ជាទូទៅគុណភាពខ្យល់ក្នុងប្រទេសវៀតណាមមិនអាក្រក់ខ្លាំងដូចទៅនឹងគុណភាពខ្យល់ក្នុងប្រទេសចិនឬឥណ្ឌាទេ នៅពេលណាដែលគេនិយាយអំពីការបំពុលបរិយាកាស។ ប៉ុន្តែវាមានស្ថានភាពអាក្រក់និងកាន់តែអាក្រក់ឡើង ហើយជាតិពុលនៅក្នុងខ្យល់ទាំងអស់បង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន មិនថាត្រូវចំណាយប្រាក់ដើម្បីទិញប្រេងឥន្ធនៈល្អជាងនេះ ឬផលប៉ះពាល់លើសុខភាពរបស់ពលរដ្ឋវៀតណាមដែលរងគ្រោះដោយសារជាតិពុលទាំងនេះទេ។
សេដ្ឋវិទូផ្នែកបរិស្ថានលោក Le Viet Phu បាននិយាយថា មិនយូរមិនឆាប់នឹងមានផលប៉ះពាល់ពីការបំពុលបរិយាកាសក្នុងប្រទេសវៀតណាម។
លោក Le Viet Phu កំពុងជំរុញឲ្យពលរដ្ឋវៀតណាមគិតគូរឲ្យបានវែងឆ្ងាយនិងគួរចំណាយខ្ពស់ដើម្បីទទួលបានថាមពលស្អាត បើទោះបីជាត្រូវចំណាយប្រាក់ច្រើននៅពេលដំបូងយ៉ាងណាក៏ដោយ។ ស្ថិតិដែលទទួលបាននេះប្រហែលអាចជាការក្រើនរំឭកដល់ពួកគេបាន។ស្ថិតិនេះបានឲ្យដឹងថា ប្រទេសវៀតណាមឥឡូវនេះបានស្ថិតនៅក្នុងបណ្តុំនៃប្រទេសទាំង១០ ដែលមានការបំពុលបរិយាកាសអាក្រក់ជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើយោងតាមស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហូជីមិញ។
ឧបករណ៍វាស់ស្ទង់គុណភាពខ្យល់នៃស្ថានកុងស៊ុលបានក្លាយជាកន្លែងផ្តល់ពត៌មានប្រចាំថ្ងៃសម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុងហូជីមិញ ចាប់តាំងពីឧបករណ៍នេះត្រូវបានបំពាក់កាលពីឆ្នាំ២០១៥មក ហើយឧបករណ៍ដូចគ្នានេះក៏មានបំពាក់នៅឯស្ថានទូតអាមេរិកក្នុងទីក្រុងហាណូយផងដែរ។
លោក Phu ដែលបម្រើការនៅសាកលវិទ្យាល័យ Fulbright ក្នុងប្រទេសវៀតណាមបាននិយាយថា «ប្រទេសវៀតណាមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារតែថាមពលមានតម្លៃថោក»។
បញ្ហាប្រឈម
ការរីកលូតលាស់សេដ្ឋកិច្ចក្រោយសង្រ្គាមបានធ្វើឲ្យវៀតណាមរីកចម្រើនស្ទើរគ្រប់វិស័យ ប៉ុន្តែវិស័យមួយចំនួនត្រូវបានផ្អាកដោយសារបញ្ហាពាណិជ្ជកម្មនៅពេលនោះ។ ផលិតផលក្នុងស្រុកសរុបបានកើនឡើងពី៦ទៅ៧ភាគរយជារៀងរាល់ឆ្នាំ។
ស្របពេលជាមួយគ្នានេះ ខ្យល់ដកដង្ហើមក្នុងទីក្រុងហូជីមិញត្រូវបានមើលឃើញថាមានការបំពុលយ៉ាងខ្លាំងបើធៀបទៅកាលពីពីរឆ្នាំមុន សម្រាប់អ្នកដែលងាយរងគ្រោះ។
កាលពីឆ្នាំ២០១៣ ពលរដ្ឋវៀតណាមចំនួន៦៦.៣០០នាក់បានស្លាប់ដោយសារបញ្ហាបង្កនានាពីខ្យល់មានជាតិពុល។ លោកស្រី Mary Tarnowka អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញបានមានប្រសាសន៍ដោយលើកឡើងពីទិន្នន័យរបស់ធនាគារពិភពលោកថា «ការបំពុលបរិយាកាសគឺគ្មានដែនកំណត់នោះទេ ហើយវាធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នាទាំងអស់»។
លោកស្រីបានថ្លែងបន្ថែមថា«គ្រួសាររបស់ខ្ញុំធ្លាប់រស់នៅប្រទេសចិននិងឥណ្ឌាអស់ជាច្រើនឆ្នាំ ហើយយើងបានដឹងយ៉ាងច្បាស់ពីផលប៉ះពាល់សុខភាពដោយសារគុណភាពខ្យល់ ជាពិសេសសុខភាពរបស់កុមារតូចៗដែលសួតរបស់ពួកគេកំពុងតែលូតលាស់»។
វាក្លាយជារឿងធម្មតាទៅហើយដែលសាលារៀនត្រូវពន្យារពេលចូលរៀនពីរបីម៉ោង ឬត្រូវបិទមួយថ្ងៃពេញដើម្បីកុំឲ្យកុមារដកដង្ហើមស្រូបយកខ្យល់កខ្វក់ទាំងនោះ។ នៅតាមផ្ទះនិងការិយាល័យធ្វើការ តុនិងទូរដាក់ឯកសារត្រូវជូតជារៀងរាល់ថ្ងៃដោយសារមានល្អងធូលីយ៉ាងច្រើន។
ឧស្សាហកម្មដែលបំពុលបរិស្ថានគឺជាបញ្ហាសំខាន់នៅតាមតំបន់ជាយក្រុងហាណូយ និងជាយក្រុងហូជីមិញ។ ក៏ប៉ុន្តែលោក Phuបានថ្លែងថា ៩០ភាគរយនៃផ្សែងពុលចេញមកពីការធ្វើចរាចរណ៍នៅតាមផ្លូវនានា។
ដំណោះស្រាយ
ហេតុដូច្នេះហើយបានជាមានសំណើជាច្រើនតម្រូវឲ្យអ្នកបើកបរត្រូវយកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យផ្សែងឲ្យបានទៀងទាត់ជាប្រចាំ។ វៀតណាមបានសង្កត់ធ្ងន់លើជម្រើសមួយចំនួនដើម្បីកាត់បន្ថយការបំពុលបរិស្ថានពីការកកស្ទះចរាចរណ៍។ រដ្ឋាភិបាលបានស្នើឲ្យយកពន្ធបន្ថែមលើឧស័្មន ប៉ុន្តែមិនទាន់បានចាប់អនុវត្តនៅឡើយទេ ដោយសារមានការប្រឆាំងពីសាធារណជន។
រដ្ឋាភិបាលទីក្រុងហាណូយ និងរដ្ឋាភិបាលទីក្រុងហូជីមិញបានចំណាយពេលរាប់ឆ្នាំបង្កើតប្រព័ន្ធផ្លូវក្រោមដី ដើម្បីឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់យានយន្តឯកជន ប៉ុន្តែកាលបរិចេ្ឆទនៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈមានការខ្វះខាតផ្នែកថវិកា។ ប៉ុន្តែវៀតណាមនឹងទទួលបានលទ្ធផលគាប់ប្រសើរយ៉ាងធំធេង ប្រសិនបើខ្លួនឈប់ប្រើធ្យូងថ្ម ហើយងាកមកទាញថាមពលពីខ្យល់ ព្រះអាទិត្យ និងជម្រើសថាមពលផ្សេងទៀត។ នេះបើយោងតាមអង្គការបរិស្ថានវៀតណាមមួយមានឈ្មោះថា CHANGE។
អ្នកស្រី Hoang Hong ដែលជានាយិកាអង្គការនេះបានថ្លែងថា ជម្រើសទាំងនេះនឹងជួយដល់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងការរក្សាការសន្យារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស ដើម្បីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់។
អ្នកស្រីបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាទីក្រុងហូជីមិញ ដែលមានអំណោយផលទាំងផ្នែកភូមិសាស្រ្តនិងអាកាសធាតុ ជាមួយនឹងសេដ្ឋកិច្ច សក្តានុពលផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស ព្រមទាំងការបើកចំហនូវផ្នត់គំនិតរបស់រដ្ឋាភិបាលនិងពលរដ្ឋរបស់ប្រទេសនេះ នឹងអាចជួយត្រួសត្រាយផ្លូវដល់ដំណើរការផលិតថាមពលកកើតឡើងវិញនៅក្នុងប្រទេសនេះ»។
ប្រទេសវៀតណាមមិនទាន់ឈានដល់ការបំពុលបរិយាកាសកម្រិតខ្ពស់ក្នុងចំណោម
ប្រទេសជិតខាងនៅអាស៊ីនៅឡើយទេ ហើយក្រុមអ្នកបរិស្ថានសង្ឃឹមថា នៅមានពេលវេលាដើម្បីធ្វើឲ្យប្រាកដថាស្ថានភាពនេះនឹងមិនកាន់តែអាក្រក់ឡើងនោះទេ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា