ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​អាមេរិក​បញ្ជូន​ជំនួយ​យោធា​ថ្មី​ចំនួន​៨០០​លាន​ដុល្លារ​ទៅ​​​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន ស្រាយ​យក​កាំជ្រួច​មីស៊ីល​ Javelin ដែល​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​​ជា​ជំនួយ​យោធា​អាមេរិក មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Boryspil ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (Reuters)

សេតវិមាន​បាន​បញ្ជាក់​ឡើង​វិញ​នូវ​សេចក្តី​ថ្លែងការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​អង្គារ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អាច​បានប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​ប្រធានាធិបតី Biden ក៏​បាន​ប្រកាស​ដែរ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​បញ្ជូន​អាវុធ​គ្រាប់​រំសេវ​និង​ជំនួយ​ផ្សេងៗ​ទៀត ​ដែល​មាន​តម្លៃ​ជាទឹក​ប្រាក់​ចំនួន​៨០០លាន​ដុល្លារ​ទៅ​ឲ្យ​អ៊ុយក្រែន។

លោក​ស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន បាន​និយាយ​ដោយ​យោង​ទៅ​លើ​អំពើប្រល័យ​ពូជសាសន៍​ថា៖ «លោក​ប្រធានាធិបតី បាន​ថ្លែង​អំពី​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​មើលឃើញ អំពី​អ្វី​ដែល​លោក​គិត​ថា ជា​ការ​ពិតច្បាស់​នៅពេល​ដែល​អំពើ​ព្រៃផ្សៃ​កើត​មាន​ឡើង​នៅទី​កន្លែង​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា៖ « ដោយ​មិន​គិត​ពីអ្វី​ដែល​លោក​ប្រធានាធិបតីបាន​ហៅ​នោះ អ្វី​ដែល​ជា​គោលបំណង​របស់​យើង​នៅពេល​ឥឡូវនេះ គឺ​ភ័ស្តុតាង​នៃ​កម្មវិធី​ជំនួយ​យោធា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​យើងបាន​ផ្តល់​ឲ្យ​នៅ​ថ្ងៃ​នេះ ​ដែល​ជា​ការបន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​នៅ​ក្នុង​សង្គ្រាម​នេះ ជាទីកន្លែង​ដែល​យើង​ឃើញ​អំពើ​ព្រៃផ្សៃ​ដែល​បាន​កើត​មាន​ឡើងជា​រៀង​រាល់ថ្ងៃ​នោះ»។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ច្រានចោល​ការពណ៌នា​របស់​លោក Biden ដោយ​និយាយ​ថា៖ « យើងចាត់​ទុក​ការ​លើក​ឡើង​បែប​នេះ​ គឺ​ដើម្បី​បង្វែរ​ស្ថានការណ៍ និង​មិនអាច​ទទួល​យក​បាន​នោះ​ឡើយ។ ការពណ៌នា​នេះ​ជា​ការពិបាក​ទទួល​យកបាន​ ពី​ព្រោះ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មួយ​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​ល្បីល្បាញ​នៅពេល​ថ្មីៗនេះ»។

លោក​ប្រធានាធិបតី Biden បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ពី​ការដឹក​ជញ្ជូន​ថ្មីៗ​នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ ​ដែល​មាន​រយៈពេល​មួយ​ម៉ោង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ក្រោយមក លោក​ប្រធានាធិបតី Biden ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «យោធា​អ៊ុយក្រែន​បាន​ប្រើប្រាស់​អាវុធ​ដែល​យើង​កំពុង​ផ្តល់​ឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាព។ សហរដ្ឋ​អាមេរិក នឹង​បន្ត​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​សមត្ថភាព​ដើម្បី​ការពារ​ខ្លួនឯង»។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា អាវុធ​ថ្មី​ទាំង​នោះ រួមមាន​កាំជ្រួច​មីស៊ីល Javelin ចំនួន​៥០០ដើម យន្តហោះ​ដ្រូន Switchblade ចំនួន​៣០០​គ្រឿង រថពាស​ដែក​៣០០ គ្រឿង ឧទ្ធម្ភាគចក្រ​១១គ្រឿង ប្រដាប់​ការពារ​អាវុធ​គីមី ជីវសាស្ត្រ​និង​នុយក្លេអ៊ែរ ព្រម​ទាំងអាវនិង​មួក​ការពារ​គ្រាប់​ចំនួន​៣ម៉ឺន​សម្រាប់​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG