ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ថា​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កោះ​ដាច់​ស្រយាល​ត្រូវ​តែ​បញ្ឈប់


ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​បញ្ជូន​តាម​នាវា​ជើង​ទឹក​មួយ​គ្រឿង​ទៅកាន់​​កោះ​ Bhashan Char នៅ​ក្បែរ​ឆ្នេរ​ Bengal ពី​ប្រទេស​បង់ក្លាដែស ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​បញ្ជូន​តាម​នាវា​ជើង​ទឹក​មួយ​គ្រឿង​ទៅកាន់​​កោះ​ Bhashan Char នៅ​ក្បែរ​ឆ្នេរ​ Bengal ពី​ប្រទេស​បង់ក្លាដែស ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹងថា​ ខ្លួន​ប្រឆាំង​នឹង​ការ​បញ្ជូន​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពី​តំបន់ Cox's Bazar ប្រទេស​បង់ក្លាដែស​ ទៅ​កាន់​កោះ​ដាច់​ស្រយាល​នៅ​ក្បែរ​ឆ្នេរ​ Bengal។

អាជ្ញាធរ​ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃសុក្រ​បាន​បញ្ជូន​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង​១៥០០នាក់​ទៅ​កាន់​កោះ Bhasan Char ដែល​ជា​កោះ​គ្មាន​មនុស្ស​រស់​នៅ​ ស្ថិត​នៅ​ក្បែរ​តំបន់​ឆ្នេរ Bengal ដែល​កោះ​នេះ​ងាយ​រងគ្រោះ​ដោយ​សារ​ព្យុះ​ស៊ីក្លូន​និង​ងាយ​នឹង​រង​គ្រោះ​ដោយសារ​ទឹកជំនន់។

អ្នក​នាំពាក្យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​លោក Babar Baloch ថ្លែងថា ​អង្គការ​សហប្រជាជាតិ​មិន​ចូលរួម​ក្នុង​ការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​នេះ​ទេ។ លោក​បាន​ថ្លែងថា លោក​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ភៀសខ្លួន​ ហើយ​មាន​ព័ត៌មាន​តិច​តួច​ប៉ុណ្ណោះ​អំពី​ប្រតិបត្តិការ​ផ្លាស់​ទី​លំនៅ​នេះ។

លោក Baloch ថ្លែងថា​ អង្គការ ​UNHCR ​ព្រួយបារម្ភ​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដោយ​សេរី​អំពី​ការ​ផ្លាស់​ទីលំនៅ​ទៅ​រស់​នៅ​លើ​កោះ Bhasan Char។

លោក Baloch ថ្លែងថា៖«យើង​បាន​ឮ​សេចក្តី​រាយការណ៍​ពី​ជំរំ​ថា​ជនភៀសខ្លួន​មួយ​ចំនួន​រង​សម្ពាធ​ឲ្យ​ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​កោះ Bhasan Char ឬ​ អាចថា​ពួកគេ​បាន​ប្តូរ​ចិត្ត​ដំបូងៗ​ដែល​ចង់​ផ្លាស់​ទីលំនៅ​ទៅ​កោះ​នោះ ដោយ​លែង​ចង់ទៅ​វិញ​ហើយ។ ប្រសិន​ជា​ដូច្នេះមែន​ ពួកគេ​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​រស់​នៅ​ក្នុង​ជំរំ»។

ក្នុង​ឆ្នាំ២០១៧ ​ជនភៀសខ្លួន​ជិត​មួយ​លាន​នាក់​បាន​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់ Cox's Bazar ប្រទេស​មីយ៉ាន់ម៉ា ​ទីដែល​ពួកគេ​រស់​នៅ​ក្នុង​ស្ថានភាព​ជំរំ​ដែល​គគ្រិច​និង​ចង្អៀត។ ប្រទេស​បង់ក្លាដែស​ថា ខ្លួន​ចង់​ជួយ​បន្ថយ​ស្ថានភាព​ណែន​ចង្អៀត​នៅ​ក្នុង​ជំរំ ហើយ​មើលឃើញ​ការ​បញ្ជូន​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នាពេល​ថ្មីៗ​ថា​ជា​ជំហាន​ដំបូង​នៃ​ផែនការ​មួយ​ដើម្បី​បញ្ជូន​ជន​ភៀសខ្លួន​មួយ​សែន​នាក់​ទៅកាន់​កោះ​ Bhasan Char។

អង្គការ​សហប្រជាជាតិ​ (អ.ស.ប.)អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស​គោរព​ការ​ប្តេជ្ញា​របស់​ខ្លួន​ដែល​ថា ការ​ផ្លាស់ទីលំនៅ​ទៅ​រស់នៅ​កោះ​នោះ​នឹង​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត។

លោក​ Baloch ថ្លែងថា​ អង្គការ​ UNHCR ​ព្រួយបារម្ភ​ដោយ​ឃើញ​ពី​រូបភាព​មិន​សប្បាយ​ចិត្ត​របស់​ជនភៀសខ្លួន​នៅ​ក្នុង​អំឡុង​ពេល​ដំណើរការ​ផ្តាស់​ប្តូរ​ទីតាំង ​ហើយ​បាន​ប្រាប់​ពីការ​ព្រួយបារម្ភ​នេះ​ដល់​ក្រុម​អាជ្ញាធរ​បង់ក្លាដេស។

លោក Baloch ថ្លែងថា៖«យើង​បញ្ជាក់​ម្តង​ទៀត​ដូចមុនដែរ​គឺ​ថា ​ការ​ផ្លាស់​ទីលំនៅ​ទាំង​អស់ទៅកាន់​កោះ​ Bhasan Char ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​ និង​ផ្អែក​ទៅ​តាម​ការ​ពិគ្រោះ​គ្នា​និង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ​ ទាក់ទង​នឹង​ស្ថានភាព​ជីវិត​រស់នៅ​លើ​កោះ​នោះ ហើយ​និង​សិទ្ធិ​និង​សេវាកម្មនានា​ដែល​ជនភៀសខ្លួន​នឹង​អាច​ទទួល​បាន»។

លោក Baloch ថ្លែងថា អង្គការ​សហប្រជាជាតិ​មាន​ព័ត៌មាន​តិចតួច​អំពី​ស្ថានភាព​រស់នៅ​លើ​កោះ​នោះ ហើយចង់​ឲ្យ​រដ្ឋាភិបាល ​បង់ក្លាដែស​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ដើម្បី​បញ្ជាក់​ថា កោះ​នោះ​ជា​ទីមាន​សុវត្ថិភាព​និង​ជា​ទីកន្លែង​ដែល​មាន​និរន្តរភាព​ក្នុង​ការរស់​នៅបាន។ លោកបាន​ថ្លែងថា ជនភៀសខ្លួន​ត្រូវ​តែ​ទទួល​បាន​សេវា​សុខាភិបាល​ ការ​ទ្រទ្រង់​ជីវភាព​រស់នៅ ​និង​ការ​អប់រំ ហើយ​និង​ត្រូវ​មាន​ការ​ការពារ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​គ្រោះថ្នាក់​ដទៃ​ទៀត៕

ប្រែសម្រួល​ដោយ​អ្នកនាង​ ស្រេង លក្ខិណា

XS
SM
MD
LG