ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​ឧស្សាហកម្ម​បង្ក​ឱ្យ​មាន​ខ្យល់​ពុល​ក្នុង​ប្រទេស​វៀតណាម


(រូបថត​ឯកសារ​) ចរាចរណ៍​ក្បែរទន្លេ​សាយហ្គន​ ក្នុង​ពេល​មមាញឹក​ ក្នុង​ទីក្រុង​ហូជី​មិញ​ ប្រទេស​វៀតណាម​ ថ្ងៃ១៨​ វិច្ឆិកា​ ឆ្នាំ​២០១៥។
(រូបថត​ឯកសារ​) ចរាចរណ៍​ក្បែរទន្លេ​សាយហ្គន​ ក្នុង​ពេល​មមាញឹក​ ក្នុង​ទីក្រុង​ហូជី​មិញ​ ប្រទេស​វៀតណាម​ ថ្ងៃ១៨​ វិច្ឆិកា​ ឆ្នាំ​២០១៥។

កាល​ពី​ប្រាំ​ឆ្នាំ​មុន​ ប្រសិន​បើ​យើង​ជិះ​រថយន្ត​ចេញពី​កណ្តាល​ក្រុង​ឆ្ពោះ​ទៅកាន់​អាកាស​យានដ្ឋាន​ហូជីមិញ​ យើង​អាច​នឹង​ជាប់​ស្ទះ​ក្នុង​ចរាចរណ៍​២​ឬ៣កន្លែង​ និង​ត្រូវ​ចំណាយ​ពេល​ត្រឹម​តែ​១នាទី​បន្ថែម​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​នេះ​ នៅ​ជុំវិញ​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​វៀតណាម​មួយ​នេះ​ មានការ​កកស្ទះគ្រប់​កន្លែង​ទាំងអស់​ ហើយ​មិន​មែន​ជាប់​ស្ទះ​តែ​ពេល​ចរាចរណ៍​មមាញឹក​ទេ។ ស្ថានភាព​ចរាចរណ៍​កកស្ទះ​បែបនេះ​ គួបផ្សំ​នឹង​ម៉ាស៊ីន​យានយន្តដែល​ត្រូវ​បាន​បញ្ឆេះ​នៅ​តាម​ដង​ផ្លូវ​ចន្លោះ​អគារ​ខ្ពស់​ស្កឹមស្កៃ​ ជាហេតុ​បង្ក​ចម្បង​ទី​មួយ​នៃ​បញ្ហា​បំពុល​ខ្យល់​ក្នុង​ប្រទេស​នេះ។

ចំនួន​យានយន្ត​ដ៏​ច្រើនលើស​លប់​នេះ​ អាច​ស​បញ្ជាក់​ថា​ប្រជាជន​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​មុន ដែល​ជា​លទ្ធផល​បន្ទាប់​បន្សំ​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​តាមរយៈ​ការ​កើន​ឡើង​នៃ​ឧស្សាហកម្ម​ទៅ​លើផលិតផលនាំ​ចេញ។ ទីក្រុង​មួយ​ចំនួន​របស់​វៀតណាម​ រួមទាំង​រដ្ឋធានី​ហាណូយ​ សុទ្ធតែ​ជាទីក្រុង​ចុងក្រោយ​បង្អស់​ក្នុងទ្វីប​អាស៊ី​ដែល​ហ៊ុំព័ទ្ធដោយ​ផ្សែង​អ័ព្ទ។ ទីក្រុង​ធំៗ​ តួយ៉ាងដូចជា​ទីក្រុង​បាងកក​ ទីក្រុង​ប៉េកាំង​ និង​ទីក្រុង​ហ្សាការតា​ បាន​នឹង​កំពុង​រង​ផលប៉ះពាល់​ពី​បញ្ហា​ខ្យល់​កខ្វក់​ជាស្រេច​ និង​បន្ត​កើត​មាន​បន្ត​ទៀត។​ បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បញ្ចេញ​ផ្សែង​ពុល​ពី​ម៉ាស៊ីន​យានយន្ត​ និង​ពី​រោងចក្រ​នានា។

លោក​ Maxfield Brown បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ Dezan Shira & Associates ក្នុង​ទីក្រុង​ហូជីមិញ​ បាន​និយាយ​ថា​៖ «នេះគឺ​ជារឿង​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ដឹង​ច្បាស់​ណាស់​ទៅ​ហើយ​ ហើយ​ខ្ញុំ​គិត​ថា ​អ្នកបង្កើត​គោល​នយោបាយ​ និង​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​នេះ​ អាច​ដឹង​និង​ឃើញ​ថា​ បញ្ហា​នេះ​វា​កាន់​តែ​កើន​ឡើង​ថែម​ទៀត ស្រប​ពេល​ដែល​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ផ្លាស់ទី​មក​រស់នៅ​ក្នុង​ទីក្រុង»។

ចម្ការ​ដំណាំ​ ការដុត​ និង​ឧស្សាហ​នីយកម្ម​

អាជ្ញាធរ​វៀតណាម​ កាល​ពី​ដើមឡើយ សន្និដ្ឋាន​ថា ខ្វល់​កខ្វក់​កើត​ចេញ​មក​ពី​ការ​ដុត​ចម្ការ​ដំណាំ​នៅ​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌូណេស៊ី។ អាជ្ញាធរ​វៀតណាម​ក៏​បាន​សន្និដ្ឋាន​ថា វា​បណ្តាល​មក​ពី​របប​ទឹក​ភ្លៀង​ទាប​ និង​ការ​ដុត​ចម្ការ​ដំណាំ​ក្នុង​ប្រទេស​ផង​ដែរ។​ នេះបើ​យោងតាម​របាយការណ៍​សង្ខេប​អំពី​ប្រទេស​វៀតណាម ប្រចាំ​ខែតុលា​ ឆ្នាំ២០១៩​ របស់​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ Dezan Shira & Associates។

លោក​ Frederick Burke ដែល​ជា​ដៃ​គូ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ Baker McKenzie ក្នុង​ទីក្រុងហូជីមិញ​ បាន​និយាយ​ថា​៖ «ប្រសិន​បើ​អ្នក​មើល​ពី​លើ​យន្តហោះ​វិញ​ អ្នក​នឹង​ភ្ញាក់ផ្អើល ពីព្រោះ​គ្រាន់តែ​ការ​ដុតចម្ការ​ដំណាំ​មួយ​ អាច​បំពុល​តាម​ជ្រលងភ្នំទាំង​មូល​តែម្ដង។ វា​ពិត​ជា​ប៉ះពាល់​រាល​ដាល​ខ្លាំងណាស់»។

ការដុត​គំនរសំរាម​តាមទី​ប្រជុំជន​នានា​ ដូចជា​ការដុត​ប្លាស្ទិក​ ក៏ជា​ហេតុនាំ​ឱ្យខ្យល់​កខ្វក់ដែរ​ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​ Burke។ លោក​បានបន្តថា​ ការដុត​សំរាម​គឺជា​អំពើ​ខុសច្បាប់​ ប៉ុន្តែ​ប៉ូលិស​អនុវត្ត​ច្បាប់​មិន​ដែល​ចាប់​នរណា​ម្នាក់​ឲ្យ​ទទួល​ទោស​តាម​ច្បាប់​ឡើយ។

តាមពិត​ បុព្វហេតុ​ចម្បង​នៃការ​បំពុលខ្យល់​នេះ​ គឺ​ឧស្សាហកម្ម​ទៅ​វិញទេ​ នេះបើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​នេះ។ មួយ​ទសវត្ស​ចុង​ក្រោយ​នេះ​ ការ​ប្រើប្រាស់​ធ្យូងថ្ម​ បាន​កើនឡើង​៣ដង​ និង​ការប្រើប្រាស់​ប្រេងឥន្ធនៈ​បានកើន​ដល់៧០​ភាគរយ​ នេះបើ​យោងតាម​របាយការណ៍​សង្ខេប​អំពី​ប្រទេស​វៀតណាម។ ប្រទេស​វៀតណាម​ ពឹងផ្អែក​លើ​រោង​ចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូង​ថ្ម​ ហើយ​ម្យ៉ាងទៀត​ដោយសារ​តែ​ឧស្សាហកម្ម​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​វៀតណាមពឹងផ្អែក​លើ​ធ្យូង​ថ្ម​ ការណ៍​នេះ​បណ្តាល​ឱ្យ​«ខូចគុណភាព​ខ្យល់​» ក្នុងរដ្ឋធានី​ហាណូយ។​ នេះបើ​តាមរបាយការណ៍​ដដែល​នេះ។

ទំហំ​សេដ្ឋកិច្ច​វៀតណាម​ទំហំ​ប្រមាណ៣០០ពាន់​លាន​ដុល្លារ​ ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនដល់៦,៨​ភាគរយ​ក្នុងឆ្នាំ​នេះ​ នេះបើ​តាមស្ថាប័ន​ស្រាវជ្រាវ​ SSI ក្នុង​រដ្ឋធានី​ហាណូយ។ កំណើន​សេដ្ឋកិច្ច​នេះ​ បាន​កើនដល់​៧,១ភាគរយ​ក្នុងឆ្នាំ​២០១៨​ ដែល​ជាកំណើន​លឿនបំផុត​ក្នុងរយៈ​ពេល១១ឆ្នាំ​ចុងក្រោយ​នេះ។

ផ្សែង​ពុល​ក្នុង​ទីក្រុង​ហូជីមិញ​

ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ Dezan Shira បាន​បកស្រាយ​ថា​ សំណើម​គួបផ្សំ​នឹង​ផ្សែង​ពុលចេញពី​ម៉ាស៊ីន​យានយន្ត​ និង​កាកសំណល់​ពី​ឧស្សាហកម្ម​ បង្ក​ជា​ផ្សែង​អ័ព្ទ​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ ជាពិសេស​ចាប់ពី​ខែ​កញ្ញា​ ដល់​ខែ​តុលា។ ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ដដែល​នេះ​ បាន​សរសេរ​ក្នុង​របាយការណ៍​នោះ​ថា​ ការ​សាងសង់លំនៅដ្ឋាន​ ផ្សារ​ទំនើប​ និង​ការិយាល័យ​នៅ​តាម​ទីប្រជុំជន​ ក៏ជា​ហេតុគួបផ្សំ​ឱ្យ​ខ្យល់​កខ្វក់នៅ​ប៉ែក​ខាងត្បូង​ប្រទេស​នេះ​ដែរ។

កាល​ពីថ្ងៃ​ទី៤​ ខែ​វិច្ឆិកា ទីក្រុង​ហូជីមិញ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១៤៩​ពី​គម្រោង​វាយតម្លៃ​គុណភាព​ខ្យល់​ពិភពលោក​ (World Air Quality Project) ដែល​ធ្លាក់​ចុះ​ពី​ «កម្រិត​បំពុល​មធ្យម​»។ គុណភាព​ខ្យល់​បែបនេះ​ មាន​ន័យថា​ កុមារ​ មនុស្ស​ចាស់​ និងប្រជាជនដែល​មានជំងឺប្រភេទ​មួយ​ចំនួន គួរ​ចៀសវាង​នៅ​ខាង​ក្រៅ​ផ្ទះ​យូរ។ នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋធានី​ហាណូយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១២៩ គឺ​ស្ថិតក្នុង​ស្ថានភាព​មិនល្អ​ដូចគ្នា​ដែរ។

ប្រជាជន​រស់នៅ​ទីក្រុង​ហូជីមិញ​ បាន​ទម្លាក់​កំហុសនេះ​ទៅ​លើ​ការកើន​ឡើងនៃ​ចំនួន​កម្មករ​ និង​និស្សិត​មករស់​នៅទីក្រុង​ ដែល​បង្កឱ្យ​មានយាន​យន្តកាន់​តែច្រើន​ឡើងនៅ​លើដង​ផ្លូវ។ ប្រជាជន​ក្នុង​ទីក្រុង​ មាន​ចំនួន​៩លាន​នាក់។

អ្នកស្រី​ Phuong Hong ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ​នៅ​ទីក្រុង​ហូជីមិញ ​ដែលតែងតែ​ធ្វើដំណើរ​តាម​ម៉ូតូម​ក​ធ្វើការ​រាល់ថ្ងៃ​ បាន​និយាយ​ថា៖​ «យើងដូចជា​គ្មានច្បាប់​ដាក់​កម្រិត​លើ​ផ្សែង​ពុល​ចេញ​ពីឡានក្រុង​ រថយន្ត​ និង​ម៉ូតូ​ទេ​។ ប្រជាជន​នៅ​ប្រើប្រាស់​ម៉ូតូផលិត​តាំង​ពី​ទសវត្ស​១៩៨០​ គិតទៅ​យើង​ប្រើវាអស់​រយៈពេល​៣០ឆ្នាំ​មក​ហើយ»។

អ្នកស្រី Hong បាន​បន្ថែម​ថា​ ការដ្ឋាន​សំណង់​នានា​ក៏ជាហេតុនាំ​ឱ្យមានធូលី​ដែរ ហើយគម្រោង​សាងសង់​នានា​នៅ​ទូទាំង​ទីក្រុងបណ្តាល​ឱ្យមាន​ការកាប់​ដើមឈើ​ចោលជា​ច្រើន។ តំបន់ទាំង​នោះត្រូវ​ បាន​ជំនួស​ដោយអគារ​ខ្ពស់ៗ ដូចជា​អគារ​លំនៅដ្ឋាន​ និងអគារ​សម្រាប់​ការិយាល័យ​ពាណិជ្ជកម្ម​ជាដើម។

អស់រយៈ​កាលមួយឆ្នាំ​កន្លងមក​នេះ​ ក្រុមហ៊ុន​វៀតណាម​ Vinfast ចាប់​ផ្តើម​លក់​ម៉ូតូ​ប្រើ​ថាមពល​អគ្គិសនី​ ប៉ុន្តែ​មាន​ម៉ូតូតែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​ដែលមាន​គេ​ជិះ​នៅតាម​ដងផ្លូវ។ ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ​និយាយ​ថា ម៉ូតូប្រើ​ថាមពលអគ្គិសនី​ មានតម្លៃ​ថ្លៃជាង​ម៉ូតូ​ប្រើ​សាំង​ ហើយ​ម្យ៉ាងទៀត​ក្នុងទី​ក្រុង​មិនមាន​ស្ថានីយ៍​បញ្ចូល​អាគុយ​ម៉ូតូអគ្គិសនី​គ្រប់គ្រាន់​នៅឡើយទេ។ ទោចក្រយាន​ គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏ចាំបាច់​សម្រាប់​អ្នកធ្វើ​ដំណើរ​ក្នុង​ទីក្រុង​នេះ។

ប្រព័ន្ធ​រថភ្លើង​ក្រោមដី​គ្រោងនឹង​បើកឱ្យ​ដំណើរការ​នៅ​ទីក្រុង​ហាណូយ​ និង​ទីក្រុងហូជីមិញ​ក្នុងរយៈ​ពេល២ឆ្នាំ​ខាងមុខ​នេះ​ ដែល​ការណ៍នេះ​នឹងអាច​កាត់បន្ថយ​ការបំពុល​ខ្យល់​បាន​។ នេះបើតាមការ​បញ្ជាក់​របស់​លោក​ Maxfield Brown។ មន្រ្តី​សាលាក្រុង​កំពុង​រៀបចំ​ដាក់​ការ​ហាមប្រាម​មិន​ឲ្យ​ជិះ​ម៉ូតូ​នៅ​កណ្ដាល​ទី​ក្រុង​ហូជីមិញ​ត្រឹមឆ្នាំ​២០៣០។​ នេះបើ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក។

ទីក្រុងផ្សេងៗ​ក្នុងទ្វីប​អាស៊ីដែលកខ្វក់​ជាង​នេះទៀត​

អ្នក​រៀបចំផែន​ការអភិវឌ្ឍន៍​ក្រុង​វៀតណាម​អាចគិត​ថា ការ​បំពុលខ្យល់​ជាបញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ទសវត្ស​ខាងមុខនេះ​ ដោយសារ​តែពួកគេ​បានដឹង​ និងរៀនសូត្រ​ពីផលគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​ជាច្រើន​នៅតាម​បណ្តា​ទីក្រុង​ នោះបើ​តាមសំដី​របស់​លោក​ Maxfield Brown។

ប្រទេស​ឥណ្ឌា​ បង់ក្លាដេស​ និងចិន​ គឺជា​ប្រទេស​ដែលមាន​ខ្យល់កខ្វក់​ជាងគេ​បំផុត​នៅលើលោក​។ កម្រិត​ខ្យល់កខ្វក់​នៅ​រដ្ឋធានី​ហ្សាការតា​កំពុង​កើនឡើង​យ៉ាងលឿន​ជិតស្មើ​រដ្ឋធានី​ប៉េកាំងដែរ​។ នេះបើ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ Eco-Business ដែល​បាន​ចេញ​ផ្សាយកាល​ពីខែ​មីនា។

ទីក្រុង​មួយ​ចំនួន​នៅ​ក្នុងប្រទេស​ឥណ្ឌា​ និងចិន​ ស្ថិតក្នុង​ចំណោម​ទីក្រុង៥០​ដែលមាន​ខ្យល់​កខ្វក់​ជាងគេ​ក្នុង​ពិភពលោក​ក្នុងឆ្នាំ​២០១៨​។ នេះបើតាមក្រុមហ៊ុន AirVisual ដែល​ជា​ក្រុមហ៊ុន​តាមដាន​គុណភាព​ខ្យល់។ ទីក្រុង​របស់​ប្រទេស​វៀតណាម​ មិន​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ខ្យល់​កខ្វក់​ខ្លាំង​ទាំង​៥០នេះ​ទេ៕

ប្រែសម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG