ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្ស៊កដានី​ ជា​ប្រទេស​ដំបូង​មួយ​ដែល​ផ្តល់​វ៉ាក់សាំង​ឱ្យ​ជនភៀសខ្លួន​ដែល​ទទួលស្គាល់​ដោយ​អ.ស.ប. នៅក្នុង​ប្រទេស​ខ្លួន


វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ផលិត​ដោយ​ក្រុមហ៊ុន Pfizer-BioNTech មួយ​ឈុត មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Queen Alia ក្នុង​ទីក្រុង Amman នៃ​ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ប្រទេស​ហ្ស៊កដានី​ បាន​ក្លាយ​ជា​ប្រទេសដំបូង​បំផុត​មួយក្នុង​ពិភពលោក​ដែល​ចាប់ផ្តើម​ការ​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​ទៅ​ដល់​ជន​ភៀស​ខ្លួន​ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ។ នេះ​ បើ​យោង​តាម​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ និង​ព្រះ​បរមរាជវាំង​ហ្ស៊កដានី។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ផ្តល់​វ៉ាក់សាំង​ថ្នាក់​ជាតិ​របស់​ប្រទេស​នេះ ជន​គ្រប់​រូប​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ រួម​ទាំង​ជន​ភៀសខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ផង​ដែរ ​មាន​សិទ្ធិ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ។ ប្រទេស​ហ្ស៊កដានី​ជា​ប្រទេស​ទទួល​យក​ជន​ភៀស​ខ្លួន​រាប់​សែននាក់​ដោយ​សារ​តែ​ជម្លោះ​នៅ​ក្នុង​តំបន់ ដូចជា​នៅ​ក្នុង​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ យេម៉ែន និង​លីប៊ី។

ជន​ភៀស​ខ្លួន​ប្រមាណ​៨០%​ដែល​កំពុង​ជ្រក​កោនពី​ជម្លោះ​នៅ​ក្នុង​បណ្តាប្រទេស​ក្នុង​តំបន់ រស់​នៅ​ក្នុង​តំបន់​ទីប្រជុំជន​នៃ​ប្រទេស​ហ្ស៊កដានី ហើយ​ពួក​គេ នឹង​ទទួល​បាន​វ៉ាក់សាំង​នៅ​ក្នុង​គ្លីនិក​សុខភាព​មូលដ្ឋាន​ទាំង​នោះ។ ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការសហប្រជាជាតិ​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រសួង​សុខាភិបាល​ហ្ស៊កដានី​ ដើម្បី​គ្រប់គ្រង​ការ​ផ្តល់​វ៉ាក់សាំង​ទៅ​ដល់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ Zaatari និង​ Azraq សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរី។​

លោក Francesco Burt អ្នក​នាំ​ពាក្យ​ប្រចាំ​នៅ​ហ្ស៊កដានីនៃ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន ហៅ​កាត់​ថា UNHCR ​បាន​ប្រាប់ VOA ថា កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា ជន​ភៀស​ខ្លួន​អ៊ីរ៉ាក់ និង​ស៊ីរី​ចំនួន​៤៣​នាក់​ ជា​ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​ដែល​ទទួល​បាន​វ៉ាក់សាំង​នៅ​ក្នុង​ក្រុង Irbid និង Mafraq ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ និង​នៅ​ជិត​ព្រំដែន​ជាមួយ​ស៊ីរី។ ​

លោក Francesco Burt បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ប៉ុន្តែ​មាន​មនុស្ស​ច្រើន​ជាង​នេះ​បាន​ចុះ​ឈ្មោះ។ មាន​គេហទំព័រ​របស់​រដ្ឋាភិបាល​មួយ​ ដែល​ជា​កន្លែង​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចុះ​ឈ្មោះ។ រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ប្រមាណ ​២៥០.០០០នាក់ ​បាន​ចុះ​ឈ្មោះ រួម​ទាំង​ជន​ភៀស​ខ្លួន​ផង​ដែរ។ នេះ​ពិត​ជា​ត្រូវ​ពឹងផ្អែក​លើ​ចំនួន​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ហ្ស៊កដានី​មាន។ រដ្ឋាភិបាល​មាន​ប្រមាណ​ជា​៣លាន​ដូស​មក​ដល់​ពេល​នេះ។ ដូច្នេះ ពួកគេ​មាន​គម្រោង​ផ្តល់​ឱ្យ​ប្រជាជន​ចំនួន​ប្រមាណ​២៥%​ នៅ​ក្នុង​ខែ​បន្តបន្ទាប់»។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ (UNHCR) បាន​និយាយ​ថា ប្រទេស​ហ្ស៊កដានី​ បាន​ដាក់​បញ្ចូល​ជន​ភៀស​ខ្លួន​ទៅ​ក្នុង​ផែនការ​ឆ្លើយតប​ថ្នាក់​ជាតិ​របស់​ខ្លួន ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ លោក Dominik Bartsch ដែល​ជា​អ្នក​តំណាង​របស់​ទីភ្នាក់ងារ UNHCR ប្រចាំ​នៅ​ប្រទេស​ហ្ស៊កដានី​បាន​និយាយ​ថា៖ «ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ឥឡូវ​នេះ ​វា​ជា​ការ​ចាំបាច់​ដែល​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​សង្គម​របស់​យើង​និង​នៅ​ជុំវិញ​ពិភពលោក ​អាច​ទទួល​បាន​វ៉ាក់សាំង មិន​ថា​ពួកគេ​មក​ពី​កន្លែង​ណា​នោះ​ទេ»។

ជំងឺ​កូវីដ១៩​ គឺ​ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា។

លោក Burt បាន​និយាយ​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​តាំង​ទីលំនៅ​ឡើង​វិញ​ទៅ​កាន់​ប្រទេស​ផ្សេង​នៅ​ប្រទេស​លោក​ខាង​លិច។

លោក Burt បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖​ «នេះ​ជា​ផ្នែក​នៃ​បញ្ហា​ជាមួយ​នឹង​ជំងឺ​កូវីដ១៩ និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ។ ប៉ុន្តែ​យើង​បាន​មើល​ឃើញ​ប្រទេស​មួយ​ចំនួន ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ។ វា​ពិត​ជា​ពឹងផ្អែក​លើ​បទប្បញ្ញត្តិ​របស់​ប្រទេស​ទាំង​នោះ ហើយ​វា​ផ្លាស់ប្តូរ​លឿន​ណាស់។ ពួកគេ​ រក​ឃើញ​នូវ​ការ​បំលែង​មេរោគ​ថ្មី អ៊ីចឹង​ហើយ​អ្វីៗ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​រកឃើញ​នេះ។ ប៉ុន្តែ​ជន​ភៀស​ខ្លួន​មួយ​ចំនួន​បាន​ចាកចេញ​កាល​ពី​ប៉ុន្មាន​ខែ​មុន​រួច​ហើយ ប៉ុន្តែ​មិន​ច្រើន​នោះ​ទេ។ អ្វីៗ​ពឹងផ្អែក​លើ​ការ​ផ្តល់​វ៉ាក់សាំង ​និង​បទប្បញ្ញត្តិ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ»។​

ទីភ្នាក់ងារ UNHCR និយាយ​ថា ចំនួន​ជន​ភៀស​ខ្លួន​ដែល​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​នៅ​តែ​មាន​ចំនួន​ទាប ក្នុង​អត្រា​១,៦% បើ​ប្រៀបធៀប​ទៅ​នឹង​អត្រា​៣%​ក្នុង​ចំណោម​ប្រជាជន​ទូទៅ។ ប៉ុន្តែ​អត្រា​ភាព​ក្រីក្រ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន ​បាន​កើន​ឡើង​ចំនួន​១៨% ចាប់​តាំង​ពី​ពេល​ផ្ទុះ​ឡើង​នៃ​ការ​រាតត្បាត​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​មុន​មក​ម៉្លេះ។ ទាំង​រដ្ឋាភិបាល​ហ្ស៊កដានី និង​អង្គការ​សហប្រជាជាតិ​និយាយ​ថា ពួកគេ​ត្រូវ​ការ​មូលនិធិ​បន្ថែម​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​ជាង​១,៥លាន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​នេះ។ ទីភ្នាក់ងារ UNHCR ប្រចាំ​ប្រទេស​ហ្ស៊កដានី​កំពុង​អំពាវនាវ​រក​ជំនួយ​ក្នុង​ទឹកប្រាក់​ចំនួន​៣៧០លាន​ដុល្លារដើម្បី​ជន​ភៀស​ខ្លួន៕

XS
SM
MD
LG