ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សាអង្គការ​សហប្រជាជាតិ​បង្កើត​បេសកកម្ម​ត្រួតពិនិត្យ​នៅក្រុង​កំពង់ផែ​របស់យេម៉ែន


ទាហាន​យាម​ឆ្នេរ​មួយ​ដើរ​កាត់​កំពង់ផែរ​សមុទ្រ​ក្រហម​ក្នុង​ទីក្រុង​ Hodeida ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​០៥ ខែមករា ២០១៩។
ទាហាន​យាម​ឆ្នេរ​មួយ​ដើរ​កាត់​កំពង់ផែរ​សមុទ្រ​ក្រហម​ក្នុង​ទីក្រុង​ Hodeida ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​០៥ ខែមករា ២០១៩។

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃពុធ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់​ពង្រាយ​ក្រុមត្រួត​ពិនិត្យ៧៥នាក់​ទៅ​ទីក្រុងកំពង់ផែ Hodeida របស់​យេម៉ែន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹងប្រែង​ដើម្បី​រក្សា​បទ​ឈប់​បាញ់គ្នា​ដ៏​សំខាន់​មួយ​នៅ​ទី​នោះ។

សេចក្តី​សម្រេច​នេះ​ផ្តល់​ឲ្យ​នូវ​ការបង្កើត​បេសកកម្ម​នយោបាយ​ពិសេស​មួយ​សម្រាប់រយៈពេល​៦ខែ​ដំបូង។

បេសកកម្ម​នេះ​នឹង​ត្រូវគេ​ស្គាល់​ថា​ជា​បេសកកម្ម​របស់អង្គការ​សហប្រជាជាតិ​ដើម្បី​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​នៅទីក្រុង Hodeida ឬ​ហៅ​កាត់ថា UNMHA ហើយ​នឹង​មាន​ការចូលរួម​ពី​ក្រុមការងារ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ​ជនជាតិ​ហូឡង់​លោក Patrick Cammaert ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​នេះ​កាល​ពី​ខែមុន។

ឯកអគ្គរដ្ឋទូត​អង់គ្លេស​លោក Karen Pierceជា​អ្នកដឹកនាំ​ក្រុមការងារ​ព្រាង​សេចក្តី​សម្រេច​នេះ​បាន​និយាយ​ថា«យើង​សង្ឃឹម​ថា​ការដាក់ពង្រាយ​បេសកកម្ម​ដ៏​សំខាន់​នេះ នឹង​អាច​ជួយ​យើង​ឲ្យ​ចាប់ផ្តើម​មាន​ការវិវត្តន៍​នៅ​លើ​ដី​បាន»។

កាល​ពី​ខែមុន​ប្រតិភូ​តំណាង​ឲ្យ​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី Abdu Rabu Mansour Hadi និង​ក្រុមឧទ្ទាម​ហ៊ូទី​បា​នជួបប្រជុំ​គ្នា​នៅ​ក្រោម​ការ​ជួយ​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ជិត​ទីក្រុង Stockholm​ប្រទេស​ស៊ុយអ៊ែត​ដែល​ជា​កិច្ចចរចា​តុមូល​ជា​លើកដំបូង​មាន​បំណង​បញ្ចប់​ជម្លោះ​ដែល​មាន​រយៈពេល​ជិត៤ឆ្នាំ

នៅ​ប្រទេសយេម៉ែន។ ភាគី​ទាំងពីរ​បាន​យល់ព្រម​លើ​បទឈប់បាញ់​គ្នា​នៅក្រុង Hodeida ព្រម​ទាំង​យល់​ព្រម​ដាក់​ពង្រាយ​កងទ័ព​ឡើងវិញ​នៅតាម​តំបន់​ខាងក្រៅ​ទីក្រុង។ កិច្ចព្រមព្រៀង​នេះ​ក៏​បាន​រួមបញ្ជូល​ការដោះដូរ​អ្នកទោស​រាប់ពាន់នាក់​និង​បញ្ចប់​ជម្លោះ​នៅ​ទីក្រុង Taizភាគអាគ្នេយ៍​ផងដែរ៕

XS
SM
MD
LG