាំង​ថា​ជា​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើឲ្យ​មាន​ស្ថេរភាព ដោយហៅ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​លោក​ថា​ជា​«ការវាយប្រហារ​ដ៏អាក្រក់​និង​គួរ​ស្អប់ខ្ពើម»​។​

សារព័ត៌មាន​ចិនស៊ីនហួរ បាន​ដកស្រង់​សម្តី​របស់​លោក Chen កាលពី​ថ្ងៃទី​២១ កក្កដា ថា៖ «គ្មាន​កងកម្លាំង​ណា​អាច​លូក​ដៃ​ឬ​បញ្ឈប់​ស្ថេរភាព ការ​អភិវឌ្ឍន៍​និង​ភាព​ចម្រុងចម្រើន​របស់​ស៊ីនជាំង​និង​សាមគ្គីភាព​របស់​ប្រជាជន​ក្រុម​ជនជាតិ​ភាគ​តិច​ក្នុង​តំបន់​បានទេ។ ខ្ញុំ​មាន​ភាគ​ជឿជាក់​យ៉ាង​ពេញ​ទំហឹង​លើ​អនាគត​ដ៏​ភ្លឺចិញ្ចាច​របស់​ស៊ីនជាំង»។​

សមាជិក​ជនជាតិអ៊ុយហ្គ័ររស់នៅ​ក្រៅ​ប្រទេស ដែល​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​និងទិក្រុង​ញ៉ូវយ៉ក​កាលពី​ថ្ងៃពេលថ្មីៗនេះបានប្រាប់​វីអូអេ​ថា ពួកគេ​នៅ​តែ​គ្មាន​វិធី​ក្នុង​ការ​ទាក់ទង​សមាជិក​គ្រួសារ​របស់ពួកគេដែល​ជាប់​នៅ​ស៊ីនជាំង​ដោយសារអាជ្ញាធរបានកាត់ផ្តាច់​ទំនាក់ទំនង​របស់​តំបន់​នេះ​ជាមួយ​នឹង​ពិភព​ខាងក្រៅ។ បាតុករ​ជាច្រើន​បាន​លើក​រូបភាព​សាច់ញាតិ​របស់​ខ្លួន​ដែល​ពួក​គេ​បាន​និយាយ​ថាត្រូវបាន​នាំយក​ទៅ​ជំរំ​ឃុំឃាំង និងបាន​ស្រែក​បន្ទរពាក្យ​ស្លោកដែល​សរសេរ​ថា«​ប្រទេស​ចិន​បញ្ឈប់អំពើ​ប្រល័យ​ពូជសាសន៍​លើជនជាតិ​អ៊ុយហ្គ័រ» និង​«​ឯករាជ្យភាព​សម្រាប់​ជនជាតិ​តួកគី​ខាងកើត»។

ជនជាតិ​អ៊ុយហ្គ័រ​ជាច្រើន​បានហៅទឹក​ដីបុព្វបុរស​ខ្លួន​ថាជា​តួកគីខាងកើត ជា​ឈ្មោះ​ជំនួស​ឲ្យ​តំបន់​ស្វ័យត​អ៊ុយហ្គ័រ​ស៊ីនជាំង​បច្ចុប្បន្ន​ដែល​មាន​ទីក្រុង Urumqi ជា​រដ្ឋធានី។

អង្គការ​សហប្រជាជាតិ​បានចាត់ទុករាល់ទង្វើណាដែលមាន«ចេតនា​បំផ្លាញទាំងស្រុង​ឬ​ដោយ​ផ្នែកទៅលើជាតិសាសន៍ ក្រុមជនជាតិ​ភាគ​តិច ពូជសាសន៍​ឬក្រុមសាសនាណា​មួយ» គឺជាអំពើប្រល័យពូជសាសន៍។ នេះបើយោងតាម​តាម​គេហទំព័រ​របស់​អង្គការ​សហប្រជាជាតិ​

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG