ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​​ទីភ្នាក់ងារ​ស្បៀង​អាហារ​ពិភពលោក​​​ថា ពលរដ្ឋ​អ៊ុយក្រែន​ក្នុង​ទីក្រុង Mariupol កំពុង​ជួប​គ្រោះ​អត់ឃ្លាន


អ្នកក្រុង Mariupol អង្គុយ​ចម្អិន​អាហារ​នៅ​ច្រក​ចូល​អគារ​ស្នាក់នៅ​ដែល​ខ្ទេចខ្ទាំ​របស់​ពួក​គេ​ នៅ​តំបន់​មួយ​នៃ​ទី​ក្រុង Mariupol ​ដែល​​កាន់កាប់​ដោយ​​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២។ (AP)
អ្នកក្រុង Mariupol អង្គុយ​ចម្អិន​អាហារ​នៅ​ច្រក​ចូល​អគារ​ស្នាក់នៅ​ដែល​ខ្ទេចខ្ទាំ​របស់​ពួក​គេ​ នៅ​តំបន់​មួយ​នៃ​ទី​ក្រុង Mariupol ​ដែល​​កាន់កាប់​ដោយ​​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២។ (AP)

ប្រធាន​ទីភ្នាក់ងារកម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា មនុស្ស​ជា​ច្រើនកំពុង​ជួបគ្រោះអត់​ឃ្លានរហូតដាច់ពោះ​ស្លាប់​នៅ​ក្នុង​ទីក្រុង Mariupol របស់​អ៊ុយក្រែន​ដែល​បានស្ថិត​ក្រោម​ការឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី ហើយ​បានប៉ាន់ស្មាន​ថា វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ​ ទំនង​ជា​ធ្លាក់ចូល​ក្នុង​ស្ថានភាព​កាន់​តែ​អាក្រក់ខ្លាំង​ឡើង​ ខណៈពេលកងទ័ព​រុស្ស៊ី បង្កើន​ការវាយ​ប្រហារ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

ប្រធាន​ប្រតិបត្តិរបស់​ទីភ្នាក់ងារ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក WFP លោក David Beasley ក៏​បាន​ព្រមាន​ផង​ដែរ​នៅក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញជាមួយ​ទីភ្នាក់ងារ​ព័ត៌មានAPក្នុង​ទីក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន​ថា ការឈ្លានពាន​របស់​រុស្ស៊ីលើ​អ៊ុយក្រែន​ដែល​ធ្លាប់​ជា​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​មួយ​នោះ អាច​បង្ក​អស្ថិរភាព​ដល់បណ្តា​ប្រទេស​មួយ​ចំនួន​និង​អាច​ធ្វើ​ឲ្យមាន​ជន​ចំណាក​ស្រុក​ដែល​ស្វះស្វែង​រក​ជីវភាព​ប្រសើរ​ជាង​នេះនៅ​ទីកន្លែង​ផ្សេងៗ​ទៀត។

លោក​បន្ថែម​ទៀតថា សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក​នោះ បាន​បំផ្លាញ​ពលរដ្ឋ​អ៊ុយក្រែន។ លោក​ក៏មាន​ក្តីបារម្ភ​ផង​ដែរដែល​ទីភ្នាក់ងារ WFP និង​អង្គការ​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ មិន​អាច​ចូល​ទៅ​ដល់ទីកន្លែងដែល​ពលរដ្ឋ​អ៊ុយក្រែន​ត្រូវការ​ជំនួយ​ចាំបាច់​ ដោយ​សារ​តែ​សង្គ្រាម។

លោកបន្ត​ទៀត​ថា «ខ្ញុំ​មិន​បាន​មើល​ឃើញ​នូវ​ស្ថានភាពធូរស្រាល​ណា​មួយ​ឡើយ។ គឺខ្ញុំ​មើល​មិន​ឃើញសោះ​ឡើយ»។

ស្ថានភាព​នៃ​ជម្លោះមាន​ការប្រែប្រួល​ដោយការប្រយុទ្ធគ្នា ត្រូវ​បាន​ងាក​ចេញ​ពី​រដ្ឋធានី​កៀវ​ឆ្ពោះ​ទៅ​កាន់​តំបន់ភាគ​ខាង​កើត​អ៊ុយក្រែន​វិញ​ដែល​នេះវា​ធ្វើឲ្យ​មាន​ការលំបាក​កាន់​តែ​ខ្លាំងថែម​ទៀត​ដើម្បី​ចូល​ទៅ​ដល់ពលរដ្ឋ​អ៊ុយក្រែន​ដែល​កំពុង​ជួប​នឹង​បញ្ហា​អត់ឃ្លាន​នោះ។

ប្រធាន​ប្រតិបត្តិរបស់​ទីភ្នាក់ងារ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក WFP លោក David Beasley នៅ​ទី​ក្រុង​កៀវ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២។
ប្រធាន​ប្រតិបត្តិរបស់​ទីភ្នាក់ងារ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក WFP លោក David Beasley នៅ​ទី​ក្រុង​កៀវ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២។

ទីភ្នាក់ងារ WFP បាន​ព្យាយាម​ផ្គត់ផ្គង់ស្បៀង​អាហារ​នៅក្នុង​តំបន់​ជា​ច្រើន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា ក៏ប៉ុន្តែ​លោក Beasley បាន​ទទួល​ស្គាល់​ថា វា​មាន​បញ្ហា​ពិបាក​ជា​ច្រើន ខណៈ​ដែល​ស្ថានភាព​កំពុង​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នោះ។

លោក​និយាយ​ទៀត​ថា បញ្ហា​ដែល​មិន​អាច​ចូល​ទៅ​ដល់​ទីកន្លែង​ផ្តល់​ជំនួយ​ជាបញ្ហា​មួយ ប៉ុន្តែ​ការ​ខ្វះ​កម្លាំង​ពលកម្មនិង​ប្រេងឥន្ធនៈ ក៏​ជា​ប្រភព​មួយ​ដែលបាន​បន្ទុច​បង្អាក់​ដល់​កិច្ចប្រឹងប្រែងដល់​ការ​ផ្តល់​ជំនួយសង្គ្រោះ​ផង​ដែរ។

លោក Beasley ក៏​បាន​បង្ហាញ​ពីក្តីបារម្ភជា​ពិសេស​នៅ​ទីក្រុង​កំពង់ផែ Mariupol ដែល​កំពុង​ស្ថិតនៅ​ក្រោម​ឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី​និង​បាន​ធ្វើ​ឲ្យជន​ស៊ីវិល​អ៊ុយក្រែន​ប្រមាន​ជាង១សែន​នាក់ កំពុង​ជាប់នៅ​ទី​នោះ​ដោយ​ពួក​គេកំពុង​ត្រូវការ​ជំនួយ​ស្បៀង​អាហារ ទឹក​និង​កម្តៅ​ក្នុង​រដូវ​រងារ​ជា​ចាំបាច់​នោះ។

កងទ័ព​រុស្ស៊ី​ដែល​កំពុង​គ្រប់គ្រងតំបន់​ជុំវិញចូល​ទៅ​កាន់ទីក្រុង​នេះ មិនអនុញ្ញាត​ឲ្យ​មាន​ការផ្តល់​ជំនួយ បើ​ទោះ​បី​ជា​ទីភ្នាក់ងារWFP បាន​ទាម​សុំចូល​ទៅ​ក្តី៕

XS
SM
MD
LG