ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ​ស​ឡើងវិញ ក្រោយពី​គ្មាន​របាយ​ការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែង នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែង នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

ប្រទេស​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ​ស​របស់​ខ្លួន​ឡើង​វិញ​ ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ បន្ទាប់​ពី​បាន​ផ្អាក​ការ​នាំ​ចេញ​អង្ករ​ប្រភេទ​នេះ ​អស់រយៈ​ពេល​ជាង ​១​ខែ​កន្លង​មក​ ដោយសារ​តែ​វិបត្តិកូ​វីដ១៩។ នេះ​បើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១៣ ខែ​ឧសភា​នេះ។

​សេចក្តី​ប្រកាសព័ត៌មាន​បាន​បញ្ជាក់​ថា​៖ «រាជរដ្ឋាភិបាល ​សម្រេច​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នាំ​ចេញ​អង្ករ​ស​ជា​បណ្តើរៗ​ឡើងវិញ តាម​កិច្ច​សន្យា​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា ​ឆ្នាំ​២០២០​តទៅ»។

កាល​ពី​ចុង​ខែ​មីនា រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ស្រូវ​ និង​អង្ករ​ស​របស់​កម្ពុជា ​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក ក្នុង​គ្រា​ដែល​ជំងឺ​កូវីដ១៩​ កំពុង​រាតត្បាត​នៅ​ទូទាំង​សកល​លោក​ រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ។​

រហូត​មក​ដល់​ពេល​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​សរុប​ចំនួន ​១២២​ នាក់ ប៉ុន្តែ​អាជ្ញាធរ​បាន​រាយ​ការណ៍​ថា ស្ទើរ​តែ​ករណី​ទាំង​អស់​បាន​ជាសះស្បើយ​ឡើង​វិញ​ហើយ។​

កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ​៣០ ​ម៉ឺន​តោន​ក្នុង​រយៈពេល ​៤ ​ខែ​ដំបូង​នៃ​ឆ្នាំ ​២០២០​ នេះ គឺ​កើនឡើង​ជាង​ ៤០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៩។ នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា៕

XS
SM
MD
LG