ដំណើរទស្សនកិច្ចរបស់លោក ឡេ ហុងអាន់ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមមកកម្ពុជាកើតឡើងចំពេលដែលគណបក្សកាន់អំណាចនៃប្រទេសនេះកំពុងត្រៀមរៀបចំមេដឹកនាំថ្មីដោយសារមរណភាពរបស់ប្រធានបក្ស។
លោក ឡេ ហុងអាន់ ដែលគេស្គាល់ថាជាមនុស្សដ៏មានឥទ្ធិពលមួយរូបនៃគណបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា លោកហេង សំរិន ប្រធានកិត្តិយសគណបក្សនិងជាប្រធានសភាជាតិ និងលោកសាយ ឈុំ អគ្គលេខាធិការគណបក្សនិងជាប្រធានព្រឹទ្ធសភាទើបជាប់ឆ្នោតថ្មី។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី អមប្រតិភូនាយករដ្ឋមន្ត្រីបានប្រាប់វីអូអេនៅក្រោយពីជំនួបនោះថា៖
«នៅក្នុងជំនួបនេះគឺក្រៅពីការសម្តែងការគួរសមដល់សម្តេចតេជោហ្នឹងយើងបានផ្លាស់ប្តូរមតិជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរហើយនឹងរឿងបក្ស។ ដោយឡែកទៀតគឺការពិភាក្សាទាក់ទងការជំរុញលើវិស័យពាណិជ្ជកម្មធ្វើម៉េចឱ្យប្រទេសទាំងពីរឈានឡើងដល់៥ពាន់លានដុល្លារហើយពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរហ្នឹង»។
លោកឡេ ហុងអាន់ ដែលមានវ័យ៦៥ឆ្នាំនេះគឺជាសមាជិកនៃការិយាល័យ នយោបាយ ជាលេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមប្រាំនាក់នៃថ្នាក់ដឹកនាំប្រទេសវៀតណាម។ លោកក៏ជាអតីតរដ្ឋមន្ត្រី ក្រសួងសន្តិសុខជាតិវៀតណាមពីឆ្នាំ២០០២ដល់ឆ្នាំ២០១១ផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកឡេ ហុងអាន់កើតឡើងស្របពេលដែលលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨២ឆ្នាំកាលពីថ្ងៃច័ន្ទនិងត្រូវផ្លាស់ប្តូរថ្នាក់ដឹកនាំគណបក្សដែលកាន់អំណាចជាយូរនេះដែលនាំឱ្យមានការលើកឡើងពីឥទ្ធិពលរបស់វៀតណាមនៅ ក្នុងនយោបាយកម្ពុជា។
លោក កែម ឡី អ្នកវិភាគសង្គមបានបញ្ជាក់ថា៖
«ពេលនេះវាត្រូវជ្រើសរើសប្រធានព្រឹទ្ធសភា អាចនឹងមានការជ្រើសរើសប្រធានគណបក្សអីអញ្ចឹងហាក់បី ដូចជាវៀតណាមហ្នឹងវាមានឥទ្ធិពលមកលើប្រព័ន្ធ នយោបាយខ្មែរ។ ខ្ញុំមើលទៅឃើញអញ្ចឹង»។
លោក កែម ឡីបានបន្ថែមថា៖
«ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំវៀតណាមមកពេលនេះយើងឃើញគាត់ផ្តាំផ្ញើឱ្យមើលប្រជាជន ជួយមើលវិនិយោគទុនមកពី វៀតណាមក៏ប៉ុន្តែគាត់អត់បានមើលថាតើប្រជាជនវៀតណាមដែលមកហ្នឹង វិនិយោគទុនដែលមកហ្នឹងមានការរំលោភសិទ្ធិមនុស្សទេ? ប្រជាជនដែលមកហ្នឹងខុសច្បាប់ឬក៏ត្រូវច្បាប់ហើយបើខុសច្បាប់គួរតែរដ្ឋាភិបាលវៀតណាមបញ្ជូនឱ្យទៅវិញបែរជាផ្តាំផ្ញើឱ្យការពារឱ្យមើលខុសត្រូវទៅវិញ។ ខ្ញុំគិតថាដូចជាម្តាយ ឱពុកមកមើលកូនហើយប្រដៅកូនឱ្យធ្វើនេះធ្វើនោះអញ្ចឹង»។
ប៉ុន្តែលោក កៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកឡេ ហុងអាន់ និងព្រឹត្តិការណ៍សោកសៅនៅក្នុងគណបក្សគឺជាការចៃដន្យប៉ុណ្ណោះ។
លោកបានបន្ថែមថា៖
«អ្វីដែលសំខាន់នោះ គឺការផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរនៅគ្រប់ក្របខណ្ឌ។ ដូចជាក្របខណ្ឌរដ្ឋាភិបាលនិងរដ្ឋាភិបាល ក្របខណ្ឌបក្សនិងបក្ស ក្របខណ្ឌសភានិងព្រឹទ្ធសភាជាដើមនេះគឺជារឿងធម្មតាទេ»។
រីឯលោកឈាង វុន ប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនិងព័ត៌មាននៃសភាជាតិក៏បានបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនិងការជួបពិភាក្សាជាមួយនឹងលោកហេង សំរិន ប្រធានសភាជាតិគឺមានការរៀបចំជាយូរមកហើយ។
ដំណើរទស្សនកិច្ចនេះក៏ស្របពេលដែលបញ្ហាព្រំដែនរវាងប្រទេសទាំងពីរបានឡើងកំដៅសារជាថ្មីដោយសារតែអាជ្ញាធរវៀតណាមបាញ់ថ្នាំកម្ចេចដំណាំពលរដ្ឋខ្មែរហើយត្រូវរដ្ឋាភិបាលកម្ពុជាចោទថាគឺប្រជាពលរដ្ឋកម្ពុជាជាអ្នកទៅធ្វើចំការក្នុងទឹកដីវៀតណាម និងការចោទប្រកាន់ថាវៀតណាមបានជីកស្រះចំនួន៥នៅតំបន់សតាមបណ្តោយព្រំដែន។
លោកកៅ គឹមហួន បានបញ្ជាក់ដែរថាបញ្ហាព្រំដែនក៏ត្រូវបានលើកយកពិភាក្សាផងដែរ៖
«ហើយសម្តេចនាយករដ្ឋមន្ត្រីស្នើទទូចឱ្យភាគីវៀតណាមរក្សាស្ថានភាពដដែលទៅលើតំបន់ព្រំប្រទល់ដែលមិនទាន់បានដោះស្រាយមិនទាន់បានឯកភាពនោះហើយក្នុងការទទូចនេះគឺភាគីវៀតណាមបានឯកភាពទទួលយកតាមសំណើរបស់សម្តេចតេជោ»។
លោកឡេ ហុងអាន់ ក៏ធ្លាប់បំបែកការប្រឈមទល់មុខគ្នារវាងចិននិងវៀតណាមកាលពីឆ្នាំ២០១៤ក្នុងពេលដែលប្រទេសកុម្មុយនិស្តទាំងពីរនេះបានតានតឹងនឹងគ្នានៅក្នុងទំនាស់រឿងការដ្ឋានអណ្តូងរ៉ែដែលចិនបានសាងសង់នៅក្បែរប្រជុំកោះប៉ារ៉ាសែលក្នុងដែនទឹកដែលវៀតណាមអះអាងថាជារបស់ខ្លួន៕