ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រលះ​សហរដ្ឋ​អាមេរិក​ថា​និយាយ​មិន​ពិត​ចំពោះ​រឿងរ៉ាវ​នៅ​តំបន់ Xinjiang


រូបភាព​ឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។

ប្រទេស​ចិន​បាន​ព្រលះ​ដាក់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ហៅ​ទង្វើ​របស់​រដ្ឋាភិបាល​ចិន​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​ថា​ជា «ទង្វើ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​លើ​ពិភពលោក»។

ដោយ​ថ្លែង​នៅ​ឯ​សាកលវិទ្យាល័យ Kansas State កាល​ពី​សប្ដាហ៍​មុន លោក Pompeo បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រើ​ការ​ប្រជុំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ខែ​នេះ ដើម្បី​កៀរគរ​ការ​គាំទ្រ​សម្រាប់​ជាតិ​សាសន៍​អ៊ុយហ្គ័រ ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម ដែល​ត្រូវ​រដ្ឋាភិបាល​ចិន​ចាប់​ដាក់​ឃុំ​ទ្រង់ទ្រាយ​ធំ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying និយាយ​ថា៖ «ពាក្យ​កុហក​របស់​អ្នក​នយោបាយ​អាមេរិកាំង​មិន​អាច​បោកប្រាស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​បាន​ទេ គឺ​មាន​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​បំណង​នៃ​ហេតុផល​នយោបាយ​ដែល​លាក់​បាំង​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»។

អ្នកស្រី​បាន​ប្រាប់​អ្នក​កាសែត​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ចិន​មិន​ពេញចិត្ត និង​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​មន្ត្រី​អាមេរិកាំង​ទាំង​នេះ ដែល​ទាត់​ចោល​ការ​ពិត...ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន»។

ប្រទេស​ចិន​ត្រូវ​បាន​អន្តរជាតិ​តាមដាន​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ Xinjiang ភាគ​ពាយ័ព្យ​ប្រទេស ដែល​នៅ​ទី​នោះ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​រហូត​ដល់​ទៅ ១ លាន​នាក់ និង​ជាតិ​សាសន៍​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ផ្សេង​ទៀត ត្រូវ​បាន​គេ​ដាក់​ឃុំ​នៅ​ក្នុង​ជំរំ​អប់រំ​ឡើង​វិញ។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​ឆ្នាំ ២០១៨ របស់​គណៈកម្មាធិការ​ឯករាជ្យ​មួយ​របស់​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG