ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​វៀតណាម​កាត់ទោស​សកម្មជន​ប្រឆាំង


​អ្នកស្រី ​Bui Thi Minh Hang (ឆ្វេង) អាយុ​៤៧ឆ្នាំ ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ចិន ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​ចិន​ក្នុង​ទីក្រុង​ហាណូយ។
​អ្នកស្រី ​Bui Thi Minh Hang (ឆ្វេង) អាយុ​៤៧ឆ្នាំ ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ចិន ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​ចិន​ក្នុង​ទីក្រុង​ហាណូយ។

តុលាការ​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​បាន​សម្រេច​តាម​សាលក្រមរបស់​តុលាការ​ជាន់​ទាប​កាត់ទោស​សកម្មជន​រិះគន់​មិន​សំចៃ ​និង​បាតុករ​ប្រឆាំង​ចិន​ឈ្មោះ អ្នកស្រី ​Bui ​Thi ​Minh ​Hang​ និង​មនុស្ស​២នាក់​ទៀត​ក្នុង​ការ​បង្ក្រាប​ចុង​ក្រោយ​បំផុត​ទៅ​លើ​ក្រុម​ប្រឆាំង។​

អ្នក​សង្កេត​ការណ៍​នានា​និយាយ​ថា ​លទ្ធផល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​អ្នកស្រី ​Bui Thi Minh Hang ​និង​សកម្ម​ជន​២​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ Dong Thap ​នៅ​ដែនដី​សណ្ត​ទន្លេ​មេគង្គ​ ប្រទេស​វៀតណាម​ មិននាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ អ្នកស្រី ​Hang ​ត្រូវកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំ​កាល​ពី​ខែសីហា​ ពីបទ​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ​ ដោយ​បង្កើត​ការ​រំខាន​ធ្ងន់ធ្ងរ​ដល់​ចរាចរណ៍។ ​សកម្ម​ជន​ពីរនាក់​ទៀត​ក៏​ត្រូវ​បាន​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ដែរ។​ Nguyen Thi Thuy Quynh ​ត្រូវ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​២​ឆ្នាំ ​ហើយ​និង ​Nguyen Van Minh​ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តាម​របៀប​ Hao Hao​ ត្រូវ​កាត់​ទោស​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ។​

អ្នកទាំង​បីនេះ​នៅ​ក្នុង​ចំណោម​មនុស្ស​២១​នាក់ ​ដែល​ត្រូវចាប់​ខ្លួន​កាលពី​ខែ​កុម្ភៈ​ នៅ​ពេល​ពួក​គេ​ជិះ​ម៉ូតូពី​ក្រុង​ហូជីមិញ​ទៅ​ខេត្ត​ Dong Thap​ ដើម្បី​ទៅ​សួរ​សុខទុក្ខ​អតីត​អ្នក​ទោស​នយោបាយ​ម្នាក់។ ​ អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម​នេះ​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​បន្ទាប់​មក។​

លោក ​Tran Bui Trung ​កូនប្រុស​របស់​អ្នកស្រី ​Hang​ និយាយ​ថា​ មនុស្ស​ចំនួន​១៩​នាក់​ ដែល​បាន​ទៅតុលាការ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​គេ​សម្រាប់​ម្តាយ​របស់​គាត់ ​ត្រូវប៉ូលិស​ឃាត់​ខ្លួន។​

លោក​និយាយ​ថា ​មិនទាន់​មានព័ត៌មាន​នៅ​ឡើយ​ទេ​ថា​ ពួកគេ​នឹងទៅ​ជាយ៉ាង​ណា​ទេ។ ​

ដោយ​ស្លៀកពាក់​សម្លៀក​បំពាក់​អាវ​ផាយ​ ដែល​ជា​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម ​និង​ស្រែក​ពាក្យ​ស្លោក​ដោយ​រំជួល​ចិត្ត​នោះ​ អ្នកស្រី ​Hang ​គឺ​ជាអ្នក​ដែល​គេ​ស្គាល់​មុខ​ច្រើន​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​ចិន​នៅ​ក្នុង​រដ្ឋធានី។ ​ អ្នកស្រី​ក៏ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​ផង​ដែរ​ ដោយ​អ្នកស្រី​បាន​បង្ហោះ​រូបថត ​និង​ភ្ជាប់ Facebook ​របស់​អ្នកស្រី ​ទៅ​ករណី​ជា​ច្រើន សង្ស័យ​ពី​បទ​រំលោភ​បំពាន មាន​ដូច​ជា​សិទ្ធិ​កាន់កាប់​ដីធ្លី​រហូត​ដល់​សិទ្ធិ​ខាង​ជំនឿ​សាសនា ​និង​សេរីភាព​ខាង​នយោបាយ។​

លោក​ Phil Robertson ​នាយក​រង​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី​ Human Rights Watch, Asia​ បាន​និយាយ​ថា ​អ្នកស្រី ​Hang​ ជាអ្នក​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​វៀតណាម។​ លោក​និយាយ​ថា ​លោក​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​តុលាការ​សាល​ឧទ្ធរណ៍សម្រេច​តាម​សាលក្រម​របស់​សាលា​ដំបូង​នេះ។​

លោក​និយាយ​ថា៖​

«តាម​ការ​វិភាគរបស់​យើង​អំពីអ្នក​ដែល​ត្រូវ​បន្ធូរ​បន្ថយ​ទោស​នៅ​ពេល​ប្តឹង​ឧទ្ធរណ៍​គឺអ្នក​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ បាន​បង្ហាញ​ការ​ស្តាយ​ក្រោយ​ខ្លាំង​ ​ អ្នក​បាន​សារភាព​ថា​ បាន​ធ្វើ​ខុស​ ហើយ​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​មួយ​អាជ្ញារធរ។​ ក្នុង​ករណី​បែប​នេះ​ យើង​ឃើញ​មាន​ការ​បន្ធូរ​បន្ថយ​ទោស»។​

លោក ​Robertson ​និយាយ​ថា​ ការ​ប្រើ​បទចោទ​ប្រកាន់​ពីបទ​រំខាន​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ គឺ​អាជ្ញាធរ​អាច​នឹង​ព្យាយាម​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នកស្រី​ Hang ​ប្រឡាក់​ប្រឡូស។​

«គេ​ប្រហែល​ជា​ជឿថា ​រឿង​នេះ​ធ្វើឲ្យ​រដ្ឋាភិបាល​មាន​ពាក្យ​និយាយ​ថា​ អ្នក​ស្រី ​Hang ​មិន​ខុស​ពី​ជន​ល្មើស​ធម្មតា​ផ្សេង​ទៀត​ទេ។​ វាជា​រឿង​ផ្សេង​ បើ​គេ​ធ្វើការ​ចោទ​ប្រកាន់​អ្នក​ស្រី​តាម​មាត្រា​២៥៨ ​ឬ​ការ​ធ្វើ​ចោទ​ប្រកាន់​ពីអ្វី​ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ​បទ​ល្មើស​នេះ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស។​ នេះជា​ផ្នែក​មួយ​នៃ​ល្បិច​រៀប​ចំសាច់​រឿង​សម្រាប់​ស្ថាន​ការណ៍​នេះ»។​

ដូចគ្នា​នេះ​ដែរ​ ក្នុង​ពេល​ពីរបី​សប្តាហ៍​កន្លង​ទៅ​នេះ ​អ្នក​ធ្វើ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ blogger​ ពីរ​នាក់ត្រូវ​បានចោទ​ប្រកាន់​ពីបទ​«រំលោភ​បំពាន​សេរីភាព​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រយោជន៍​របស់​រដ្ឋ»​ តាម​មាត្រា​២៥៨​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ។​ ​

Nguyen​ Quang ​Lap កវី ​និង​ជា​អ្នក​និពន្ធ ​ដែល​បាន​សរសេរ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ឈ្មោះ ​Que ​Chao​ ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍។​

កាលពី​១០​ថ្ងៃមុខ​នោះ Hong Le Tho ​អ្នក​សរសេរ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ឈ្មោះ​ Nguoi ​Lot​ Gach ​ដែល​មាន​ន័យថា​ អ្នក​រៀប​ឥដ្ឋ ​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។​

លោក ​Robertson​ និយាយ​ថា ​ការ​ចាប់ខ្លួន​នោះ​បង្ហាញ​ពី​សកម្មភាព​ធ្វើ​មិន​ធម្មតា​ ​និង​តាម​ទំនើង​ចិត្ត​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង។​

«ហេតុនេះ​ហើយ​បានជា​គេ​មាន​លក្ខណៈ​បត់បែន​ ធ្វើ​ជាអ្នក​តឹងតែង​ និង​ធ្វើដូច​ជារដ្ឋាភិបាលវៀតណាម​គោរព​ច្បាប់​អន្តរជាតិ​ ហើយ​ប្រហែល​ជា​នៅ​ពេល​ប្រជាជន​មិន​តាម​ដាន​ គេ​នឹង​បង្ក្រាប​យ៉ាង​ធ្ងន់​ដៃ​ជា​ថ្មី​ទៀត»។​

ក្នុង​ឆ្នាំ​២០១១ ​អ្នកស្រី ​Hang​ ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ឡើង​វិញ​ដើម្បី​ឃុំឃាំង​រយៈ​ពេល​២​ឆ្នាំ​ តែច្រើន​ខែ​ក្រោយ​មក​អ្នកស្រី​ត្រូវ​គេ​ដោះ​លែង ​ក្រោយពី​មាន​ការ​តវ៉ា​ជា​អន្តរជាតិ។​

អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​និយាយ​ថា​ យ៉ាង​តិច​មាន​មនុស្ស​៦៣​នាក់​ត្រូវ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញ​មតិ​ខាង​នយោបាយ​ដោយ​សន្តិ​វិធី​ក្នុង​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ​២០១៣។​ រដ្ឋាភិបាល​និយាយ​ថា​ មានតែ​អ្នក​ធ្វើខុស​ច្បាប់​ទេ​ដែល​ត្រូវ​ឃុំឃាំង​នោះ​ មិន​មែន​រដ្ឋាភិបាល​ឃុំឃាំង​មនុស្ស​ដែល​សម្តែង​មតិ​របស់​ខ្លួន​ដោយ​សន្តិវិធី​នោះ​ទេ៕

លោក​ពិន ស៊ីសុវណ្ណ​ប្រែ​សម្រួល​

XS
SM
MD
LG