ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​សុខភាព​ផ្លូវចិត្តបាន​កើន​ឡើង​ក្នុង​អំឡុងពេល​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ អ្នកជំងឺកូវីដ១៩ កំពុងត្រូវបានបញ្ជូនទៅកន្លែងមួយទៀត នៅមន្ទីរពេទ្យមួយ នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកជំងឺកូវីដ១៩ កំពុងត្រូវបានបញ្ជូនទៅកន្លែងមួយទៀត នៅមន្ទីរពេទ្យមួយ នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

ការថប់​អារម្មណ៍ ភាពអត់ការងារធ្វើ ភាពឯកោ និង​ភាព​មិន​ប្រាកដ​ប្រជា នាំឲ្យ​មាន​ជំងឺ​ធ្លាក់ទឹកចិត្ត និង​ការធ្វើបាប​ខ្លួនឯង ដែល​អាច​ជា​សញ្ញា​នៃ​ការចាប់ផ្តើម​មាន​វិបត្តិ​សុខភាព​ផ្លូវចិត្ត​ដ៏​យូរអង្វែង​មួយ។

នៅ​ពេល​ដែល​វីរុស​កូរ៉ូណា​នៅតែ​បន្ត​រាតត្បាត​យ៉ាងខ្លាំងក្លា​នោះ ប​ញ្ហា​ដែល​មើល​មិន​ឃើញ​មួយ កំពុង​លេច​ឡើង​សម្រាប់​មនុស្ស​ជាច្រើន​នៅ​ឯ​ផ្ទះ។ បញ្ហា​នេះ គឺ​បណ្តាល​មកពី​ការថប់​អារម្មណ៍ ភាព​គ្មាន​ការងារធ្វើ ការស្លាប់ ភាពឯកោ និង​ភាពមិន​ច្បាស់លាស់ ដែល​ទាំងអស់​នេះ កើតឡើង​ក្នុង​ពេល​ជាមួយ​នឹង​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ។

ខែឧសភា​នេះ គឺជា​ខែយល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត ហើយក្នុង​ពេល​បច្ចុប្បុន្ន​នេះ ប្រធានបទ​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត​នេះ គឺ​មាន​សារៈ​សំខាន់​យ៉ាងខ្លាំងជាង​ពេល​ណាៗ​ទាំងអស់។ ទីភ្នាក់ងារ​សហព័ន្ធ​នានា និង​អ្នកជំនាញ កំពុង​រាយការណ៍​អំពី​ការកើនឡើង​នូវ​អត្រា​នៃ​មនុស្ស​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ហើយ​បាន​ព្យាករណ៍​ថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​វិបត្តិ​សុខភាព​ផ្លូវចិត្ត​ដ៏​យូរអង្វែង​មួយ​ប៉ុណ្ណោះ។

មនុស្ស​ចំនួន​ជិត​ពាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិកនិយាយ​ថា ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ។ នេះ បើ​តាម​ការស្ទង់មតិ​របស់​មូលនិធិ Kaiser Family Foundation។ ការស្ទង់មតិ​តាមដាន ដែល​បាន​សាកសួរ​ពលរដ្ឋ​អាមេរិកាំង​ចំនួន ១,២២៦ នាក់ ចាប់ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃទី ៣០ ខែមីនា ដែលអាច​ខុសចំនួន​៣​ភាគ​រយនោះ គឺ​មនុស្ស​ពេញវ័យ​ចំនួន ៤៥ ភាគរយ និយាយ​ថា វិបត្តិ​នេះ ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ ហើយ ១៩ ភាគរយ និយាយ​ថា «វាប៉ះពាល់​យ៉ាងខ្លាំង»។

លោក Paul Gionfriddo ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិន​គិត​ប្រាក់​កម្រៃ​ដែល​ធ្វើការ​ផ្តោត​ទៅ​លើ​ការជួយ​អ្នកមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ឈ្មោះ Mental Health America ឬ ហៅ​កាត់ថា MHA។ លោក Gionfriddo បាន​និយាយ​ក្នុងសម្តី​ដើម​ថា៖

«ចំនួន​ខាង​លើ​នេះ គឺ​គ្រាន់តែជា​ផ្នែក​ដ៏​តូច​មួយ​នៃ​បញ្ហា​ដ៏​ធំ។ មនុស្ស​រាប់ម៉ឺន​នាក់ បាន​ឆ្លង​កាត់​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ​នេះ​រួច​ទៅ​ហើយ ដោយសារតែ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ហើយ​ក្នុងចំណោម​អ្នកទាំងនោះ​ជាច្រើន គឺជា​មនុស្ស​វ័យ​ក្មេង»។

លោក Gionfriddo បាន​និយាយ​ថា ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​អង្គការ MHA សម្រាប់​ការថប់​អារម្មណ៍ បាន​កើនឡើង​ជាង ៧០ភាគរយ ពី​ខែមករា​ដល់​ខែមេសា ហើយ​ចំនួន​អ្នក​ដែល​បាន​ពិនិត្យ​សម្រាប់​ជំងឺ​ធ្លាក់ទឹកចិត្ត​បាន​កើន​ឡើង ៦៤​ភាគរយ។

មនុស្ស​ចំនួន ៧.១៤០ នាក់ ក្នុង​ចំណោម​មនុស្ស​ដែល​ទាក់ទង​ទៅ​អង្គការ MHA បាន​រាយការណ៍​ថា ពួកគេ​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត ឬ ធ្វើ​បាប​ខ្លួន​ឯង។ ចំនួន​ខាង​លើ​នេះ គឺ​មាន​ចំនួន ៤២ភាគរយ ខ្ពស់​ជាង​ចំនួន​ដែល​លោក Gionfriddo បាន​រំពឹង​ទុក​ដែល​ផ្អែក​លើ​បទពិសោធន៍​មុន​ពេល​មាន​រោគ​រាតត្បាត​នេះ។

អង្គការ​សម្ព័ន្ធភាព​ជាតិ​ស្តីពី​ជំងឺ​ផ្លូវចិត្ត ហៅ​កាត់ថា NAMI បាន​រាយការណ៍​ថា ក្នុង​រយៈពេល ៣ ខែ ចាប់តាំងពី​ការចាប់ផ្តើម​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ តម្រូវការ​សម្រាប់​ធនធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត បាន​កើន​ឡើង​យ៉ាងខ្លាំង ហើយ​ចំនួន​អ្នកហៅ​ទូរស័ព្ទ​បន្ទាន់ និង​អ្នក​ដែល​សរសេរ​តាម​សារ​អេឡិចត្រូនិក ឬ អ៊ីម៉ែល មក​កាន់​អង្គការ​នេះ ក្នុង​ចន្លោះ​ពេល​ពី​ថ្ងៃទី ១ ខែមីនា ដល់​ថ្ងៃទី ២៣ ខែមេសាកន្លង​ទៅ​នេះ បាន​កើន​៤១ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ក្នុង​ឆ្នាំ ២០១៩។

អ្នកស្រី Dawn Brown នាយិកា​ផ្នែក​ទំនាក់ទំនង​សហគមន៍​នៅ​អង្គការ​ NAMI បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«អ្នកហៅ​ទូរស័ព្ទ​មក​ខ្សែ HelpLine ដែល​ជា​ខ្សែ​ទូរស័ព្ទ​ខាង​ផ្តល់​ជំនួយ​បាន​និយាយ​ថា ជំងឺ​កូវីដ១៩ គឺ​ជា​ប្រភព​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការថប់អារម្មណ៍​យ៉ាងខ្លាំង​ជាញឹកញាប់ ពីព្រោះ​វា ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​អំពី​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ។ អ្នកហៅ​ទូរស័ព្ទ​មួយ​ចំនួន មាន​បញ្ហា​ភ័យ​ស្លន់ស្លោរ​ខ្លាំង​ភ្លាមៗ នៅ​ពេល​ដែល​ពួកគេ​ទូរស័ព្ទ​មក​ពួក​យើង ហើយ​អ្នកស្ម័គ្រចិត្ត​របស់​យើង​ជួយ​ពួកគេ​ឲ្យ​ឆ្លងកាត់​ភាពភ័យ​ស្លន់ស្លោ​នេះ រហូត​ដល់​ពួកគេ អាច​និយាយ​អំពី​បញ្ហា​របស់​ពួកគេ​បាន»។

អ្នកស្រី Brown បាន​និយាយ​ទៀត​ថា ៧៥ ភាគរយ​នៃ​អ្នកហៅ​ទូរស័ព្ទ​មក​អង្គការ​អ្នកស្រី ត្រូវការ​ការគាំទ្រ និង​ការធានា​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត នៅក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ។ ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ច្រើន​បំផុត​ទីពីរ ហើយ​ការកើនឡើង​នេះ ត្រូវ​បាន​គេ​សន្មត​ថា ដោយសារ​តែ​ភាពឯកោ និង​ការអស់​សង្ឃឹម។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​វិបត្តិ​សុខភាព​ផ្លូវចិត្ត​បាន​កើតឡើង ក្រោយពី​មាន​សោកនាដកម្ម ឬភាពអាសន្ន​ថ្នាក់​ជាតិ​នោះ។

ក្រោយពី​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០០៧ និង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរដែល​កើត​ឡើង​បន្ទាប់​ពី​នោះ​មក សហរដ្ឋ​អាមេរិក មាន​អត្រា​អ្នក​ជំងឺ​ធ្លាក់ទឹកចិត្ត អ្នក​មាន​បញ្ហា​ថប់​អារម្មណ៍ និង​អ្នកញៀន​គ្រឿង​ស្រវឹង កើនឡើង​ខ្ពស់ ហើយ​ចំនួន​អ្នក​ធ្វើអត្តឃាត បាន​កើនឡើង ១៣ ភាគរយ។ ក្នុង​ឆ្នាំ ២០០៨ មនុស្ស​ជាង ៤៦.០០០ នាក់ បាន​ធ្វើអត្តឃាត​ដោយសារ​ភាពអត់​ការងារធ្វើ និង​វិសមភាព​ប្រាក់​ចំណូល។

នៅក្នុង​ការស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃទី​២៩ ខែមីនា ដែល​បាន​សាកសួរ​ពលរដ្ឋ​អាមេរិកាំង​ចំនួន ១,០៦២ នាក់ ដោយ​ក្រុមហ៊ុន McKinsey & Company ដែល​អាច​ខុស​៣​ភាគ​រយ​នោះ គឺ​មនុស្ស​ចំនួន ៣៥ ភាគរយ នៃ​អ្នកឆ្លើយ​សំណួរ​ទាំងអស់ បាន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត និង​មាន​អារម្មណ៍​មិនស្ងប់ ខណៈដែល ៤២ ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​កាត់បន្ថយ​ការងារ ឬ បាត់បង់​ការងារ បាន​និយាយ​ថា ពួកគេ មាន​ការធ្លាក់​ទឹកចិត្ត និង​មាន​អារម្មណ៍​មិន​ស្ងប់។ ម្នាក់​ក្នុង​ចំណោម ៤ នាក់ នៃ​អ្នក​ដែល​ត្រូវបាន​សាកសួរ​រាយការណ៍​ថា ពួកគេ​«ផឹកគ្រឿងស្រវឹង​ជាប់​ជាប្រចាំ» ម្នាក់​ក្នុង​ចំណោម ៥ នាក់ បាន​រាយការណ៍​ថា បាន​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​ទាំង​ខ្លួន​គ្មាន​ជំងឺ ហើយ​ម្នាក់​ក្នុង​ចំណោម ៧ នាក់​បាន​រាយការណ៍​ថា បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់។

នៅពេល​ដែល​អត្រា​គ្មាន​ការងារធ្វើ​ឈាន​ដល់​កម្រិត​ធ្ងន់​ធ្ងរបំផុត ចាប់តាំងពីវិបត្តិ​សេដ្ឋកិច្ច ដែល​ខ្ពស់​ជាង​អត្រា​ដែល​ត្រូវបាន​រាយការណ៍​ក្នុង​ឆ្នាំ ២០០៨ នោះ ក្រុម​អ្នកជំនាញ កំពុង​ចាប់ផ្តើម​ព្រួយបារម្ភ​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ត្រៀម​ខ្លួន ដើម្បី​ដោះស្រាយ​ការកើនឡើង​នៃ​អ្នក​អត់​មាន​ការងារ​ធ្វើ​នេះ​ទេ។ គំរូ​ដែល​បាន​មក​ពី​ការប្រើ​ទិន្នន័យ​ពី​ភាពអាសន្ន​ថ្នាក់​ជាតិ​ក្នុងពេល​កន្លង​មក​បង្ហាញ​ថា ក្នុង​ពេល​ខាងមុខ​ទំនងជា​នឹង​មាន​ការកើនឡើង​នៃ​អ្នក​ធ្វើអត្តឃាត ការស្លាប់​ដោយ​សេព​គ្រឿង​ញៀន​ហួស​កម្រិត និង​ការប្រើប្រាស់​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង។

លោក Paul Gionfriddo នៃ​អង្គការ MHAបាន​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «យើង​ផ្តល់​ជូន​ការធ្វើ​តេស្ត ដើម្បី​ការពារ​មនុស្ស​ពី​វីរុស​កូរ៉ូណា​នេះ។ យើង​ផ្តល់​ថវិកា​ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ពួកគេ។ យើង​ត្រូវ​ផ្តល់​ជូន​នូវ​ការពិនិត្យ​សុខភាព​ផ្លូវចិត្ត និង​សេវាកម្ម​នានា ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពួកគេ»។

ខណៈពេលដែល​កញ្ចប់​ថវិកា​លើក​ស្ទួយ​សេដ្ឋកិច្ច​បាន​ជួយ​សម្រួល​ដល់​ផ្នែក​ធនធាន​សុខភាព​ផ្លូវចិត្ត​នោះ ចំនួន​ថវិកា​នោះ គ្រាន់តែ​ជា​ភាគរយ​តិចតួច​នៃ​កញ្ចប់​ថវិកា​ដែល​មាន​ទឹកប្រាក់​រាប់​លាន​លាន​ដុល្លារ​សម្រាប់​ជួយ​ទប់ស្កាត់​ជាបន្ទាន់​នៃ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ ប៉ុណ្ណោះ។

ធនធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត

ដោយ​សារ​តែ​មិន​ដឹង​ថា​តើ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ នឹង​ចប់​ទៅ​នៅ​ពេល​ណា​នោះ អ្នកចិត្តសាស្រ្ត ជាច្រើន​កំពុង​ផ្លាស់ប្តូរ​ទៅ​ប្រើប្រាស់​វិធី​ពិគ្រោះ​យោបល់ជាមួយអ្នកជំងឺ​ពី​ផ្ទះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ដូច​ជា​ទូរស័ព្ទ ឬ វីដេអូ ​វិញ។

អ្នកចិត្តវិទ្យា Lynne Gots ដែល​ជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​មួយ​រូប ស្ថិត​ក្នុង​ចំណោម​អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​រាប់​ពាន់នាក់ ដែល​កំពុង​ផ្តល់​ការ​ពិគ្រោះ​យោបល់​ដល់​អ្នកជំងឺ​ពី​ផ្ទះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុង​ការទាក់ទងគ្នាដូច​ជា​ទូរស័ព្ទ ឬ វីដេអូ ​។ អ្នកស្រី​បាន​និយាយ​ថា ការ​ផ្តល់​ការពិគ្រោះ​យោបល់​ដល់​អ្នកជំងឺ​ពី​ផ្ទះបែបនេះ មាន​ភាពប្រសើរ​ឡើង​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។ អ្នកស្រី Gots បាន​ថ្លែង​បន្ត​ក្នុងសម្តី​ដើម​ថា៖

«ខ្ញុំ​ប្រាកដ​ជានឹង​ប្រើ​វិធី​ពិគ្រោះ​យោបល់​ដល់​អ្នកជំងឺ​ពី​ផ្ទះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុង​ការទាក់ទងគ្នា​នេះ​ជា​បន្តទៀត ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ បាន​បញ្ចប់​ទៅ។ មាន​មនុស្ស​ជាច្រើន បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​ពិតជា​ចូលចិត្ត​វិធី​នេះ​ណាស់»។

អ្នកស្រី Gots បាន​គូសបញ្ជាក់​អំពី​វិធី​ដែល​មនុស្ស​អាច​ការពារ​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន​បាន​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ នៅក្នុង​អត្ថបទ​មួយ​ដែល​អ្នកស្រី​បាន​សរសេរ​សម្រាប់​អង្គការ NAMI។ អ្នកស្រី​បាន​និយាយ​ថា ការរក្សា​ទម្លាប់ ការប្រកាន់​ខ្ជាប់​នូវ​ផែនការ​ព្យាបាល​ផ្នែក​សុខភាព​ផ្លូវចិត្ត ហាត់​សមាធិ តិចនិច​ក្នុង​ការ​ព្រម​ទទួលយក​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម គឺជា​វិធី​មួយ​ចំនួន​ដែល​មនុស្ស​ម្នា​អាច​អនុវត្ត ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាពតានតឹង​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ និង​អាច​ជួយ​ឲ្យ​ពួកគេ​មានសុខភាព​ល្អ។

អ្នកស្រី Gots ក៏​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការប្រុងប្រយ័ត្ន​ដែល​សមហេតុផល​ផងដែរ ក៏ប៉ុន្តែ មិន​ត្រូវ​គិតគូរ​ហួសហេតុ​ពេក ឬ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ការថប់​អារម្មណ៍​មាន​អំណាច​លើ​ការប្រព្រឹត្ត​របស់​យើង​នោះ​ទេ។

ការបណ្តុះ​ចិត្ត​ឲ្យ​ចេះ​អាណិត​អាសូរ​ខ្លួនឯង គឺ​ជា​វិធី​មួយ​ផ្សេង​ទៀត​ដែល​អ្នកស្រី Gots បាន​និយាយ​ថា អាច​ជួយ​មនុស្ស​ឲ្យ​គ្រប់គ្រង​ខ្លួន​ឯង​ក្នុង​ភាពឯកោ និង​ថែរក្សា​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​បាន។ អ្នកស្រី Gots បាន​ថ្លែង​បន្ត​ក្នុងសម្តី​ដើម​ថា៖

«ដើម្បី​បន្ធូរ​អារម្មណ៍​ឯកោ យើង​ត្រូវ​ទទួលស្គាល់​ការលំបាក​របស់​យើង ដោយ​ការគិត​ដល់​អ្វី​ដែល​ល្អៗ​ចំពោះ​ខ្លួន​ឯង ជាជាង​ការវាយតម្លៃ​មិនល្អ​ចំពោះ​ខ្លួន​ឯង ហើយ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ​ក្នុង​ពេល​ឥឡូវនេះ មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ក៏ កំពុង​តែ​ជួប​ប្រទះ​បញ្ហា ដូច​យើង​ដែរ។ ជម្រើស​តែ​មួយ​គត់​របស់​យើង គឺ​ត្រូវ​ស៊ូទ្រាំ​ឲ្យ​អស់​ពី​លទ្ធភាព​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន មិន​ត្រូវ​គិត​ច្រើន​ពេក​នៅ​ដែលយើង​មិន​សប្បាយ​ចិត្ត ហើយ​រំឭក​ខ្លួន​ឯង​ថា វា​នឹង​មិននៅ​បែបនេះ​រហូត​នោះ​ទេ»។

អង្គការ​ជួយ​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត MHA បណ្តាញ​ថ្នាក់​ជាតិ​ដែល​ធ្វើការ​រារាំង​មិន​ឲ្យ​មនុស្ស​ធ្វើ​អត្តឃាត និង​អង្គការ​សម្ព័ន្ធភាព​ជាតិ​ស្តីពី​ជំងឺ​ផ្លូវចិត្ត NAMI ផ្តល់​ធនធាន​នានា ដូចជា ព័ត៌មាន​អប់រំ ការពិនិត្យ​តាម​អនឡាញ​ដោយ​ឥតគិត​ថ្លៃ និង​លេខ​ទូរស័ព្ទ​សម្រាប់​ការហៅ​បន្ទាន់​ជាដើម។ ព័ត៌មាន​បន្ថែម​អំពី​សុខភាព​ផ្លូវចិត្ត និង​ជំងឺ​កូវីដ១៩ គឺ​មាន​នៅ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ដែល​ហៅ​កាត់​ថា CDC៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG