ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​ញាំញី​ប្រទេស​យេម៉ែន បន្ទាប់​មក​កើត​មាន​សត្វកណ្តូប​បំផ្លាញ​ដំណាំ​កសិកម្ម​


រូបឯកសារ៖ កណ្តូបងាប់ដែលត្រូវបានឃើញនៅតាមដងផ្លូវមួយនៅប្រទេសយេម៉ែន។​
រូបឯកសារ៖ កណ្តូបងាប់ដែលត្រូវបានឃើញនៅតាមដងផ្លូវមួយនៅប្រទេសយេម៉ែន។​

ក្នុង​រយៈ​ពេល​​៣ខែ​​ចុងក្រោយ​នេះ ​អង្គការ​អន្តរជាតិនានាបាន​ឃ្លាំមើល​ចលនា​របស់​ហ្វូង​សត្វកណ្តូបទាំងនោះ។​ អង្គការម្ហូបអាហារ​និង​កសិកម្ម ឬ FAO ​បាន​តាម​ដាន​ឃើញ​ចំនួន​សត្វកណ្តូប​នោះ​កើន​ឡើង​ជិត​២​ដង។

សង្គ្រាម​រ៉ាំរ៉ៃបាន​អូសបន្លាយ​នៅ​ក្នុង​ប្រទេស​យេម៉ែន ​ហើយ​ធម្មជាតិ​ក៏​បង្ក​ផល​លំបាក​ដល់​ប្រទេស​យេម៉ែន​ផងដែរ។ ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់​ពណ៌​ក្រ​ហម​ដ៏​ច្រើន​ណែនណាន់​តាន់​តាប់​ ដែលបាន​ត្រូវ​គេ​ប្រទះ​ឃើញហើរកាត់​តាមរដ្ឋ​ធានី​សាណាអា ​កំពុង​គំរាម​កំហែង​ផលិតផល​កសិកម្ម​របស់​យេម៉ែន​ដែល​នៅ​សេស​សល់ ​ហើយ ​បាន​បន្ថែម​ទុក្ខ​លំបាក​ដល់​អសន្តិសុខ​ម្ហូប​អាហារ​ដែល​កំពុង​ជួបការ​លំបាក​យ៉ាង​ខ្លាំងរួច​ទៅ​ហើយ​របស់​ប្រទេស​នោះ។

លោក Saleh Mohammed ព្រួយ​បារម្ភអំពីការ​ជួយ​ឧបត្ថម្ភ​ក្រុមគ្រួសារ​របស់​លោក ​ហើយប្រែក្លាយ​គ្រោះ​កាច​ញាំញីទៅ​ជាការ​ជួយ​សង្គ្រោះ​មួយ។ លោក​និង​កូន​៥​នាក់​ទៀត​របស់​លោក ព្យាយាម​ប្រមូលសត្វកណ្តូបពីលើ​ដំបូល​ផ្ទះ​របស់​លោក​ដើម្បី​លក់ជាម្ហូបអាហារ។ ​ក៏ប៉ុន្តែការលក់​ដូរ​នេះមិន​សូវ​ដាច់​ឡើយ ​ដោយ​សត្វ​កណ្តូប​ច្រើន​ពេក​។​កណ្តូប​មួយ​ថង់​ដែល​ពួកគេ ​ជា​ធម្មតា​លក់​បាន​តម្លៃ​ ៧០​ដុល្លារ ឥឡូវនេះ​អាច​លក់​បាន​តែ ​១២ដុល្លារ​ប៉ុណ្ណោះ។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​រាយការណ៍​ថា ពលរដ្ឋ​យេម៉ែន​១០​លាន​នាក់ ​ត្រូវការ​ជំនួយ​ឧបត្ថម្ភម្ហូប​អាហារ ​ហើយ​ប្រជា​ពលរដ្ឋនៅពេល​បច្ចុប្បន្ននេះស្ទើរតែ​ជួប​ប្រទះ​នូវការស្លាប់​អត់​បាយ​យ៉ាង​ខ្លាំង។ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​កាល​ពីពេល​ថ្មី​ៗ​នេះ ​បាន​ឈប់ផ្តល់​ជំនួយ​ទៅ​ឲ្យ​យេម៉ែន​ដោយ​ចោទ​ប្រកាន់​ថា ​ពួកឧទ្ទាម Houthis បាន​បង្វែ​ជំនួយ​ម្ហូបអាហារ​ទាំង​នោះ​ទៅ​ជា​ថវិកា​សម្រាប់​សង្គ្រាម។

លោក Mohammed Ali al-Houthis អ្នក​នាំពាក្យ​ពួក​ឧទ្ទាម Houthis បាន​បញ្ជូន​សារ​ប្រព័ន្ធ Twitter ថា ក្រុម​ឧទ្ទាម​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិនៅ​ឆ្នាំ​២០១៤ ឥឡូវ​នេះបាន​ធ្វើ​កិច្ចព្រម​ព្រៀង​ជាមួយ​អង្គការ​កម្មវិធីស្បៀង​អាហារ​ពិភព​លោក​ដើម្បី​ធ្វើ​ឲ្យមាន​ជំនួយនោះ​ឡើង​វិញ។

គិត​ត្រឹម​ខែ​កញ្ញា​នេះ អង្គការ​កម្មវិធីស្បៀង​អាហារ​ពិភព​លោក​បាន​រាយការណ៍​ពី​ការ ផ្គត់ផ្គង់​ជំនួយ​សង្គ្រោះ​ហើយ​បាន​បញ្ឈប់​ការផ្អាក​កាលពី​ពេល​មុនដែល​មាន​រយៈ​ពេល​២​ខែ។ ក្រុម Houthis បាន​យល់ព្រម​អនុវត្តតាម​គម្រោង​នៃការ​ពិនិត្យ​មើល​កែវ​ភ្នែក​និង​ទម្រង់​មុខ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ការ​ផ្គត់ផ្គង់​ជំនួយ​ទាំង​នោះ ​បានទៅ​ដល់អ្នក​ដែល​ត្រូវការបំផុត។​ ទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​យេមែ៉ននៅ​តែ​ត្រូវបាន​គេ​ចាត់​ទុក​ជា​ប្រទេស​មួយ​ដែល​មាន​វិបត្តិ​មនុស្ស​ធម៌ធំបង្អស់របស់​ពិភពលោក​ហើយ​សត្វ​កណ្តូប​ដ៏​ច្រើន​បានធ្វើឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​មហន្តរាយ​កាន់​តែ​ខ្លាំង​ឡើង។​ប្រសិនបើហ្វូង​សត្វ​កណ្តូប​ដ៏​ណែនណាន់​តាន់តាប់​មិន​ត្រូវបាន​គេ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវទេ វា​បណ្តាល​ឲ្យ​មាន​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​ដំណាំ។

​ក្នុង​រយៈ​ពេល៣ខែចុងក្រោយ​នេះ ​អង្គការ​អន្តរជាតិនានាបាន​ឃ្លាំមើល​ចលនា​របស់​ហ្វូង​សត្វកណ្តូបទាំងនោះ។​ អង្គការម្ហូបអាហារ​និង​កសិកម្ម ឬ FAO ​បាន​តាម​ដាន​ឃើញ​ចំនួន​សត្វកណ្តូប​នោះ​កើន​ឡើង​ជិត​២​ដង។

ពលរដ្ឋ​យេម៉ែន ​ជាទូទៅបរិភោគ​សត្វ​កណ្តូប ហើយ​បាន​ប្រទះ​ឃើញ​ជា​លើក​ទី​១​ នូវ​ហ្វូង​សត្វ​កណ្តូប​ទាំង​នោះបាន​ចូល​ក្នុង​ស្រុក​៣​គឺ ស្រុកHamdan ស្រុក Arahb និង​ស្រុក Bani Matar ដែល​ត្រូវ​បាន​គេ​ចាប់​ហើយ​បរិភោគ​វា។ ក៏ប៉ុន្តែ ហ្វូង​សត្វកណ្តូប​ដែល​បាន​ឃើញក្នុង​ពេល​ថ្មី​ៗនេះ មាន​លក្ខណៈ​ខុស​ពីហ្វូង​សត្វកណ្តូប​ដែល​គេ​បាន​បរិភោគ​កាល​ពី៣ខែ​មុន ហើយ​មិន​ត្រូវ​បាន​គេចាប់​ដូច​ជា​ហ្វូង​សត្វ​កណ្តូប​កាល​ពី​ពេល​មុន​ទេ។

ពលរដ្ឋក្នុង​រដ្ឋធានី​សាណាអារាយការណ៍​ពីការ​ឃើញ​ការព្រមាន​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា ដង្កូវបាន​ចូល​ទៅ​ក្នុង​ខ្លួន​សត្វ​កណ្តូប​ទាំង​នោះ។ មាន​សេចក្តី​រាយការណ៍ថា ​ក្រុមអ្នក​ទទួល​ជំនួយជជែក​ដេញដោល​ថា​តើ​ពួកគេត្រូវតែ​បដិសេធ​ពុំទទួលកម្មវិធី​ជំនួយ​ទាំងស្រុងរបស់​អង្គការ​កម្មវិធីស្បៀង​អាហារ​ពិភព​លោក​ប្រឈម​នឹង​ហានិភ័យ​នៃ​សត្វ​កណ្តូប​មាន​ដង្កូវ។ លោកRajeh al-Hiyafi ជា​កសិករបាន​ប្រាប់ VOA ថា «នៅ​ពេល​ដែល​អ្នក​ទាញ​ក្បាល​សត្វ​កណ្តូប​ចេញពី​ខ្លួន​វា ​អ្នកនឹង​ឃើញ​សត្វ​ដង្កូវ​ពីបី​ទៅ​បួន​ក្បាល​នៅ​ក្នុង​នោះ»។

លោក Ayoub Mohammed ជា​ជន​ជាតិ​យេម៉ែន​ម្នាក់​ ដែល​ត្រូវ​បាន​គេបណ្តេញ​ចេញ​ពី​ផ្ទះ​របស់​លោក​ដោយ​សារ​សង្គ្រាម ​បាន​ឆ្លើយ​ថា ការជាប់​គាំង​រវាង​ក្រុម​ឧទ្ទាម Houthis និង​អង្គការ​កម្មវិធីស្បៀង​អាហារ​ពិភព​លោក (WFP) បាន​នាំ​ឲ្យមាន​កម្មវិធី​ម្ហូប​អាហារ​កាន់​តែ​តិច​ទៅ​ៗ ​រួមមាន​ប្រេង បន្លែ​ក្រៀម​ និង​ស្រូវ​សាលីប្រហែល​ចំនួន​ពាក់​កណ្តាលកាលពីពេល​មុន។ គ្រួសារ​របស់​លោកអត់​ឃ្លាន ​ក៏ប៉ុន្តែ​ពួកគេនឹង​មិន​បរិភោគ​សត្វ​កណ្តូប​មាន​ដង្កូវ​នោះ​ទេ។

ការ​ដាំដុះ​ក្នុង​ប្រទេស​យេម៉ែន កំពុង​ជួប​ប្រទះ​បញ្ហា​រួចហើយ​បណ្តាល​មកពី​សង្គ្រាម។ការខ្វះខាត​ប្រេង​ឥន្ធនៈ ការរាំង​ស្ងួត​ និង​ផ្លូវ​ថ្នល់​ដែលត្រូវ​បាន​បំផ្លាញកំពុង​ធ្វើឲ្យការ​ដាំ​ដំណាំ​មានការ​លំបាក​ខ្លាំងបំផុត។​ ទោះ​ជា​យ៉ាង​ណាក៏ដោយ ​នៅ​ក្នុង​តំបន់​ខ្លះ ក្រុម​គ្រួសារ​យេម៉ែនមិន​ទទួល​បាន​ដំណាំ​ទេ ហើយ​ត្រូវ​ពឹងផ្អែក​ទាំងស្រុងលើរ​បប​របស់​អង្គការ​កម្មវិធីស្បៀង​អាហារ​ពិភព​លោក (WFP)។ ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចាអំពី​ជំនួយ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជាច្រើន​មិនមាន​ម្ហូបអាហារ​ហើយ​ពលរដ្ឋ​ស្ទើរតែ​ដាច់​ពោះ​ស្លាប់។

​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ឬ FAO រាយការណ៍​ថា ប្រសិនបើគ្មានការ​ចាត់​វិធានការ​រាំង​ខ្ទប់​ទេ ​ដង្កូវ​តូចៗអាច​ស៊ីម្ហូប​អាហារ​ដែល​អាចឲ្យមនុស្ស​ប្រហែល​ ៣ម៉ឺន​៥ពាន់​នាក់​បរិភោគ។​ អត្រា​នៃ​ការ​បង្កើតកូនចៅ​របស់សត្វកណ្តូបក៏​បណ្តាលឲ្យ​មាន​ការ​ព្រួយ​កង្វល់​ដែរ នៅពេល​ដែល​សត្វ​កណ្តូប​ញីអាច​ពង​បាន​រហូត​ដល់​៣០០។

អង្គការស្បៀងអាហារ​និងកសិកម្មឬ FAO ​ក៏​បានរាយការណ៍​ដែរថា ​យេម៉ែន ​ខ្វះថវិ​កា​ និងឧបករណ៍​ដើម្បី​ប្រុងប្រៀប​សម្រាប់បញ្ហា​ដែល​បណ្តាល​មកពី​សត្វកណ្តូប​ដល់​កសិកម្ម​របស់​ពលរដ្ឋយេម៉ែន។ រដ្ឋាភិបាល​យេម៉ែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​និងដែល​មានការគាំទ្រ​ខាងហិរញ្ញវត្ថុ​ដោយ​ប្រទេស​អារ៉ាប៊ី ​សាអូឌីតបាន​សន្និដ្ឋាន​ថា ខ្លួន​មាន​លទ្ធភាព​តិចតួចដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅពេល​ដែល​ពួកគេមិន​អាច​ធ្វើការ​នៅ​ក្នុង​តំបន់​នានា​ដែល​ពួកឧទ្ទាម Houthis ត្រួតត្រា។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ពួក​អាជ្ញា​ធរ Houthis បាន​និយាយថា ​ពួកគេ ​បាន​ទទួល​លិខិត​ពី​ការ​ព្រួយ​បារម្ភ​របស់​កសិករ​ហើយ​កំពុង​ចាត់​វិធានការ​បន្ទាប់​ពី​សត្វ​កណ្តូបបាន​បំផ្លាញដំណាំ​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ភាគនិរតី​និង​ខាង​កើត​រដ្ឋ​ធានី​សាណា​អា។

លោក Ameen Al-Zarqa មន្រ្តី​របស់​ពួក​ឧទ្ទាម Houthis ជា ប្រធានក្រុមសិក្សា​កសិកម្មឬ Field Survey Team នៅឯ​មជ្ឈមណ្ឌល​ត្រួតត្រា​សត្វ​កណ្តូប​នៅ​វាល​ខ្សាច់។លោកបាន​និយាយ​ថា «ដោយការ​ប្រើ​ប្រាស់​ធនធានមាន​កម្រិត​របស់​ខ្លួន មជ្ឈមណ្ឌល​នេះ ​បាន​ធ្វើ​យុទ្ធនាការ​ជា​ច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងសត្វ​កណ្តូប​វាលខ្សាច់។ លោក ​បាន​និយាយ​ទៀត​ថា «វិធានការ​ទាំង​នេះ ​នៅ​តែ​មិនទាន់​គ្រប់​គ្រាន់»។

ជន​ស៊ីវិល​ដែលត្រូវ​បាន​សម្ភាស​ដោយ VOA បាន​រាយការណ៍​ថា ​ពួកគេមិន​បាន​ឃើញ​ឬបានឮពីការ​ផ្តួចផ្តើមឬ​វិធានការ​ការពារ​របស់​រដ្ឋាភិបាលត្រូវ​បាន​អនុវត្ត​ទេ។

ខណៈ​ដែល​កម្លាំង​ប្រឆាំង​ទាំង២ បន្ត​ការ​តស៊ូ​របស់​ខ្លួន ហ្វូង​សត្វ​ល្អិតដ៏​ច្រើនណែនណាន់​តាន់​តាប់ ​កំពុងរាលដាល​ទៅ​កាន់​តំបន់​ក្បែៗ​នោះ​នៅពេល​ដែលវា ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ។អង្គការ​ស្បៀង​អាហារ​និងកសិកម្មឬ FAO បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពីពេល​ថ្មី​ៗ​នេះ​ថា «ក្នុង​ករណី​អាក្រក់​បំផុត ហ្វូង​សត្វ​កណ្តូប​នោះ ​អាចផ្លាស់​ទីពី​ប្រទេស​យ៉េមែន​នៅ​រដូវស្លឹកឈើ​ជ្រុះ​ទៅ​កាន់តំបន់​ដែលស្ថិត​នៅ​ប៉ែក​ឦសាន្តនៃ​ទ្វីប​អាហ្វ្រិក​ហើយ​ទៅ​ដល់​ប្រទេស​កេនយ៉ា​នៅ​ចុងឆ្នាំ»។

កិច្ចប្រតិបត្តិការ​ត្រួត​ពិនិត្យ​ការខូចខាត​និង​វិធានការ​ការពារ​ដំណាំបាន​ចាប់ផ្តើម​រួច​ហើយ​នៅ​ក្នុងប្រទេស​ជិតខាង​មាន​ស៊ូដង់ អ៊ីរីទ្រា​និងអារ៉ាប់ប៊ី​សាអូ​ឌីត៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG