ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក សាយ ឈុំ ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក ជា ស៊ីម


រូបឯកសារ៖ អ្នកយាមព្រះរាជវាំងនាំគ្នា​សែង​លោក សាយ ឈុំ សមាជិក​ព្រឹទ្ធសភាព ដើម្បីចូលរួម​ក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅរាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃសៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ២០១១។ (រូបថត៖ AP/ហេង ស៊ីនិត)
រូបឯកសារ៖ អ្នកយាមព្រះរាជវាំងនាំគ្នា​សែង​លោក សាយ ឈុំ សមាជិក​ព្រឹទ្ធសភាព ដើម្បីចូលរួម​ក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅរាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃសៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ២០១១។ (រូបថត៖ AP/ហេង ស៊ីនិត)

ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​នៅ​ម៉ោង​៣​រសៀល​ថ្ងៃអង្គារ​នេះ​ ហើយ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក​សាយ​ ឈុំ​ធ្វើ​ជាប្រធាន​ និង​លោក​ នៃ ប៉េណា ​ធ្វើ​ជា​អនុ​ប្រធាន​ទីមួយ​នៃ​ស្ថាប័ន​នីតិប្បញត្តិនេះ​គឺ​មួយថ្ងៃ​ក្រោយមរណភាព​របស់​លោក ជា ស៊ីម។​

នៅ​ក្នុង​ការបោះ​ឆ្នោត ​ដែល​ប្រើ​ពេល​ត្រឹម​តែ​ជាង​កន្លះ​ម៉ោង​នោះ​ សមាជិក​ព្រឹទ្ធ​សភា៥២​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សម រង្ស៊ី​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក​សាយ ឈុំ ​ដោយ​គ្មាន​សំឡេងជំទាស់​ រីឯលោក ​នៃ ប៉េណា​ ដែល​ជាប់​ឆ្នោត​ជា​អនុប្រធាន​ទីមួយ​នៃ​ព្រឹទ្ធ​សភាមានសំឡេងជំទាស់​មួយ​សំឡេង​ក្នុង​ចំណោម​សមាជិក​សរុប​នៃសមាជិក​ព្រឹទ្ធ​សភា​៥២​រូប​ដែល​មាន​វត្តមាន​នៅ​ព្រឹទ្ធ​សភា។​

ចំណែក​ឯ​លោក​ទេព ងន​នៅ​បន្ត​តំណែង​របស់​លោក​ជា​អនុប្រធាន​ទី​ពីរ​នៃ​ព្រឹទ្ធ​សភា​ដដែល។ ​សមាជិក​ព្រឹទ្ធ​សភា​៨​រូប​ផ្សេង​ទៀត​ពុំ​បាន​ចូលរួម​ការ​បោះឆ្នោត​នេះ​ទេ​ ដោយសារ​មាន​បញ្ហា​សុខភាព ​និង​ជាប់​បេសក​កម្ម​នៅ​ក្រៅ​ប្រទេស។​

ទោះបី​ជា​ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ការ​ទទួល​មរណភាព​របស់​លោក​ជា ស៊ីម​ក៏​ដោយ​ លោក​ម៉ម ប៊ុននាង ​អ្នក​នាំពាក្យ​នៃ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នោះ​ថា​ ការបោះ​ឆ្នោត​នេះ​គឺរៀប​ចំ​ឡើង​ដោយ​យោង​ទៅ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ហើយ​មិន​អាច​បង្អង់​បាន​ឡើយ។​

«ខ្ញុំ​បាន​ជំរាប​ហើយ​អម្បាញ់​មិញ​នេះ​គឺ​ថា ​យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​យើង​បាន​ចែង​យ៉ាង​ច្បាស់​ បើ​ខ្ញុំ​ចាំ​មិន​ច្រឡំ​ទេ​ នៅ​មាត្រា​១១១​គឺ​បាន​បញ្ជាក់​ថា​ ពេល​ប្រធាន​ព្រឹទ្ធ​សភា​ទទួល​មរណភាព​ គឺ​យើង​ត្រូវ​ការ​បោះ​ឆ្នោត​ជ្រើស​ប្រធាន​ថ្មី»។​

លោក​ជា ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ប្រធាន​ព្រឹទ្ធសភា​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​អាយុ​៨២​ឆ្នាំ។​

សព​របស់​លោក​កំពុងត្រូវ​បាន​តម្កល់​ទុក​នៅ​គេហ​ដ្ឋាន​របស់​លោក​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន។​

ទាក់​ទង​នឹង​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ ​ប្រថុចញ៉ុច​នេះ​ លោក​សុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​ខេមរៈ ​បាន​ពន្យល់​ថា​ ការ​បោះ​ឆ្នោត​នេះ​គឺធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ហើយ​ក៏​ជា​វិធី​ទប់​ស្កាត់​ការ​សន្និដ្ឋាន​នានា​ថា​ អ្នក​នយោបាយ​ខ្មែរ​រូបណា​នឹងឡើង​កាន់​ការ​បន្ត​ពី​លោក​ជា ស៊ីម។​

«មិន​ជា​បញ្ហា​ទេ​ ពីព្រោះ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ នេះ​ជា​ចំណុច​ទីមួយ។​ ហើយ​ចំណុច​ទី​ពីរ​ គឺ​ដូច​ព្រះ​អង្គ​អញ្ចឹង​ចូល​ទិវង្គត​មិន​ឲ្យ​យ៉ាង​យូរ​៧ថ្ងៃ។ ហើយ​ចំណុច​ទី​បី​ យើង​គិត​ថា ​អ្វី​ដែល​ទាក់ទិន​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​រើ​ស​នេះ​ដើម្បី​ជៀស​វាង​អ្នក​ដទៃ​ថា​ ខ្វះ​សមត្ថភាព​អែអង់​ ចាំ​រក​តួអង្គ​នេះ ​តួ​អង្គ​នោះ​ កុំ​ឲ្យ​មាន​រលក​នយោបាយ​ថា​ ឥឡូវ​នេះ​ប្រធាន​ព្រឹទ្ធសភា​អ្នកណា​ជា​អ្នក​ចូល​ ហើយ​ត្រូវ​បាន​គេ​ដោះ​ដូរ​យ៉ាង​ម៉េចៗ។​ អាហ្នឹង​កុំឲ្យ​មានរលក​នយោបាយ។ ​អញ្ចឹង​ចេញ​សកម្មភាព​ហ្នឹង​មក​ វា​បញ្ចប់​នៃ​ការ​គេ​ហៅ​ថា​ ធ្វើ​ពាណិជ្ជ​កម្ម​នៅ​លើ​នយោបាយ​ហ្នឹង»។​

លោក​គង់ គាំ ​សមាជិក​ព្រឹទ្ធ​សភានៃ​គណបក្ស​សម រង្ស៊ី​ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ បាន​ឲ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​លោក​សាយ ឈុំ​ និង​លោក​នៃ​ ប៉េណា​ឲ្យ​ធ្វើ​ជា​ប្រធាន​ និង​អនុប្រធាន​ទីមួយ​នៃ​ព្រឹទ្ធ​សភា​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​កិច្ច​ព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤។​

«ក្រោយ​កិច្ច​ព្រមព្រៀង​ថ្ងៃ​២២​ខែ​កក្កដា​កន្លង​ទៅ​គឺ​ថា​ យើង​បាន​ព្រមព្រៀង​គ្នា​ថា​ ប្រធាន​ និង​អនុប្រធានទី​មួយ​ និង​អនុ​ប្រធាន​ទី​២​ហ្នឹង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ»។​

លោក​ជា ស៊ីម ​ជា​អ្នក​នយោបាយ ​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​ រមាសហែក ​ខេត្ត​ស្វាយរៀង​ ធ្លាប់​បាន​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​១៩៩៨។ ​លោក​ត្រូវ​បាន​ផ្លាស់​តួនាទី​ឱ្យ​ទៅ​កាន់​តំណែង​ជា​ប្រធានព្រឹទ្ធ​សភា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​រហូត​មក​ដល់​ពេល​ដែល​លោក​ទទួល​មរណភាព។​

រដ្នាភិបាល​កម្ពុជា​បាន​ប្រកាស​យក​ថ្ងៃទី​១៩​ខែ​មិថុនា ​ឆ្នាំ​២០១៥ជា​ថ្ងៃ​កាន់​ទុក្ខ​ជា​ផ្លូវការ​នៃ​ការ​ទទួល​មរណ​ភាព​របស់​លោក​ជា ស៊ីម។​ ទង់​ជាតិ​កម្ពុជា​ត្រូវ​បង្ហូត​ត្រឹម​មួយ​ភាគ​បី​នៃ​ដងទង់​ជាតិ​នៅថ្ងៃ​នោះ ​ហើយ​គ្រប់​ស្ថានីយ៍​វិទ្យុ ​និង​ទូរទស្សន៍​ជាតិ​ និង​ឯក​ជន​ទាំង​អស់​ ត្រូវ​ផ្អាក​ការ​សម្តែង និង​ការ​ចាក់​ផ្សាយ​ទស្សនីយភាព​ផ្សេងៗ​ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង​នៅថ្ងៃនោះ​ដែរ៕

XS
SM
MD
LG