នៅក្នុងទីក្រុងហាណូយ រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Mark Esper បានប្រកាសកាលពីថ្ងៃទី ២០ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកនឹងផ្ដល់នាវាល្បាតសមុទ្រមួយគ្រឿងទៀតដល់ប្រទេសវៀតណាមសម្រាប់ការប្រើប្រាស់នៅក្នុងសមុទ្រចិនខាងត្បូង ដែលនៅទីនោះ ប្រទេសវៀតណាមមានជម្លោះជាមួយនឹងប្រទេសចិន។
ចំណែកឯនៅក្នុងទីក្រុងហូជីមិញវិញ នៅក្នុងរយៈពេលប្រហែលគ្នានេះដែរ អគ្គកុងស៊ុលសហរដ្ឋអាមេរិកបានធ្វើដំណើរតាមទូកកាត់តាមតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទាក់ទិននឹងការអប់រំ បរិស្ថាន និងវប្បធម៌។
ព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នាទាំងពីរនេះ ដែលមួយបង្ហាញអំពីអំណាចយោធា និងមួយទៀតបង្ហាញអំពីអំណាចការទូត បានបង្ហាញអំពីមធ្យោបាយផ្សេងគ្នា ដែលវៀតណាម និងសហរដ្ឋអាមេរិកកាន់តែមានភាពជិតស្និទ្ធគ្នាខ្លាំងជាងមុន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយមកបន្ទាប់ពីប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាមវៀតណាម។
អ្នកស្រី Marie Damour ដែលជាអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ បានចំណាយពេល ៣ ថ្ងៃ នៅក្នុងខេត្ត An Giang ស្ថិតក្នុងតំបន់ដីសណ្ដទន្លេមេគង្គនៅក្បែរទីក្រុងហូជីមិញ ដើម្បីសម្ពោធមជ្ឈមណ្ឌលអាមេរិកាំងមួយ។
មជ្ឈមណ្ឌលដូចនេះមានរួចមកហើយនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលនៅទីនោះ មជ្ឈមណ្ឌលទាំងនេះបានក្លាយជាកន្លែងជួបប្រាស្រ័យទាក់ទងគ្នារបស់សាធារណជន។ ពលរដ្ឋវៀតណាមវ័យក្មេងបានចំណាយពេលជាមួយមិត្តភ័ក្ដិរបស់ពួកគេនៅមជ្ឈមណ្ឌលទាំងនេះសម្រាប់កិច្ចការគ្រប់មុខទាំងអស់ដូចជាការរៀនពីជំនាញសរសេរ ការជជែកពិភាក្សាគ្នាជាមួយនឹងតន្ត្រីករផ្នែកតន្ត្រីហ្សាស និងការបញ្ចាំងខ្សែភាពយន្តផ្សេងៗជាដើម។ ទាំងនេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃអំណាចការទូត។
អ្នកស្រី Damour បានថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនោះនៅឯសាកលវិទ្យាល័យ An Giang យ៉ាងដូច្នេះថា៖ «មជ្ឈមណ្ឌលអាមេរិកាំងនេះគឺជាតឹកតាងនៃទស្សនវិស័យរួមគ្នារបស់យើង និងបង្ហាញឲ្យឃើញពីដំណាក់កាលដ៏សំខាន់មួយនៃទំនាក់ទំនងដ៏ខ្លាំងរួចស្រេចមកហើយ [រវាងសហរដ្ឋអាមេរិក និងវៀតណាម]»។
មជ្ឈមណ្ឌលបែបនេះក៏មានជាលើកដំបូងផងដែរនៅក្រៅទីក្រុងធំៗរបស់ប្រទេសវៀតណាម។ ទីតាំងមជ្ឈមណ្ឌលនេះក៏សំខាន់ផងដែរ ដោយសារតែពលរដ្ឋវៀតណាមពីរភាគបីរស់នៅក្នុងតំបន់ជនបទ។ ចំណុចនេះក៏បង្ហាញឲ្យឃើញផងដែរថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកកំពុងបញ្ជ្រាបទូទាំងប្រទេសវៀតណាម។
អ្នកស្រី Damour បានបញ្ជាក់ថា៖ «អនាគតរបស់ប្រទេសវៀតណាម និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមនឹងកំណត់ដោយមិនត្រឹមតែទីក្រុងហាណូយ និងទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខេត្ត និងក្រុងទាំង ៦៣ របស់ប្រទេសវៀតណាមផងដែរ»។
នៅក្នុងដំណើរទស្សនកិច្ចនោះ អ្នកស្រីក៏បានធ្វើដំណើរផងដែរទៅសួរសុខទុក្ខអ្នកកាន់សាសនាឥស្លាមដែលជាជនជាតិចាមនៅព្រះវិហារឥស្លាម Mubarak ដើម្បីពិភាក្សាអំពីការជួញដូរមនុស្សជាមួយនឹងមន្ត្រីព្រំដែន និងពិភាក្សាអំពីការធ្វើពាណិជ្ជកម្មផលិតកម្មកសិកម្មជាមួយថ្នាក់ដឹកនាំខេត្ត។
ពាណិជ្ជកម្មគឺជាឧទាហរណ៍យ៉ាងជាក់ច្បាស់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកមានទំនាក់ទំនងការទូតជាមួយគ្នាតិចជាង ៣ ទសវត្សរ៍។ ប៉ុន្តែ សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាមនាំចេញទំនិញទៅ ហើយវៀតណាមបានក្លាយជាទីផ្សារដែលកើនឡើងខ្លាំងបំផុតសម្រាប់ទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក។
ប្រទេសវៀតណាមក៏នាំចេញផលិតផលកសិកម្មផងដែរទៅកាន់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដោយសារតំបន់ដីសណ្ដទន្លេមេគង្គគឺជាជង្រុកស្រូវដ៏សំខាន់មួយ និងជាតំបន់កសិកម្ម។
ទ្រឹស្ដី Thucydides Trap
សម្រាប់ផ្នែកការពារជាតិ រដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមានសម្ព័ន្ធភាពយោធាជាមួយគ្នាទេ ប៉ុន្តែមានការព្រួយបារម្ភរួមគ្នាអំពីឥទ្ធិពលកើនឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងការប្រកាសអំពីការប្រគល់នាវាល្បាតសមុទ្រមួយគ្រឿងទៀតដល់ប្រទេសវៀតណាម រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិក «ផ្ដល់ឲ្យវៀតណាមនូវសមត្ថភាពដែលវៀតណាមត្រូវការដើម្បីការពារអធិបតេយ្យភាព និងធនធានធម្មជាតិរបស់ខ្លួន»។
លោក Esper ថែមទាំងបានលើកឡើងពីទ្រឹស្ដីរបស់ប្រវត្តិវិទូក្រិកលោក Thucydides ផងដែរ នៅក្នុងសុន្ទរកថារបស់លោកដែលថ្លែងទៅកាន់បណ្ឌិតសភាការទូតនៃប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។ ឈ្មោះរបស់លោក Thucydides ដែលកាលពីមុនគេមិនសូវស្គាល់នេះ ឥឡូវនេះត្រូវបានគេឧស្សាហ៍លើកឡើងនៅក្នុងរង្វង់អ្នកជំនាញខាងផ្នែកភូមិសាស្ត្រនយោបាយ។
កាលពីជាង ២ ពាន់ឆ្នាំមុន លោក Thucydides បានសរសេរអំពីសង្គ្រាមរវាងទីក្រុងក្រិកបុរាណ Sparta និងទីក្រុង Athens ដែលកំពុងមានឥទ្ធិពលកើនឡើង។ នៅក្នុងសហស្សវត្សនេះ ប្រវត្តិវិទូនៃសាកលវិទ្យាល័យ Harvard ម្នាក់ បានប្រៀបធៀបភាគីទាំងពីរនេះទៅនឹងសហរដ្ឋអាមេរិក និងប្រទេសចិន ដោយនិយាយថា នៅក្នុងប្រវត្តិសាស្ត្រ ការប្រជែងគ្នាភាគច្រើនរវាងមហាអំណាចដែលខ្លាំងស្រាប់ និងមហាអំណាចដែលកំពុងតែលេចឡើងនឹងក្លាយទៅជាជម្លោះនៅទីបំផុត ដែលនេះគឺជាអ្វីដែលគេហៅថាទ្រឹស្ដី Thucydides' trap។
ក្នុងនាមជាមន្ត្រីយោធាកំពូលបំផុតរបស់សហរដ្ឋអាមេរិក លោកEsper បានរិះគន់ប្រទេសចិនថាជាអ្នកធ្វើឲ្យមានជម្លោះនេះកើតឡើង។ ដំបូង លោកបានផ្ដោតលើវិធីដែលទីក្រុង Athens ដែលជាមហាអំណាចកំពុងមានឥទ្ធិពលកើនឡើង បានប្រើ «ភាពគឃ្លើនក្អេងក្អាង» និង «អានុភាពអំណាច» ដើម្បីសម្លុតគំរាមកំហែងរដ្ឋតូចជាងខ្លួន។ បន្ទាប់មក លោកបានលើកឡើងអំពីជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ដែលលោកនិយាយថា នៅទីនោះ ប្រទេសតូចជាងចិនដូចជា វៀតណាមជាដើម ប្រឈមនឹង «ការយាយីធ្វើបាប» ពីប្រទេសចិន។
លោកបញ្ជាក់ដូច្នេះថា៖ «កិច្ចប្រឹងប្រែងឯកតោភាគីរបស់ចិនដើម្បីគាំទ្រការទាមទារកាន់កាប់ដោយខុសច្បាប់នូវដែនសមុទ្រ បានគំរាមដល់លទ្ធភាពរបស់ប្រទេសដទៃផ្សេងទៀតនៅក្នុងការប្រើប្រាស់ធនធានធម្មជាតិសំខាន់នានា ប៉ះពាល់ដល់ស្ថិរភាពនៃទីផ្សារថាមពលនៅក្នុងតំបន់ និងបង្កើនហានិភ័យនៃជម្លោះ»៕
ប្រែសម្រួលដោយ ភី សុភាដា