ទីភ្នាក់ងារជំនួយនានាកំពុងព្យាយាមស្វែងរកជំនួយសង្គ្រោះជីវិតជនភៀសខ្លួនដែលកំពុងកើនឡើងនៅតាមព្រំដែនប្រទេសអេត្យូពីនិងស៊ូដង់។ ពួកគេនិយាយថាជាមធ្យមមានមនុស្សពី៤០០០នាក់ទៅ៥០០០នាក់បានមកដល់ស៊ូដង់ខាងកើតរៀងរាល់ថ្ងៃ ហើយតម្រូវការគឺពិតជាច្រើនលើសលប់។
នៅក្នុងវីដេអូមួយពីរដ្ឋធានីខាទុំអ្នកតំណាងទីភ្នាក់ងារជនភៀសរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ លោក Axel Bisschop និយាយថាទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនបានមកទស្សនកិច្ចព្រំដែនចម្បងដែលឆ្លងកាត់ទីក្រុងHamdayat ដើម្បីស្ទង់ស្ថានភាព។
លោក Bisschop និយាយថា៖ «ឥឡូវនេះអ្វីដែលកំពុងកើតឡើងនៅទីនេះគឺថាមនុស្សម្នាកំពុងឆ្លងកាត់ទន្លេ ហើយពួកគេចូលមកដោយថ្មើរជើង។ ពួកគេត្រូវបានថែទាំនៅក្នុងមណ្ឌលទទួលភ្ញៀវដែលអាទិភាពចម្បងនៅពេលនេះគឺធានាថាការចុះឈ្មោះត្រូវបានធ្វើ។ ឥឡូវយើងក៏មានបញ្ហាទាក់ទិននឹងការការពារ អាហារ ទឹក ជម្រក និងសុខភាព»។
លោក Bisschop និយាយថាទីភ្នាក់ងារផ្តល់ជំនួយបានត្រៀមផ្តល់ជំនួយសម្រាប់ជនភៀសខ្លួន២ម៉ឺននាក់។ លោកនិយាយថាតួលេខនេះបានកើនឡើងហើយត្រូវបានជំនួសដោយតួលេខផែនការថ្មីគឺ២សែននាក់។ លោកនិយាយថាថវិកា៥០លានដុល្លារគឺកំពុងត្រូវការជាចាំបាច់ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់នាពេលនេះប៉ុន្តែទឹកប្រាក់ប្រមាណ២០០លានដុល្លារនឹងត្រូវការក្នុងរយៈពេល៦ខែខាងមុខ។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិរាយការណ៍ថាកុមារគឺមានប្រហែល៤៥ភាគរយនៃជនភៀសខ្លួនទាំងអស់។ អ្នកតំណាង UNICEF ក្នុងប្រទេសស៊ូដង់គឺលោកAbdullah Fadil និយាយថាគ្រួសារជាច្រើនបានរត់គេចដោយប្រញាប់ប្រញាល់ហើយកំពុងមកដល់ដោយមានឥវ៉ាន់បន្តិចបន្តួចប៉ុណ្ណោះ។ លោកនិយាយថាពួកគេភ័យខ្លាចហើយបង្ហាញការព្រួយបារម្ភអំពីមនុស្សដែលពួកគេបានចាកចោលក្នុងតំបន់ Tigray។
លោកនិយាយថា ស៊ូដង់បានទទួលជនភៀសខ្លួនលើសពី១,២លាននាក់ហើយនិងជាង២លាននាក់ភៀសខ្លួនក្នុងប្រទេស។ លោកនិយាយថា អត្រាអតិផរណាគឺលើស២៤០ភាគរយ។
លោកប្រាប់វីអូអេថាទឹកចិត្តសប្បុរសធម៌របស់ស៊ូដង់ ក្នុងការទទួលជនភៀសខ្លួនអេត្យូពីនៅពេលដែលខ្លួនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចគឺពិតជាគួរឲ្យស្ងើចសរសើរ។
លោក Fadil និយាយថា៖ «ស៊ូដង់កំពុងមានបន្ទុកជាច្រើនលើបញ្ហាសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួន។ ការទទួលជនភៀសខ្លួន២សែននាក់បន្ថែមនៅពេលដែលពួកគេមិនមានលទ្ធភាពហើយនៅព្រំដែនដែលមានអស្ថិរភាពនយោបាយអាចនឹងប៉ះពាល់ដល់មិនត្រឹមតែស៊ូដង់ប៉ុណ្ណោះទេគឺតំបន់នេះទាំងមូល»។
អាទិភាពរបស់អង្គការ UNICEF រួមមានការចែកចាយសម្ភារៈថែរក្សាអនាម័យ ទឹក រួបរួមកុមារដែលបែកចេញពីគ្រួសាររបស់ពួកគេឡើងវិញ និងផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តដល់ពួកគេនិងមនុស្សដែលរងផលប៉ះពាល់ដោយសារអំពើហិង្សាយេនឌ័រ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗ។
កម្មវិធីស្បៀងអាហារពិភពលោកថ្មីៗនេះកំពុងរៀបចំស្បៀងអាហារសម្រាប់មនុស្ស៦ម៉ឺននាក់ក្នុងមួយថ្ងៃ។ អង្គការនេះមានបំណងផ្តល់ជំនួយអាហារនិងអាហារូបត្ថម្ភដល់ជនភៀសខ្លួនអេត្យូពីរហូតដល់២សែននាក់សម្រាប់រយៈពេល៦ខែ។
អង្គការ UNHCR ស្ថិតក្នុងដំណើរការនៃការផ្លាស់ជនភៀសខ្លួនចេញពីព្រំដែនទៅកាន់ទីតាំងថ្មីដែលពួកគេនឹងមានសុវត្ថិភាពជាងមុនហើយអាចទទួលជំនួយសង្គ្រោះជិវិតងាយស្រួលជាងមុន៕
ប្រែសម្រួលដោយ ទុំ ម្លិះ