ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ប៉ះពាល់​គម្រោង​ផ្លូវ​រថភ្លើង​របស់​ចិន​​ទៅ​កាន់​ទ្វីបអឺរ៉ុប


រូប​ឯកសារ៖ អ្នក​ធ្វើការ​ពិនិត្យ​មើល​ផ្លូវដែក​​មួយ​កន្លែង​ដែល​ជា​ផ្នែក​​នៃ​គម្រោង​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​​​​‍របស់​ចិន (BRI) នៅ​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩។

សង្រ្គាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ការ​តភ្ចាប់​ផ្លូវ​រថភ្លើង​របស់​ចិនទៅ​កាន់ទ្វីប​អឺរ៉ុប​ពី​ព្រោះតែ​ផ្លូវ​តភ្ចាប់​នានា​ភាគ​ច្រើនតាម​រយៈ​ប្រទេស​រុស្ស៊ី។ សង្គ្រោម​នេះ​ ក៏អាច​ចោទ​ជា​សំណួរមួយ​ចំនួន​ផង​ដែរ​អំពី​អនាគត​នៃគម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម‍របស់​ចិន (BRI) សម្រាប់​ការស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធនៅ​ក្នុង​ប្រទេស​ជា​ច្រើន។

អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា បើ​ទោះ​បីជា​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ក៏​ដោយ ក៏​ប្រទេស​ចិន​និង​អ៊ុយក្រែន នឹង​មិន​ទាន់​ចាប់អារម្មណ៍ក្នុង​ការបន្ត​គម្រោងកម្មវិធី​ពាណិជ្ជកម្ម​នេះ​ឡើង​វិញ ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។

លោក Jacob Mardell ជា​អ្នក​ស្រាវជ្រាវ​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សាកលនិង​គោល​នយោបាយការបរទេសចិន​នៃ​វិទ្យាស្ថាន Mercator សម្រាប់ការសិក្សា​ពី​ប្រទេស​ចិន បាន​ប្រាប់​វីអូអេ​ថា៖ «គម្រោង BRI របស់​ចិន​ក្នុង​ប្រទេស​អ៊ុយក្រែន នឹង​មិន​ត្រូវ​បាន​លើក​មក​ពិភាក្សា​គ្នា​នោះទេ។ ចិន​អាច​មិនចាប់​អារម្មណ៍​ក្នុង​ការបន្ត​គម្រោង​វិនិយោគ​របស់​ខ្លួននៅក្នុង​ប្រទេ​ស​អ៊ុយក្រែន​ដែលមាន​សេដ្ឋកិច្ច​ខ្ទេចខ្ទាំយ៉ាង​ខ្លាំង​នោះ»។

គម្រោង BRI របស់​ចិន​ជា​គម្រោង​កម្មវិធីអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដ៏​ធំបំផុត​មួយក្នុង​ពិភពលោក​ ដោយ​មាន​គម្រោង​នៅ​ក្នុង​ប្រទេសជា​ច្រើន​នៅ​ទ្វីបអឺរ៉ុប អាស៊ី​និង​អាហ្វ្រិក។ ចិន​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា បាន​ចំណាយ​ទុន​វិនិយោគ​លើ​គម្រោង​នេះ​ក្នុង​ទឹក​ប្រាក់ប្រមាណ​៥៩,៥​ពាន់លាន​ដុល្លារ​អាមេរិក​គ្រាន់តែ​ឆ្នាំ​ទៅ​មួយ​ប៉ុណ្ណោះ ហើយ​បាន​ចំណាយ​ទឹក​ប្រាក់​អស់ប្រមាណ​ជាង​៨០០ពាន់​លាន​ដុល្លារ​អាមេរិក​ចាប់តាំង​ពី​គម្រោង​នេះ​ចាប់​ផ្តើម​បើក​ឡើង​ក្នុង​ឆ្នាំ២០១៣មក។

គ្រាន់តែ​មួយ​សប្តាហ៍​មុន​សង្គ្រាម​នៅ​អ៊ុយក្រែន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​នោះ បារាំង​បាន​យល់ព្រម​ជាមួយ​ចិន​សាងសង់គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​រួមគ្នា​មួយដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១,៧ ពាន់លាន​ដុល្លារ​នៅទ្វីប​អាហ្រ្វិក តំបន់​អាស៊ីអាគ្នេយ៍​និង​អឺរ៉ុប​ខាង​កើត។ ផែនការ​នេះ​អាច​ទទួលរង​ការ​ប៉ះពាល់ ខណៈពេល​ដែល​ប្រទេស​លោក​ខាង​លិចមាន​ការ​ខឹងសម្បា​លើ​ប្រទេសរុស្ស៊ី​ដែល​អាច​ជះ​ឥទ្ធិពល​មួយ​ចំនួន​ដល់​ចិន​ដែល​ត្រូវ​បានប្រទេស​ខ្លះមើល​ឃើញ​ថា ជា​អ្នក​គាំទ្រ​ដ៏​ស្ងាត់ស្ងៀម​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ដោយ​ប្រឈម​បញ្ហា​នៅ​ក្នុង​តំបន់​អឺរ៉ុប ចិន​អាច​ផ្តោត​លើ​របៀង​តំបន់​អាស៊ី​កណ្តាល​និង​ខាង​លិច​នៃ​ គម្រោង BRI ដែល​ភ្ជាប់​គម្រោង​នេះ ជាមួយ​ប្រទេស​កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តួកគី​និង​ប្រទេស​ផ្សេង​ទៀត។ គំនិត​នេះ នឹង​ធ្វើ​ឱ្យ​ការនាំចេញ​ទំនិញ​របស់​ចិន​កាន់តែ​ច្រើនឡើង​កាត់តាម​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​កណ្តាល តំបន់​កាស៉្បេន អ៊ីរ៉ង់​និង​តួកគី៕

XS
SM
MD
LG