ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Modi បាន​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​អ៊ុយក្រែន​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi នៅ​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (AP Photo/Carolyn Kaster)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន«ផ្លាស់ប្តូរ​ទស្សនៈប្រកប​ដោយភាពស្មោះត្រង់»ស្តីពី​វិបត្តិ​អ៊ុយក្រែន​នៅឯ​ជំនួប​កំពូល​តាម​អនឡាញ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក៏ប៉ុន្តែសហរដ្ឋ​អាមេរិកហាក់ដូច​ជា​បាន​បង្ហាញឲ្យ​ឃើញនូវ​ភាពការជឿនលឿន​តិចតួច​ប៉ុណ្ណោះ​ ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឥណ្ឌា​ឲ្យ​ងាកចេញ​ពី​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ទាក់ទិន​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

«វា​មាន​សារៈសំខាន់​ដែល​ប្រទេស​ទាំង​អស់ ជាពិសេស ប្រទេស​ដែល​មាន​ឥទ្ធិពល​ដាក់​ការ គាបសង្កត់​លើ​លោក Putin ឲ្យ​បញ្ចប់​សង្គ្រាម​នោះ»។ នេះ​បើតាម​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinkenដែល​បានថ្លែង​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​បន្ទាប់ពី​ជំនួប​កំពូល​តាម​អនឡាញរបស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ ហើយ​លោក​ក៏​បាន​ជួប​ដោយ​ផ្ទាល់​ជា​មួយជាមួយ​សមភាគី​ឥណ្ឌា​របស់​លោក​ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ទាំង២ផង​ដែរ។​

«វា​ក៏មាន​សារៈសំខាន់​ដែល​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ រួបរួម​គ្នាហើយ​និយាយ​ក្នុង​សំឡេង​តែ​មួយ​ដើម្បី​ការពារ​តម្លៃ​ដែល​យើង​មាន។ លោក Blinken បាន​ថ្លែង​ដូច្នេះ​បន្ទាប់ ពី​ត្រូវ​បាន​ពណ៌នា​ដោយ​មន្ត្រី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ថា «ប្រកប​ដោយ​ភាព​កក់ក្តៅ​និង​ផ្លែផ្កា» នោះ។

លោក​ប្រធានាធិបតី Biden មិន​បាន​ទាមទារ​ឥណ្ឌា​ដែល​ជា​សម្ពន្ធមិត្ត​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​រាំង​ខ្ទប់​អំណាច​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទេ ហើយ​មិន​មាន​ការចង្អុល​បង្ហាញ​ពី​ការជឿនលឿន​ដុំ​កំភួនឆ្ពោះ​ទៅ​កាន់​គោលជំហរ​រួបរួម​គ្នា​ស្តីពី​ជម្លោះ​ប្រទេស​អ៊ុយក្រែន​ទេ។

ក៏ប៉ុន្តែ អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki បាន​និយាយ​ថា លោក​ប្រធានាធិបតី Biden «បាន​ធ្វើ​ការបញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មិន​ជឿ​ថា វា​ជា​ផល​ប្រយោជន៍​ឥណ្ឌា​ដើម្បី​បង្កើន​ការនាំចូល​ថាមពល​និង​របស់​របរ​ផ្សេង​ទៀត​ពី​រុស្ស៊ី​នោះ​ឡើយ»។

លោក Modi មាន​ការ​ប្រុង​ប្រយ័ត្ន​រវាង​ការរក្សា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច​និងបញ្ចៀស​ការបំផ្លាញ​ប្រទេស​រុស្ស៊ី ក៏ប៉ុន្តែបាន​បង្កើន​ការព្រួយ​កង្វល់ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ពី​ការបន្ត​ទិញ​ប្រេង​របស់​រុស្ស៊ី។

នៅ​ក្នុង​ការពិភាក្សា​របស់​លោកជាមួយ​លោក Biden លោក Modi គ្រាន់តែ​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ «ជា​ការព្រួយ​បារម្ភ​បំផុត» ហើយ​បាន​អំពាវនាវ​នូវ​ការគាំទ្រ​របស់​លោក​ឲ្យ​មាន​ការចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញ​ថា​ជា​ការមន្ទិល​សង្ស័យ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក S. Jaishankar បាន​បង្ហាញ​ការអាក់អន់​ស្រពន់​ចិត្ត​នៅពេល​ដែល​លោក​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​អំពី​ការជំរុញ​របស់​លោក​ប្រធានាធិបតី Biden ឲ្យ​កាត់​ផ្តាច់ការនាំចូល​ថាមពល​ពី​ប្រទេស​រុស្ស៊ី​ថា «ការទិញ​ទាំង​អស់​របស់​យើង​ក្នុង​រយៈពេល​មួយ​ខែ មាន​ចំនួន​តិច​ជាង​អ្វី​ដែល​អឺរ៉ុប បាន​ទិញ​ក្នុង​រយៈពេលកន្លះ​ថ្ងៃ​ប៉ុណ្ណោះ»។

លោក​ប្រធានាធិបតី Biden បាន​ដាក់​សម្ពាធ​ពួក​មេដឹកនាំ​ពិភពលោក​ឲ្យ​ប្រកាន់​នយោបាយ​តឹងរ៉ឹង​ប្រឆាំង​នឹង​រុស្ស៊ី ថ្វីបើ​មន្ត្រី​សហរដ្ឋ​អាមេរិក និយាយ​ថា មិន​មាន​ការសុំ​ពិតប្រាកដ​និង​ចម្លើយ​ជាក់​លាក់​ស្តីពី​ការនាំចូល​ថាមពល​នោះ​ក៏ដោយ៕

XS
SM
MD
LG