ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាសធាតុ​ក្តៅ​អាច​បន្ថយ​ការ​ឆ្លង​កូវីដ​១៩ តែ​មិន​អាច​បញ្ឈប់​វា​បាន​ទាំងស្រុង​ទេ


រូបឯកសារ៖ មនុស្សចាស់ និងកូនក្មេងលេងទឹកនៅសួន Rose Kennedy Greenway ក្នុងក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

ចាប់តាំងពី​ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​ផ្ទុះ​ឡើង​នៅក្នុង​ប្រទេស​ចិន​នៅ​ក្នុង​រដូវ​ត្រជាក់​កន្លង​ទៅ​នេះ មនុស្ស​មួយ​ចំនួនចេះ​តែ​មាន​ក្តី​សង្ឃឹម​ថា ការរាតត្បាត​នៃ​ជំងឺ​នេះនឹងបាត់​ទៅ​វិញ នៅ​ពេល​ដែល​រដូវ​ក្តៅ​បាន​មក​ដល់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​អភិបាលរដ្ឋ​កាលពី​ខែកុម្ភៈថា៖

«មនុស្ស​ជាច្រើន​គិត​ថា ជំងឺ​កូវីដ​១៩ នឹង​បាត់​ទៅ​វិញ​ដោយសារ​កម្តៅ​នៅ​ក្នុង​ខែមេសា»។

ខែមេសា​បាន​មក​ដល់ ហើយ​វា​ក៏​បាន​កន្លង​ផុត​ទៅ​ហើយ​ដែរ ហើយ​សន្ទុះ​នៃ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ នៅតែ​ខ្លាំង។ ក៏ប៉ុន្តែ​ខណៈ​ដែល​រដូវក្តៅ​នៅតំបន់​អឌ្ឍគោល​ខាងជើង​ខិត​ជិត​មក​ដល់ អ្នកជំនាញ​នានា កំពុង​ចាប់ផ្តើម​មើល​ឃើញ​ពី​ឥទ្ធិពល​ខ្លះពី​ការកើនឡើង​នៃ​សីតុណ្ហភាព និង​សំណើម ទៅ​លើ​វីរុស​កូរ៉ូណា។

ពួកគេ​និយាយ​ថា អាកាសធាតុ​ក្តៅ​ហើយ​សើម នឹង​មិន​អាច​បញ្ឈប់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ។ ក៏ប៉ុន្តែ វា​អាច​ជួយ​បន្ថយ​ចំនួន​អ្នក​ឆ្លង​ថ្មី។ ហើយ​ផលប៉ះពាល់​នៃ​អាកាសធាតុ​នេះ អាច​ជួយ​ពន្យល់​ពី​មូលហេតុ​ដែល​ផ្នែក​ខ្លះ​នៃ​តំបន់​ត្រូពិក មិន​បាន​រង​ផល​ប៉ះពាល់​ខ្លាំង ដូច​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​ក្នុង​ពិភពលោក។

រដូវកាល​ជំងឺ​កូវីដ​១៩

ជំងឺ​កូវីដ​១៩ បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា ដែល​ជា​វីរុស​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ។ វីរុស​នេះ ស្ថិត​នៅ​ក្នុង​ក្រុម​តែ​មួយ​ជាមួយនឹង​វីរុស​មួយ​ចំនួន​ធំ​ទៀត ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ផងដែរ។ ដោយសារតែ​ជំងឺ​ទាំងនោះ ថយចុះ​ទៅ​តាម​រដូវកាល​នោះ ការស្រាវជ្រាវ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ជំងឺ​កូវីដ​១៩​នេះ ក៏​នឹង​ថយ​ចុះ ទៅ​តាម​រដូវកាល​ផងដែរ។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវ​ផ្សេងទៀត បាន​រក​ឃើញ​ថា អាកាសធាតុ មាន​ផលប៉ះពាល់​តិច ឬ មិនមាន​សោះ ទៅ​លើ​វីរុស​កូរ៉ូណា​នេះ។

វីរុស​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ផ្តាសាយ និង​គ្រុនផ្តាសាយធំ រាតត្បាត​បាន​ងាយ​ជាង​នៅ​ក្នុង​រដូវត្រជាក់ មួយផ្នែក ដោយសារ​ខ្យល់​ត្រជាក់​មាន​ភាពស្ងួត​ជាង​ខ្យល់​រដូវក្តៅ។ ជាលក្ខណៈ​របស់​ធម្មជាតិ នៅ​រដូវក្តៅ ខ្យល់​មាន​សំណើម​ជាង​រដូវ​ត្រជាក់។ ភាគល្អិត​នៃ​វីរុស មិន​អាច​ធ្វើដំណើរ​បាន​ឆ្ងាយ​នៅក្នុង​ខ្យល់​ដែល​មាន​សំណើម​ទេ។ អ្នកស្រី Katriona Shea ជីវវិទូ​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អំពី​ជំងឺ​ឆ្លង​នៃ​សាកល​វិទ្យាល័យ Penn State ក្នុង​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«មាន​ការរៀបរាប់​ថា ភាគល្អិតតូចៗ​ទាំងនោះ នឹង​ស្រូប​យក​ជាតិ​សំណើម​នៅក្នុង​អាកាស ហើយ​វា​ក៏ធ្លាក់​ទៅ​លើ​ដី។ តែ​នោះ មិនមែន​ជា​ការរៀបរាប់​តាម​បែប​បច្ចេកទេស​ទេ»។

អ្នកវិទ្យាសាស្ត្រ​ខ្លះ​ដែល​ធ្វើការ​ព្យាករណ៍​អំពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ កំពុង​ចាប់ផ្តើម​បញ្ចូល​សីតុណ្ហភាព​ទៅ​ក្នុង​គំរូ​របស់​ពួកគេ។

លោក Christopher Murray ប្រធាន​ផ្នែក​វាស់វែង​និង​វាយតម្លៃ​សុខភាព​នៅ​សាកល​វិទ្យាល័យ University of Washington បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«យើង​ឃើញ​ការជាប់​ពាក់ព័ន្ធ​គ្នា​នេះ គឺ​នៅ​ពេល​ដែល​អាកាសធាតុ​ឡើង​ក្តៅ​មួយ​អង្សាសេ ការចម្លង​បាន​ថយ​ចុះ ប្រហែលជា ២ ភាគរយ»។

លោក Murray បាន​ថ្លែង​បន្ថែម​ថា «ចំនួន​នោះ មិន​មាន​ផលប៉ះពាល់​ធំដុំ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​សីតុណ្ហភាព​កាន់តែ​ក្តៅ វា​អាច​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ជាង​នេះ»។

តែ​ទោះជាយ៉ាងនេះ​ក្តី សំណួរ​នេះ នៅតែ​មិនទាន់​មាន​ចម្លើយ។

លោក Murray បាន​លើក​ឡើង​ថា «តើ​យើង​ប្រាកដ​អំពី​រឿង​នេះ​ទេ? ចម្លើយ គឺ ទេ។ «តើ​មាន​អ្នក​នៅក្នុង​សហគមន៍​វិទ្យាសាស្ត្រ​ដែលជឿ​ថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ខ្សោយ​ទៅ​តាម​រដូវកាល ឬ សីតុណ្ហភាព​នោះ? ចម្លើយ គឺ ពិត​ជា​មាន»។

ការសិក្សា​ចុងក្រោយ​មួយ​ដើម្បី​ពិនិត្យមើល​ផលប៉ះពាល់​នៃ​អាកាសធាតុ​ទៅ​លើ​វីរុស​កូរ៉ូណា បាន​រកឃើញ​ផលប៉ះពាល់​ស្រដៀងគ្នា​នេះ​ដែរ គឺ​ការចម្លង មាន​ការធ្លាក់​ចុះ​៣ភាគរយ នៅ​ពេល​ដែល​អាកាសធាតុ​ឡើង​ក្តៅ​មួយ​អង្សាសេ។ កម្រិតសំណើម និង​សម្ពាធ​ក្នុង​អាកាស មាន​ចំណែក​នៅក្នុង​រឿង​នេះ។

សហ​អ្នកនិពន្ធ​នៃ​ការសិក្សា​នោះ​ គឺ​លោក ​Hazhir Rahmandad ដែល​ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ចលនា​ទាក់ទង​ក្នុងប្រព័ន្ធ​នៅ​ឯ​សាកលវិទ្យាល័យ MIT បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«អាកាសធាតុ​តែ​មួយ​មុខ មិន​អាច​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​រដូវក្តៅ​នេះ​បាន​ទេ វា​គ្រាន់តែ​ជួយ​កាត់បន្ថយ​អត្រា​ឆ្លង​ក្នុង​កម្រិត​ណា​មួយ​តែប៉ុណ្ណោះ»។

ផលប៉ះពាល់​នៅក្នុង​តំបន់​ត្រូពិក

ដោយ​ប្រើ​របៀប​នៃ​ការចម្លង​វីរុស និង​ទិន្នន័យ​អាកាសធាតុ​ពី​ទីតាំង​ជាង ៣.៧០០ កន្លែង​នៅ​ជុំវិញ​ពិភពលោក​អ្នកនិពន្ធ​នៅក្នុងការសិក្សា​ខាង​លើ​នេះ បាន​ប៉ាន់​ប្រមាណ​ថាតើ​ផលប៉ះពាល់​នៃ​អាកាសធាតុ​ទៅ​លើ​រីករាលដាល​នៃ​វីរុស​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​បំផុត​ក្នុង​ពិភពលោក​នោះ មាន​ដល់​កម្រិត​ណា។

អ្នកនិពន្ធ​បាន​សរសេរ​ថា កម្តៅ​និង​សំណើម​អាច​ពន្យល់​បាន​ខ្លះ អំពី​មូលហេតុ​ដែល​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នៅ​អាស៊ី​ខាងត្បូង​និង​អាហ្វ្រិក​នៅ​មាន​ចំនួន​តិច។

ខណៈ​ដែល​អាកាសធាតុ​ក្តៅ អាច​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​បាន​ប្រហែលជា ២៥ ភាគរយ នៅក្នុង​ទីក្រុង​បូស្តុន​ក្នុង​រដ្ឋម៉ាសាឈូសេត​ដែល​នៅ​តំបន់​ត្រជាក់ភាគខាងជើងក្នុង​អំឡុង​ខែក្តៅ​បំផុត​នោះ ទីក្រុង Lagso ក្នុង​ប្រទេស​នីហ្សេរីយ៉ា​វិញ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រូពិក​នោះ អាច​នឹង​មាន​ការធ្លាក់​ចុះ​ជាង ៤០ ភាគរយ ដោយសារតែ​កម្តៅ និង​សំណើម។

ទោះជាយ៉ាងនេះក្តី វីរុស​កូរ៉ូណា​នេះ​នៅតែ​ឆ្លងរាលដាល​ក្នុង​ល័ក្ខខ័ណ្ឌ​អាកាសធាតុ​ក្តៅទាំងនោះ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​ប្រទេស​សិង្ហបូរី ដែល​ពេល​ថ្មីៗ​នេះ ករណី​អ្នកឆ្លង​ថ្មី បាន​កើន​ដល់​ពី​ចំនួន ៧០០ ទៅ ៨០០ នាក់​ក្នុង​មួយ​ថ្ងៃ។

លោកAngel Serrano Aroca សាស្រ្តាចារ្យ​ផ្នែក​ជីវវិស្វកម្ម​នៅ​សាកល​វិទ្យាល័យ Universidad Católica de Valencia បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«យើង​បាន​ឃើញ​ហើយ​ថា វីរុស​កូរ៉ូណា​នេះ បាន​រាតត្បាត​ទៅ​ពាសពេញ​ពិភពលោក​គឺ​ទៅដល់​ទីកន្លែង​ដែល​មាន​សីតុណ្ហភាព​ខុសៗ​គ្នា។ ខ្ញុំ​ជឿ​ថា លក្ខខណ្ឌ​អាកាសធាតុ មាន​ឥទ្ធិពល ប៉ុន្តែ​ខ្ញុំ​គិត​ថា វីរុស​នេះ​ឆ្លង​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​កត្តា​ផ្សេងៗទៀតសំខាន់​ជាង​»។

ក្រុមអ្នកជំនាញ​បាន​និយាយ​ថា (កត្តា)​ដង់ស៊ីតេ​ប្រជាជន វិធានការ​ឲ្យ​រក្សា​គម្លាត​នៅឆ្ងាយ​ពី​គ្នា​ក្នុង​សង្គម ការធ្វើ​តេស្ត និង​ការតាមដាន​រក​អ្នក​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា មាន​ផលប៉ះពាល់​ច្រើន​ជាង​អាកាសធាតុ។

សម្រាប់​លោក Murray និង​សហការី​នៅ​ឯ​សាកល​វិទ្យាល័យ University of Washington វិញ បាន​និយាយ​ថា «ការ​ផ្លាស់​ទី​ គឺជា​កត្តា​សំខាន់​បំផុត ហើយ​បន្ទាប់មក​គឺការ​ធ្វើតេស្ត​លើ​មនុស្ស​ម្នាក់ៗ»។

ក្រុម​របស់​លោក Murray បាន​បង្កើន​ការ​ប៉ាន់ស្មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ​ទ្វេដង​នៅក្នុង​សហរដ្ឋ​អាមេរិក​ពី​ចំនួន ៦០.០០០ នាក់ នៅពាក់​កណ្តាល​ខែមេសា​ដល់ ១៣៥.០០០ កាលពី​សប្តាហ៍​មុន​នោះ មួយ​ចំណែក​ធំ គឺ​ដោយសារតែ​រដ្ឋ​នានា បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​លើ​វិធានការ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម ហើយ​បុគ្គល​ម្នាក់ៗ មិន​នៅ​នឹង​មួយ​កន្លែង​ទេ សូម្បីតែ​នៅក្នុង​តំបន់​ដែល​ត្រូវបាន​ដាក់​កំហិត​មិន​ឲ្យ​មាន​សកម្មភាព​សង្គម​ក៏ដោយ។

លោក Murray បាន​ថ្លែង​បន្ត​ទៀត​ថា សីតុណ្ហភាព​ប្រហែល​ជា​(កត្តា) «សំខាន់ ប៉ុន្តែ សារៈសំខាន់​របស់​វា គឺ​តិច​បំផុត»។

ទោះយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រ ត្រូវស្រាវជ្រាវ​ឲ្យ​ដឹងច្រើន​ទៀត​អំពី​វីរុស​កូរ៉ូណា​នេះ។

លោក Murray បាន​ថ្លែង​បន្ថែម​ថា៖

«នៅពេលដែល​កន្លែង​ខ្លះ​ចាប់ផ្តើ​ម​ឡើង​ក្តៅ យើង​អាច​នឹង​ទទួល​បាន​សញ្ញា​កាន់តែ​ច្បាស់ ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ថា តើ​ផលប៉ះពាល់​ពេញលេញ ដោយសារ​សីតុណ្ហភាព ឬ រដូវកាល នឹង​មាន​ដល់​កម្រិត​ណា​នោះ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG