ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​ដែល​បាន​សន្យា តែ​មិន​បាន​ផ្ដល់​ជូន​តាម​ការ​សន្យា​អាច​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​នៅ​ក្នុង​ប្រទេស​យេម៉ែន


រូបភាព​ឯកសារ៖ ក្មេង​ប្រុស Moaz Ali Mohammed អាយុ​២ឆ្នាំ ដែល​មាន​ជំងឺ​ខ្វះ​សារធាតុ​បំប៉ន​ខ្លាំង ត្រូវ​បាន​ម្តាយ​ងូត​ទឹក​ឲ្យ​នៅ​ខាង​ក្រៅ​ផ្ទះ នៅ​ក្នុង​ស្រុក Aslam ខេត្ត Hajjah ប្រទេស​យេម៉ែនកាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ក្មេង​ប្រុស Moaz Ali Mohammed អាយុ​២ឆ្នាំ ដែល​មាន​ជំងឺ​ខ្វះ​សារធាតុ​បំប៉ន​ខ្លាំង ត្រូវ​បាន​ម្តាយ​ងូត​ទឹក​ឲ្យ​នៅ​ខាង​ក្រៅ​ផ្ទះ នៅ​ក្នុង​ស្រុក Aslam ខេត្ត Hajjah ប្រទេស​យេម៉ែនកាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។

ប្រតិបត្តិការ​​មនុស្ស​ធម៌​របស់អសបនៅ​ក្នុង​ប្រទេស​យេម៉ែន​ កំពុង​​​អស់​ប្រាក់​ជំនួយ​យ៉ាង​ឆាប់​រហ័ស ហើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​នឹង​ត្រូវ​កាត់​បន្ថយ​របប​អាហារ របស់​មនុស្ស ១២ លាន​នាក់ ​និង​បិទ​កម្មវិធី​សង្គ្រោះ​ជីវិត​ជា​ច្រើន​កម្មវិធី បើ​សិន​បើ​អង្គការ​សប្បុរសធម៌​មិន​​អាច​ផ្ដល់​ជំនួយ​តាម​ការ​សន្យា។

អ្នកស្រី Lise Grande ​អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្ស​ធម៌ប្រចាំ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​យេម៉ែន​ បានឲ្យ​ដឹង​ក្នុងសេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​សីហា​ថា៖ «នៅ​ពេល​ដែល​ថវិកា​មិន​មក មនុស្ស​នឹង​ស្លាប់»។

មាន​តែ​កម្មវិធី​មនុស្ស​ធម៌​ ៣ ប៉ុណ្ណោះ​ក្នុង​ចំណោម​កម្មវិធី​មនុស្ស​ធម៌​សម្រាប់​សំខាន់​ៗ ចំនួន ៣៤ ត្រូវ​បាន​គេ​ផ្ដល់​ថវិកា​ឲ្យ​នៅ​ក្នុង​ឆ្នាំ​នេះ។

វិបត្តិ​មនុស្ស​ធម៌នេះ គឺ​ជា​លទ្ធផល​នៃ​សង្គ្រាម​ជាង​បួន​ឆ្នាំ​រវាង​ក្រុម​ប្រដាប់​អាវុធ​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត ដែល​គាំទ្រ​រដ្ឋាភិបាល​យេមែន ប្រឆាំង​នឹង​ក្រុម​បះបោរ​ Houthi ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​បាន​ដណ្ដើម​កាន់​កាប់​វិមាន​ប្រធានាធិបតី និង​បង្ខំ​ឲ្យ​ប្រធានាធិបតី លាលែង​ពី​តំណែង។

ប្រទេស​យេម៉ែន​គឺ​ជា​ប្រទេស​ដែល​មាន​ប្រតិបត្តិការ​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជា​ជាតិ​ធំជាង​គេ ប៉ុន្តែ​ការណ៍​នេះ​កំពុង​តែ​ជួប​ប្រទះ​កង្វះ​ថវិកា​យ៉ាង​ធ្ងន់​ធ្ងរ។ ក្នុង​ចំណោម​ថវិកាដែល​ត្រូវ​ការ​សរុប ៤ពាន់​ ១​រយ ៩០​លាន​ដុល្លារ មាន​តែ​ ៣៤%​ ប៉ុណ្ណោះ​ដែល​ទទួល​បាន។

ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​ពីរ​ គឺ​អារ៉ាប៊ីសាអ៊ូឌីត និង​អេមីរ៉ាតអារ៉ាប់រួម សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​មនុស្សធម៌​នេះក៏​ជា​តួ​អង្គ​ពីរ​សំខាន់​នៃ​សង្គ្រាម​ខាង​លើ​ផង​ដែរ។ ប្រទេស​នីមួយៗ​បាន​សន្យាថា​ផ្ដល់​ជំនួយ​ម្នាក់ ៧៥០ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កម្មវិធី​មនុស្ស​ធម៌​ទាំង​នេះ​ក្នុង​ឆ្នាំ ២០១៩​ ប៉ុន្តែ​ទើប​តែ​បាន​ផ្ដល់​ថវិកា​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ។​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្ដល់​ប្រាក់​ត្រឹម​តែ ១២៧​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ផ្ដល់ ១៦០ លាន​ដុល្លារ។ ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក៏​បាន​ផ្ដល់​ប្រាក់ ​៨៩​ លាន​ដុល្លារ​ ចំណែក ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ផ្ដល់​ចំនួន ៣៨​លាន​ដុល្លារ​ទៀត ទៅ​ដល់​អង្គការ​មួយ​ចំនួន​ដែល​ធ្វើ​ការ​ក្រៅ​ផែន​ការ​នេះ។

អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ប្រមាណ​ ១០​លាន​នាក់ កំពុង​រស់នៅលើ​គែម​នៃ​គ្រោះ​ទុរភិក្ស​បែប​នេះ បើ​គ្មាន​ជំនួយ​មក​ទាន់​ពេល​នោះ​ទេ នឹង​មាន​កាត់​បន្ថយ​របប​អាហារ​របស់​មនុស្ស​ប្រមាណ ១២ លាន​ដុល្លារ និង​បញ្ចប់សេវា​ផ្ដល់​អាហារ​ដល់​កុមារ​ដែល​ខ្វះអាហារូបត្ថម្ភ​ដែល​មាន​ទំហំ​ទឹក​ប្រាក់ ២លាន​ ៥​សែន​ដុល្លារ។

កន្លែង​ផ្ដល់​ការ​ថែទាំ​សុខភាព​ជាង​ពាក់​កណ្ដាលនៅ​ក្នុង​ប្រទេស​យេមែន​បាន​បិទ​ទ្វារដោយ​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​បែក និង​កង្វះ​សម្ភារៈ​បរិក្ខារ ក៏​ដូច​ជា​បុគ្គលិក។ ប៉ុន្តែប្រជាជន​ជាង ១៩​លាន​នាក់​កំពុង​បាត់​បង់​ការ​ទទួលបាន​ការថែទាំ​សុខភាព ដោយ​សារ​បញ្ហាកង្វះខាត​ថវិកា។

កាល​ពី​ខែ​ឧសភា​ អង្គការ​សហប្រជាជាតិ ត្រូវ​បាន​បង្ខំបិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​ច្រើន និង​បាន​បញ្ឈប់​ការ​បញ្ជា​ទិញ​ថ្នាំ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ បុគ្គលិក​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អាសន្ន​រោគ​ ជំងឺខាន់ស្លាក់​ និងជំងឺ​កញ្ជ្រឹល​ទ្រង់​ទ្រាយ​ធំ។​

អ្នកស្រី​ Grande អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្ស​ធម៌ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៃ​ប្រទេស​យេម៉ែនបាន​និយាយ​ថា៖ «ប្រជាជន​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​គ្មាន​កំហុស​ គឺ​ជា​ជន​រង​គ្រោះ​នៃ​សង្គ្រាម ពួក​គេ​ពឹង​ផ្អែកលើ​យើងដើម្បី​រស់។ ហើយយើង​គ្រប់​គ្នា​មាន​ការ​អាម៉ាស់​ណាស់​ ក្នុង​ស្ថាន​ភាព​បែបនេះ។ វា​ពិត​ជា​ក្រៀម​ក្រម​ណាស់ ក្នុង​ការ​មើល​មុខ​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​ចំ ហើយ​និយាយ​ថា​យើង​គ្មានថវិកា​ជួយ​ពួកគេ​ទេ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG