រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់នាវាល្បាតសមុទ្រមួយគ្រឿងទៀតឲ្យប្រទេសវៀតណាមកាលពីខែវិច្ឆិកាដើម្បីឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចបង្កើនសមត្ថភាពការពារខ្លួន និងទប់ទល់ជាមួយប្រទេសចិន។ ប៉ុន្តែនៅពីក្រោយការវិវត្តន៍នេះ វៀតណាមនិងសហរដ្ឋអាមេរិកកំពុងខ្វែងគំនិតលើរឿងឱនភាពពាណិជ្ជកម្មដែលកំពុងតែកើនឡើង ដែលធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកមានក្តីបារម្ភ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានត្អូញត្អែរតាំងពីខែមិថុនាមកថា ជនជាតិអាមេរិកាំងទិញទំនិញផលិតនៅវៀតណាម ច្រើនជាងជនជាតិវៀតណាមទិញទំនិញផលិតនៅសហរដ្ឋអាមេរិក។
ប្រទេសវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើផលិតកម្មនាំចេញសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលមានជាង៦ភាគរយក្នុងមួយឆ្នាំ។ ឱនភាពបានកើតមានប្រមាណ ៤០ពាន់លានដុល្លារ នៅឆ្នាំ ២០១៨។ ការិយាល័យជំរឿនស.រ.អា បានចាត់ទុកថាឱនភាពនេះមានលំដាប់ទី៥ រវាងសហរដ្ឋអាមេរិក និងប្រទេសមួយទៀត។
អ្នកវិភាគនិយាយថា ការបង្វែរផលិតផលនាំចេញពីប្រទេសចិន ដែលពេលនេះជាប់ពន្ធរបស់អាមេរិក ឆ្ពោះទៅកាន់ប្រទេសវៀតណាមនោះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក Rajiv Biswas ជាប្រធានផ្នែកសេដ្ឋកិច្ចនៅឯក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit។ លោកបានថ្លែងថា៖ «ការព្រួយបារម្ភពីភាគីវៀតណាមគឺថា សហរដ្ឋអាមេរិកអាចនិយាយថា អូខេ! យើងនឹងយកពន្ធគយលើទំនិញនាំចេញពីវៀតណាម។ នៅជាក្ដីបារម្ភគួររបស់វៀតណាម»។
លោកបន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា ពួកគេអាចចៀសផុតពីហានិភ័យបែបនេះបាន តាមរយៈការជាវទិញម៉ាស៊ីន ឬ ឧបករណ៍សម្រាប់ផលិតទំនិញ ដែលមានតម្លៃថ្លៃៗពីសហរដ្ឋអាមេរិក»។
ក្រុមមេដឹកនាំវៀតណាមកំពុងស្វែងរកវិធីដើម្បីធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពេញចិត្ត និងដើម្បីចៀសវាងជម្លោះមួយដែលអូសបន្លាយ ដូចជាជម្លោះមួយដែលលោកត្រាំ បានបង្កើតជាមួយប្រទេសចិន កាលពីដើមឆ្នាំ២០១៨។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
ការព្រមានរបស់អាមេរិក
លោកប្រធានាធិនតី Donald Trump បានហៅប្រទេសវៀតណាមថា «សឹងតែជាប្រទេសតែមួយគត់ដែលរំលោភបំពានមនុស្សរាល់គ្នា» នៅក្នុងអត្ថាធិប្បាយរបស់លោកទៅកាន់បណ្ដាញព័ត៌មានខ្សែកាបអាមេរិកាំង Fox News កាលពីខែមិថុនា។ មួយខែបន្ទាប់មក តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានថ្លែងប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា ប្រទេសវៀតណាមត្រូវតែចាត់វិធានការកាត់បន្ថយឱនភាព ហើយត្រូវបើកចំហរទីផ្សាររបស់ខ្លួនចំពោះក្រុមហ៊ុននាំចូលរបស់អាមេរិក ឬសេវាកម្មផ្សេងៗ។
ក្នុងកត្តាខ្លះ ជម្លោះពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយចិន គឺជាផលប្រយោជន៍សម្រាប់ប្រទេសវៀតណាម។ ដើម្បីបញ្ចៀសពន្ធគយលើទំនិញចិនដែលមានទឹកប្រាក់៥៥០ពាន់លានដុល្លារ ក្រុមហ៊ុនអន្តរជាតិខ្លះបានប្ដូរការនាំចេញពីចិនទៅវៀតណាម ដើម្បីដាក់ផ្លាកសាជាថ្មី ថាជាផលិតផលដែល «ផលិតនៅវៀតណាម» ដោយគ្រាន់តែធ្វើការផ្លាស់ប្ដូរបន្តិចបន្តួចទៅលើទំនិញរបស់ខ្លួន នេះបើយោងតាមអ្នកវិភាគមួយចំនួនដែលបានថ្លែងប្រាប់ VOA កាលពីដើមឆ្នាំនេះ។ ពួកគេនិយាយថា ទំនិញទាំងនោះនឹងទៅដល់សហរដ្ឋអាមេរិកដោយមិនជាប់ពន្ធគយ។
ឱនភាពពាណិជ្ជកម្មបានកើនឡើងជាលំដាប់តាំងពីឆ្នាំ ២០០០ មក នេះបើតាមការលើកឡើងរបស់លោក Frederick Burke ម្ចាស់ភាគហ៊ុនក្រុមហ៊ុនច្បាប់ Baker McKenzie ដែលមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម។
ជាង ២ ទសវត្សរ៍កន្លងទៅនេះ វៀតណាមបានក្លាយជាប្រទេសមានឥទ្ធិពលក្នុងការនាំចេញចេញទំនិញ ដែលពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា ជម្រើសមួយដែលមានតម្លៃទាបប្រៀបធៀបទៅនឹងផលិតផលពីរោងចក្រនៅប្រទេសចិន។ សមាជិកភាពរបស់វៀតណាមក្នុងប្លុកពាណិជ្ជកម្មដែលមានឈ្មោះថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងជឿនលឿន» ដែលមានសមាជិក១១ប្រទេស ថែមទាំងអនុញ្ញាតឲ្យវៀតណាមធ្វើពាណិជ្ជកម្មជាមួយជប៉ុន កាណាដា និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតផង។
លោក Burke បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធឲ្យពួកគេដោះស្រាយការធ្វើពាណិជ្ជកម្មច្រើនលើសកម្រិត។ បើសិនជាគ្មានភាពជាដៃគូពាណិជ្ជកម្មទេ សហរដ្ឋអាមេរិកមិនមានកម្លាំងសម្រាប់ការហូរទំនិញចូលក្នុងទីផ្សារវៀតណាមដែលខ្លួនគួរតែមានទេ»។
វិធានការរបស់ភាគីវៀតណាម
លោក Biswas បាននិយាយថា មន្ត្រីវៀតណាមទំនងជានឹងឆ្លើយតបទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកដោយការទិញទំនិញពីសហរដ្ឋអាមេរិកបន្ថែមទៀត។
ក្រុមមន្ត្រីនៅប្រទេសវៀតណាមបានប្ដេជ្ញារួចហើយថា នឹងនាំចូលកាន់តែច្រើននូវធ្យូងថ្មអាមេរិក ឥន្ធនៈធម្មជាតិ និងផលិតផលកសិកម្ម នេះបើតាមការការចុះផ្សាយក្នុងព័ត៌មានក្នុងស្រុករបស់វៀតណាម។ មន្ត្រីសហរដ្ឋអាមេរិកនឹងស្វាគមន៍ជាពិសេសចំពោះការជាវទិញទូកល្បាតដែលមានតម្លៃថ្លៃ ឧបករណ៍យោធា យន្តហោះពាណិជ្ជកម្ម និងឧបករណ៍សំណង់ នេះបើតាមការបញ្ជាក់របស់លោក Biswas។
លោក Biswas និយាយថា ការជាវទិញទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរ ពីព្រោះភាគីទាំងពីរកំពុងមានចំណងទាក់ទងយុទ្ធសាស្ត្រដ៏រឹងមាំស្រាប់ហើយ។ បើទោះបីជាអាមេរិកមានតួនាទីនៅក្នុងសង្គ្រាមវៀតណាមក៏ដោយក៏ពេលនេះទីក្រុងហាណូយកំពុងសម្លឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងនាមជាសម្ព័ន្ធមិត្ត ក្នុងការប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងដែនសមុទ្រ ដែលប្រទេសនៅតំបន់អាស៊ីទាំងពីរ បានទាមទារកម្មសិទ្ធិលើផ្ទៃទឹកត្រួតស៊ីគ្នារៀងៗខ្លួន។
រដ្ឋមន្ត្រីការពារប្រទេសលោក Mark Esper បានថ្លែងនៅក្នុងសុន្ទរកថាក្នុងពេលលោកធ្វើទស្សកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី២០ ដល់ ២១ ខែវិច្ឆិកាថា រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ឲ្យវៀតណាមនូវនាវាល្បាតសមុទ្រមួយគ្រឿង។
ដើម្បីបញ្ឈប់ការបង្វែរទំនិញដែល«ផលិតនៅប្រទេសចិន» ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានសម្រេចចិត្តកាលពីខែមិថុនា បន្ទាប់ពីបានធ្វើការពិនិត្យអស់រយៈពេល៥ខែ ដើម្បីដាក់ពន្ធគយលើទំនិញនាំចូលដើម្បីការពារទំនិញក្នុងស្រុក លើមុខទំនិញជាក់លាក់មកពីប្រទេសចិនដែលព្យាយាមគេចពន្ធគយរបស់អាមេរិក។
លោក Adam McCarty ប្រធានផ្នែកផែនការសេដ្ឋកិច្ចនៃក្រុមហ៊ុន Mekong Economics នៅទីក្រុងហាណូយបានថ្លែងប្រាប់ VOA ថា៖ «បើសិនជាគេមើលឃើញថា វៀតណាមមិនចាត់វិធានការណ៍ ហើយគ្រាន់តែជាកំពង់ផែ ឬមជ្ឈមណ្ឌលសម្រាប់ទំនិញចិននោះ ពួកគេអាចនឹងត្រូវរងនូវការរិះគន់យ៉ាងចាស់ដៃ»។
លោក Adam McCarty បន្តថា ដើម្បីបន្ធូរសម្ពាធលើពាណិជ្ជកម្ម វៀតណាម«ត្រូវតែព្យាយាមដោះស្រាយបញ្ហាទាំងនោះ ត្រូវធ្វើឲ្យបញ្ហាទាំងនោះក្លាយជាបញ្ហាសាធារណៈ ត្រូវធ្វើឲ្យក្រសួងការបរទេសអាមេរិក ឬអ្នកណាដែលជាប់ពាក់ព័ន្ធមើលឃើញថា វៀតណាមកំពុងធ្វើការជាមួយស.រ.អា យ៉ាងហោចណាស់ក៏តាមរយៈប្រព័ន្ធផ្លូវការមួយដែរ»។
ប្រែសម្រួលដោយ នៀម ឆេង