ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យន្តហោះ​ឥត​ដំណើរការ​របស់​កម្ពុជា​ដាក់​លក់​ដេញ​ថ្លៃ​នៅ​វៀតណាម


បុគ្គលិក​ព្រលាន​យន្ត​ហោះ ​Noi Bai​ នៃទីក្រុង​ហាណូយ​ កំពុង​ត្រួត​ពិនិត្យ​យន្តហោះ ​VietJet A320 មុន​ពេល​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣។

ពួក​អាជ្ញាធរ​វៀតណាមកំពុង​ដាក់​ដេញ​ថ្លៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​កម្ពុជា​មួយ​គ្រឿងដែល​ត្រូវ​បាន​បោះ​បង់​ចោលអស់​ជា​ច្រើ​នឆ្នាំ​នៅ​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ Noi Bai ​ទី​ក្រុង​ហាណូយ។

យន្តហោះ​នោះ ​បាន​ហោះ​ហើរ​ជា​លើក​ចុងក្រោយ​ចេញ​ពី​ខេត្ត​សៀម​រាបទៅ​កាន់​រដ្ឋ​ធានី​នៃ​ប្រទេស​វៀតណាម​ ដោយគ្មាន​អ្នក​ទាម​ទារ​យក​វា​ត្រឡប់​មក​វិញចាប់​តាំង​ពី​ឆ្នាំ​២០០៧ ​មក។

លោក​ Luu Van Dao ជាមន្រ្តី​នៅ​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម​បាន​ប្រាប់​ VOA​ ផ្សាយ​ជា​ភាសា​វៀត​ណាមថា ​យន្តហោះ​ Boeing 727 ត្រូវ​បាន​ទុក​ចោលនៅ​អាកាសយានដ្ឋាន​ Noi Bai ​ដោយសារ​បញ្ហា​បច្ចេក​ទេស។

លោក​និយាយ​ថា៖ «​យើង​បាន​ផ្តល់​ព័ត៌មាន​ជូនអាជ្ញាធរ​កម្ពុជាអំពី​យន្តហោះ​នោះ​ហើយ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ ដើម្បី​ស្វះស្វែង​រកម្ចាស់​យន្តហោះ​នោះ​ ក៏ប៉ុន្តែ ​គ្មាននរណាម្នាក់​ចេញ​មុខ​មក​ទាម​ទារ​វា​ទេ»។

ពួក​មន្រ្តីនិយាយ​ថា ​ប្រាក់​ដែល​បាន​មក​ពី​ការ​ដេញ​ថ្លៃ​នះ ​នឹង​ត្រូវ​ប្រើ​ប្រាស់ដើម្បី​បង់​ថ្លៃ​ឈ្នួលសម្រាប់​ការ​ចត​នៅចំណត​អាកាស​យាន​ដែល​មិន​ទាន់​បាន​បង់ ​ដែល​មាន​តម្លៃ​៦​សែន​ដុល្លារ។​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយទេ​ថា នៅ​ពេលណា​ទើប​យន្តហោះ​នោះ​ នឹង​ត្រូវលក់​បាន​សម្រេច។

ពលរដ្ឋ​វៀតណាម​បាន​ផ្តល់​អនុសាសន៍​ភ្លាមៗ​សម្រាប់​ពួក​អ្នក​ទិញ​សំខាន់​ៗ។ ​ពួក​គេ​និយាយ​ថា​ ដំណោះ​ស្រាយ​មួយ​គឺប្រែក្លាយ​យន្តហោះ​ Boeing 727 ​នោះ​ទៅ​ជា​ហាង​កាហ្វេ​ ដែល​អនុសាសន៍នេះទទួល​បានការ​អបអរ​សាទរ​យ៉ាង​ខ្លាំង។

រូបថត​តាម​ប្រព័ន្ធ​ Website ​បង្ហាញ​ថា ​យន្តហោះ​នោះត្រូវ​បាន​គេលាប​ពណ៌​ក្រហម​និង​ពណ៌​ស​ដោយ​មាន​ទង់​ជ័យ​កម្ពុជា​ហើយ​មាន​ឈ្មោះ​ Air Dream ​ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​កាច់​ជ្រុង​នៃ​ចំណត​អាកាស​យាន។

ក្នុង​ឆ្នាំ​២០០៧​ ក្រុម​អាកាសចរណ៍​ Air Dream​ ដែល​ឥឡូវ​នេះ​គ្មាន​ដំណើរ​ការ ​បាន​ប្រតិបត្តិការ​យន្តហោះ​មួយ​គ្រឿង​ហោះ​ហើរ​ពី​ទីក្រុង​សៀម​រាប​ទៅ​កាន់​ទីក្រុង​ហាណូយ។ ប្រតិបត្តិការ​យន្តហោះ​នោះ​ ត្រូវ​បាន​បំបែក​ចេញ​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Royal Khmer Airlines៕

XS
SM
MD
LG