ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ភ្នាក់ងារ​ជនភៀស​ខ្លួន​អ.ស.ប. «បារម្ភខ្លាំង» ចំពោះ​ជនភៀស​ខ្លួន​អេរីត្រេ​ក្នុង​តំបន់ Tigray 


រូបឯកសារ៖ ជនភៀសខ្លួនអេត្យូពីដែលបានភៀសខ្លួនពីតំបន់ជម្លោះ Tigray ក្នុងប្រទេសអេត្យូពី តម្រង់ជួររង់ចាំការចែករបបអាហារ នៅជំរំជនភៀសខ្លួន Um Rakuba ក្នុងរដ្ឋ Gedaref ភាគខាងកើតប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ជនភៀសខ្លួនអេត្យូពីដែលបានភៀសខ្លួនពីតំបន់ជម្លោះ Tigray ក្នុងប្រទេសអេត្យូពី តម្រង់ជួររង់ចាំការចែករបបអាហារ នៅជំរំជនភៀសខ្លួន Um Rakuba ក្នុងរដ្ឋ Gedaref ភាគខាងកើតប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

នាយក​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ កាលពី​ថ្ងៃទី​១៤​ ខែមករា ថា​លោក​នៅ​តែ «បារម្ភ​យ៉ាង​ខ្លាំង» អំពី​ស្ថានភាព​មនុស្ស​ធម៌នៅ​តំបន់ Tigray ក្នុង​ប្រទេស​អេត្យូពី ដែល​ចំនួន​ជនភៀស​ខ្លួន​អេរីត្រេ​នៅ​ទីនោះ​ ស្ថិត​ក្នុង​ហានិភ័យ។

លោក Filippo Grandi ស្នងការជាន់​ខ្ពស់​សម្រាប់​ជនភៀសរបស់អង្គការសហប្រជាជាតិ បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ នៅពេល​ដែល​ជំនួយ​និង​ស្បៀង​អាហារ​ត្រូវបាន​ចែក​ចាយ​ទៅ​កាន់​ជំរំ​ជនភៀស​ខ្លួន​មួយចំនួន​ក្នុង​តំបន់ បុគ្គលិក​ផ្នែក​ជំនួយ​មិន​អាច​ចូល​ទៅកាន់​ជំរំ​យ៉ាង​តិច​ចំនួន​ពីរ​ តាំង​ពីភាពវឹកវរ​បានផ្ទុះ​ឡើង​ពីរខែ​មុន។

«ខ្ញុំ​ពិត​ជា​បារម្ភ​អំពី​សុវត្ថិភាព​និង​សុខមាលភាព​របស់​ជនភៀស​ខ្លួនអេរីត្រេក្នុង​ជំរំ​ទាំង​នោះ។ ពួកគេ​បាន​រស់នៅ​ដោយគ្មាន​ជំនួយ​ណា​សោះ​អស់​ប៉ុន្មាន​សប្តាហ៍មកហើយ។ មិនតែប៉ុណ្ណោះ ការព្រួយ​បារម្ភ​ខ្លាំង​បំផុត​នោះ គឺខ្ញុំ​បន្តទទួល​បាន​របាយការណ៍​គួរ​ឲ្យទុកចិត្ត​មួយ​ចំនួន​និង​សាក្សីផ្ទាល់អំពី​អសន្តិសុខ និង​ការចោទ​ប្រកាន់​អំពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​គួរ​ឲ្យបារម្ភ​ រួម​មានការ​សម្លាប់ ការចាប់​ពង្រត់​និងបង្ខំ​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​អេរីត្រេ​វិញ។​

ជនភៀស​ខ្លួន​អេរីត្រេ​ប្រមាណ​ ៩៦,០០០​ នាក់​ បាន​រស់​នៅ​ក្នុង​ជំរំ​ចំនួន​បួន​ក្នុង​តំបន់ Tigray មុន​នឹង​ជម្លោះ​ក្នុង​ប្រទេស​អេត្យូពីបាន​ផ្ទុះ​ឡើង​ កាលពី​ខែវិច្ឆិកា។ មនុស្ស​ជាច្រើន​បាន​រត់គេច​ពី​អំពើ​ហិង្សា​ទៅប្រទេស​ស៊ូដង់ ឬ​ផ្នែក​ផ្សេងទៀត​ក្នុង​ប្រទេស​ ដែល​រួម​មាន​រដ្ឋ​ធានី​អាឌីសអាបេបា​ផង​ដែរ។

កាល​ពី​ថ្ងៃទី​៤ ខែវិច្ឆិកា រដ្ឋាភិបាលសហព័ន្ធប្រទេស​អេត្យូពី​បាន​បង្កើត​អ្វីដែល​ខ្លួន​ហៅ​ថា​ «ប្រតិបត្តិការ​ពង្រឹង​ច្បាប់»​ មួយ​ប្រឆាំង​នឹង​បណ្តាមេដឹកនាំ​ «បញ្ឆោត» ទាំង​ឡាយ​នៃគណៈបក្ស​កាន់​អំណាច​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray (TPLF) បន្ទាប់​ពី​យុទ្ធជន​នៃគណបក្ស​នេះ​បាន​វាយប្រហារ​បន្ទាយ​យោធា​សហព័ន្ធ​មួយ។ មេដឹក​នាំនៃ​ TPLF បាន​ហៅ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​សហព័ន្ធ​ជា​សង្គ្រាម​មួយ​ ប្រឆាំង​នឹង​ប្រជាជន Tigray។

ជម្លោះ​បាន​ផ្ទុះ​ឡើង​ជាច្រើន​សប្តាហ៍​បន្ទាប់​ពីតំបន់ Tigray​ បាន​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​តំបន់​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហព័ន្ធ។

ប្រជាជន​ប្រមាណ​ ៥០,០០០ ​នាក់​ពី​តំបន់​នោះ​បាន​រត់គេច​ទៅ​កាន់​ប្រទេស​ស៊ូដង់​ ដែល​នៅ​ជិត​ខាង ហើយ​មនុស្ស​ជាង​ ១០,០០០​ នាក់​ផ្សេង​ទៀត ​ត្រូវបាន​ផ្លាស់​ទី​លំនៅ​ក្នុង​ប្រទេស​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG