ប្រទេសវៀតណាមបានបើកបណ្តាញខ្សែទូរស័ព្ទលើកដំបូងរបស់ខ្លួនដើម្បីជួយពលរដ្ឋរបស់ខ្លួននៅបរទេសដែលមានបញ្ហានានាចាប់តាំងពីការបាត់លិខិតឆ្លងដែនរហូតដល់អ្នកដែលក្លាយជាជនរងគ្រោះដោយសារការជួញដូរមនុស្ស។
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh នៅឯពិធីបើកសេវាកម្មថ្មីនៅសប្តាហ៍នេះ បានសង្កត់បញ្ជាក់ថា បណ្តាញខ្សែទូរស័ព្ទនេះនឹងជួយក្រសួងការបរទេសឲ្យមានប្រសិទ្ធឡើងក្នុងការការពារពលរដ្ឋវៀតណាមនៅបរទេស។
លោកនិយាយបន្ថែមទៀតថា ពលរដ្ឋវៀតណាមអាចហៅទូរស័ព្ទនេះនៅពេលថ្ងៃឬពេលយប់ដើម្បីស្វះស្វែងរកការជួយ ប្រសិនបើពួកគេត្រូវគេប្លន់ បាត់លិខិតឆ្លងដែន ស្ថិតក្នុងគ្រោះថ្នាក់ មានជំងឺខ្លាំងឬជាជនរងគ្រោះនៃការជួញដូរមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ សេវាកម្មថ្មីនេះតម្រូវឲ្យមានការបង់ប្រាក់។ អ្នកដែល ប្រើប្រាស់ទូរស័ព្ទនោះ នឹងត្រូវបង់ប្រាក់ទៅតាមបទដ្ឋានអន្តរជាតិសម្រាប់ការហៅទូរស័ព្ទទៅកាន់ប្រទេសវៀតណាម។
លោក Nguyen Manh Thang កម្មកវៀតណាមក្នុងប្រទេសរុស្ស៊ីបានប្រាប់ VOAផ្សាយជាភាសាវៀតណាមថា លោកនឹងត្រូវរង់ចាំមើលថាតើកិច្ចប្រតិបត្តិការទូស័ព្ទថ្មីជាការពិតប្រាកដឬគ្រាន់តែជាវិធីឃោសនា។
លោកនិយាយថា៖ «និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនទុកចិត្តពួកអាជ្ញាធរវៀតណាមទេ។ ប្រហែលពួកគេបង្កើតខ្សែទូរស័ព្ទនេះឡើងគ្រាន់តែធ្វើឲ្យមានរូបភាពល្អមើលសម្រាប់ខ្លួនឯងនៅក្នុងកែវភ្នែកសហគមន៍អន្តរជាតិ។ តើពួកគេនឹងអនុវត្តបណ្តាញខ្សែទូរស័ព្ទនោះយ៉ាងដូចម្តេច យើងមិនទាន់ដឹងនៅឡើយទេ»៕