របាយការណ៍ថ្មីមួយបានរកឃើញថា ការធ្វើចំណាកស្រុកក្នុងប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយបន្ទាប់ពីបដិវត្តន៍ Arab Spring បានបង្កឱ្យមានចលាចលនយោបាយនៅទូទាំងតំបន់នេះ។
មជ្ឈមណ្ឌលតាមដានការធ្វើចំណាកស្រុកក្នុងប្រទេស (IDMC) បានរាយការណ៍ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចំនួនមនុស្សធ្វើចំណាកស្រុកនៅក្នុងប្រទេសនៅក្នុងតំបន់នេះ បានកើនឡើងជាង៣ដង ពោលគឺកើនឡើងចាប់ពី៣លាន៥សែននាក់ ដល់១២លាន៤សែននាក់។ មជ្ឈមណ្ឌលនេះនិយាយថា នៅក្នុងរយៈពេលដូចគ្នានេះដែរ ជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន៧លាន៨សែននាក់ បានរត់ភៀសខ្លួនទៅប្រទេសផ្សេងៗដើម្បីស្វែងរកសុវត្ថិភាព។
លោក Vicente Anzellini ប្រធានក្រុមរាយការណ៍ និងតាមដានជាសាកលនៅមជ្ឈមណ្ឌល IDMC បាននិយាយថា កត្តាជាច្រើនបានរួមចំណែកធ្វើឱ្យមានការធ្វើចំណាកស្រុកក្នុងកម្រិតខ្ពស់បែបនេះ។ កត្តាទាំងនោះរួមមានការធ្វើអន្តរាគមន៍របស់បរទេសនៅក្នុងជម្លោះស៊ីវិលនៅក្នុងតំបន់ ជម្លោះក្នុងមូលដ្ឋានដែលបង្កឡើងដោយការជាប់ពាក់ព័ន្ធនឹងជាតិសាសន៍ និងសាសនា អស្ថិរភាពដែលបង្កឡើងដោយក្រុមជ្រុលនិយម និងក្រុមជីហាដ និងគ្រោះធម្មជាតិជាដើម។
លោក Anzellini បានប្រាប់ VOA ថា ការធ្វើចំណាកស្រុកបានកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០១៥ នៅពេលដែលរុស្ស៊ីលូកដៃទៅក្នុងជម្លោះនៅស៊ីរី និងនៅពេលដែលអារ៉ាប៊ីសាអូឌីតពាក់ព័ន្ធនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសយេម៉ែន។ លោកបាននិយាយថា កត្តាមួយទៀតនៅពីក្រោយការកើនឡើងការធ្វើចំណាកស្រុកនៅក្នុងតំបន់ផងដែរ គឺការពង្រីកសង្គ្រាមដោយយុទ្ធជនរដ្ឋឥស្លាមនៅទូទាំងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះ។
លោកAnzellini បាននិយាយក្នុងសម្តីដើមថា៖ «ហើយក្រោយមក ការវាយប្រហារសងសឹកដោយរដ្ឋាភិបាល និងដោយសហរដ្ឋអាមេរិក និងរុស្ស៊ីពិតជាធ្វើឱ្យជម្លោះទាំងនេះកាន់តែតានតឹង។ ជម្លោះភាគច្រើនកើតឡើងនៅក្នុងតំបន់ទីក្រុងដូចជា ក្រុង Aleppo ប្រទេសស៊ីរី និងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ជាដើម។ នេះយើងលើកតែ២ប៉ុណ្ណោះ។ ច្បាស់ណាស់ តំបន់ទីក្រុងទាំងនេះជាផ្ទះសម្បែងរបស់មនុស្សរាប់លាននាក់ដែលត្រូវរត់ភៀសខ្លួន»។
លោកAnzellini និយាយថា អ៊ីរ៉ាក់គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ ដែលចំនួននៃការធ្វើចំណាកស្រុកធ្លាក់ចុះ។ លោកយល់ថា ការធ្លាក់ចុះនេះគឺដោយសារតែការបរាជ័យរបស់យុទ្ធជនរដ្ឋឥស្លាម ដែលបានអនុញ្ញាតឱ្យមនុស្សជាច្រើនត្រឡប់មកផ្ទះសម្បែងរបស់ពួកគេវិញ។
ទោះជាយ៉ាងនេះក្តី លោកបានកត់សម្គាល់ថា ការត្រឡប់ទៅកាន់លំនៅដ្ឋានរបស់មនុស្សជាច្រើននៅក្នុងតំបន់ទាំងមូល កំពុងត្រូវបានរំខានដោយកត្តាជាច្រើន។
លោកAnzellini បានបន្ថែមក្នុងសម្តីដើមទៀតថា៖ «ទីក្រុងជាច្រើននៅតែមានអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងអន្ទាក់គ្រាប់បែក។ ដូច្នេះសំណល់នៃសង្គ្រាមទាំងនេះត្រូវតែបោសសម្អាត មុនពេលប្រជាពលរដ្ឋអាចត្រឡប់ទៅលំនៅដ្ឋានវិញ ដោយសុវត្ថិភាពនោះ។ មិនមានយន្តការល្អណាមួយនៅក្នុងប្រទេសភាគច្រើនក្នុងចំណោមប្រទេសទាំងនេះ ដើម្បីគាំទ្រដល់ការវិលត្រឡប់មកវិញរបស់ជនចំណាកស្រុកក្នុងប្រទេសប្រកបដោយសុវត្ថិភាព និងមានភាពថ្លៃថ្នូរនោះទេ»។
ប្រសិនបើកិច្ចប្រឹងប្រែងការទូតបច្ចុប្បន្ន ដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅស៊ីរី លីប៊ី និងយេម៉ែន នាំមកនូវលទ្ធផលវិជ្ជមាននោះ លោក Anzellini បញ្ជាក់ថា មនុស្សកាន់តែតិចទៅៗនឹងមិនត្រូវបង្ខំចិត្តឱ្យរត់គេចពីផ្ទះសម្បែងរបស់ពួកគេនោះទេ។ ប៉ុន្តែលោកនិយាយថា ក្តីសង្ឃឹមនៅតែមានតិចតួចនៅឡើយសម្រាប់ពេលនេះ ហើយជម្លោះដែលបានបន្តនៅក្នុងតំបន់នេះ ទំនងនឹងធ្វើឱ្យមានការចំណាកស្រុកថ្មីៗបន្ថែមទៀត៕