ថ្វីបើលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាមានសុខភាពទន់ខ្សោយនិងអវត្តមានច្រើនដោយត្រូវចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាញឹកញាប់នាមួយរយៈពេលចុងក្រោយនេះប៉ុន្តែគណបក្សកាន់អំណាចមួយនេះនៅតែមិនមានគម្រោងប្តូរប្រធានថ្មីទេ។
គណបក្សកាន់អំណាចនេះបានតែងតាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឱ្យធ្វើជាប្រធានស្តីទីខណៈពេលដែលលោកជា ស៊ីម កំពុងសម្រាកព្យាបាលជំងឺអស់រយៈពេលជាងមួយខែមកហើយនៅក្នុងប្រទេសវៀតណាម។
លោក ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលទើបទទួលបានការចាត់តាំងថ្មីៗនេះមានប្រសាសន៍ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាគណបក្សប្រជាជនកម្ពុជាបានសម្រេចតែងតាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សស្តីទីដើម្បីឱ្យគ្រប់គ្រងការងារជំនួសលោក ជា ស៊ីមមួយរយៈសិន។
លោកមានប្រសាសន៍ថាយើងមិនទាន់មានការគិតគូរទេពីព្រោះគណបក្សប្រជាជនកម្ពុជាគោរពនូវគុណធម៌ វីរភាព របស់ថ្នាក់ដឹកនាំដូច្នេះយើងអត់មានអ្វីដែលត្រូវគិតគូរជាមុនចំពោះឥស្សរជនដឹកនាំដែលលោកនៅមានជីវិតនៅឡើយ។
លោកបានបញ្ជាក់ថា៖ «យើងមិនទាន់គិតគូរដល់រឿងហ្នឹងទេ។ អាហ្នឹងវាមិនខុសអ្វីដូចជាឪពុកម្តាយនិងកូន ខ្មែរយើងវាមានប្រពៃណីហ្នឹង។អញ្ចឹងគ្រាន់តែជាអនុវត្តជាក់ស្តែងគឺសម្តេចប្រមុខរដ្ឋាភិបាលគាត់ជាប្រធានស្តីទី ប៉ុន្តែជាផ្លូវការគឺសម្តេចជាស៊ីម ជាប្រធានផ្លូវការ របស់គណបក្ស»។
សូមទស្សនាបទសម្ភាសន៍អំពីនយោបាយផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា៖
លោក ជា ស៊ីម អាយុ៨៣ឆ្នាំ ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា បានធ្លាក់ខ្លួនឈឺជាយូរមកហើយដោយសារវ័យចាស់ជរារបស់លោក។
លោកត្រូវបានគណបក្សនិងក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលប្រទេសវៀតណាមអស់រយៈពេលជាច្រើនសប្តាហ៍មកហើយបន្ទាប់ពីលោកបានទៅពិនិត្យជំងឺនៅក្រៅប្រទេសជាច្រើនលើកដូចជានៅប្រទេសសិង្ហបុរីជាដើម។
លោក យឹម លាង ប្រធានអង្គរក្ស លោក ជា ស៊ីម មានប្រសាសន៍ប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីប្រទេស វៀតណាមថាលោក ជា ស៊ីម មានសុខភាពល្អឡើងវិញហើយ ហើយគ្រោងនឹងបញ្ជូនមកកម្ពុជានៅមុនថ្ងៃចូលឆ្នាំចិន។
លោក យឹម លាង មិនបានប្រាប់អំពីស្ថានភាពជំងឺថាស្ថានភាពធូរស្រាយនោះបានដល់កម្រិតណាទេក៏ប៉ុន្តែលោកបានបញ្ជាក់ថាមានសភាពល្អជាងនៅក្នុងប្រទេសកម្ពុជា។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមិនបានបង្ហាញមុខតាំងពីខួបលើកទី៣៦ ឆ្នាំដែលគណបក្សប្រជាជនកម្ពុជាបានរំលឹកថាជាថ្ងៃជ័យជម្នះថ្ងៃ៧ ខែមករា។ ហើយក្រោយមកនៅពេលដែលគណបក្សនេះធ្វើមហាសន្និបាតកាលពីចុងខែមករាក៏លោកមិនមានវត្តមានដែរ។
មានមេដឹកនាំជាន់ខ្ពស់សំខាន់ៗចំនួនពីរនាក់បានធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់ នៅក្នុងប្រទេសកម្ពុជាគឺលោក ជា ស៊ីម និង លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយបន្ទាប់ពីលោកបានវិលត្រឡប់ពីព្យាបាលសង្គ្រោះបន្ទាន់ក្នុងប្រទេសសិង្ហបុរី។
លោក ប៉ែន សុវណ្ណ អាយុ ៧៩ ឆ្នាំ មានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាលកាលពីកាលពីថ្ងៃទី១៧ខែមករានៅ គេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។ បន្ទាប់ពីបានវិលត្រឡប់ពីព្យាបាលនៅប្រទេសសិង្ហបុរី លោកស្ថិតនៅក្នុងស្ថានភាពជំងឺស្លាប់មួយចំហៀងខ្លួននិងនិយាយមិនទាន់បាននៅឡើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៕