លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាបានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ នៅរសៀលថ្ងៃច័ន្ទនេះ ដោយជំងឺរ៉ាំរ៉ៃប្រចាំកាយ។ នេះបើយោងតាមអ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានបញ្ជាក់ប្រាប់វីអូអេ នៅថ្ងៃនេះថា លោក ជា ស៊ីម បានទទួលមរណភាពដោយជំងឺទឹកនោមផ្អែម ដែលញាំញីសុខភាពចាស់ជរារបស់លោកយូរឆ្នាំមកហើយ។
«បាទ ជាការពិតហើយ មុននេះប្រហែលជាមួយម៉ោង។ បាទនេះជាឥទ្ធិពលនៃជំងឺទឹកនោមផ្អែមរបស់សម្តេច ហើយគួបផ្សំនឹងវ័យរបស់សម្តេចដែលជាង៨០ឆ្នាំហើយ»។
លោក សុខ ឥសាន ដែលជាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាផងនេះ បានសម្តែងការសោកស្តាយចំពោះការបាត់បង់លោក ជា ស៊ីម ដែលបានចូលរួមរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម។
«អញ្ចឹងទៅវាជាការគួរឲ្យសោកស្តាយណាស់ ដែលសម្តេចបានលាចាកលោកទៅទាំងមានការសោកស្តាយរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស»។
លោក ជា ស៊ីម អាយុ ៨២ ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ លោកជាអតីតប្រធានរដ្ឋសភាពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានផ្លាស់តួនាទីឱ្យទៅកាន់ប្រធានព្រឹទ្ធសភាវិញ ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក សុខ ឥសាន ពុំអាចបញ្ជាក់ប្រាប់វីអូអេ បានទេថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានស្តីទីនៃគណបក្សប្រជាជនកម្ពុជានឹងឡើងជាប្រធានគណបក្សដែលបានដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំមកនេះឬយ៉ាងណានោះទេ។
លោកពន្យល់ថា៖ «យើងមិនទាន់អាចសន្មត់បានទេបាទ តែជាធម្មតាចំពោះការដឹកនាំគណបក្ស បើប្រធានអវត្តមានជាអចិន្រ្តៃយ៍ហើយ មានតែអនុប្រធានទទួលជំនួសការងារហ្នឹង វាជាក្រឹត្យក្រមធម្មតាទេបាទ»។
នៅក្នុងឆ្នាំនេះជាខួបលើកទី៣៦ឆ្នាំនៃថ្ងៃទី៧ ខែមករា ដែលគណបក្សប្រជាជនកម្ពុជាចាត់ទុកថាជាថ្ងៃរំដោះប្រទេសចេញពីរបបខ្មែរក្រហម តែគណបក្សប្រឆាំងវិញបាន ចាត់ទុកថាជាថ្ងៃកងទ័ពវៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជានោះ។ លោក ជា ស៊ីម មិនមានវត្តមានមកចូលរួមដូចលើកមុនៗទេ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ មើលឃើញថា ការស្លាប់របស់លោក ជា ស៊ីម គឺជាការខាតបង់ដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងអាចស្ថិតក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបានឲ្យដឹងទៀតដែរថា នឹងមានការកែទម្រង់ក្នុងគណបក្សនយោបាយមួយនេះ។
«ចំពោះគណបក្សប្រជាជន ខ្ញុំមើលទៅនឹងមានការផ្លាស់ប្តូរមួយចំនួន។ ទីមួួយសម្តេចតែងតែជាអ្នកសម្របសម្រួលបង្រួបង្រួមក្នុងគណបក្ស។ ហើយមានការបាត់បង់សម្តេចអញ្ចឹង គឺជារឿងមួយដែលខាតបង់សម្រាប់គណបក្សប្រជាជនធំ។ ទីពីរ ការដូរមួយគឺដូរប្រធាន បានន័យថា ប្រហែលលោក ហ៊ុន សែន នឹងទៅជាប្រធានគណបក្សប្រជាជនតែម្តង អញ្ចឹងបានន័យថា អ្នកដែលមានអំណាចគឺជាប្រធានចេញមុខ ខ្ញុំមើលនឹងអាចធ្វើឲ្យបក្សអាចនឹងមានដំណើរការច្បាស់លាស់ជាងមុន»។
លោក បដិសេធមិនអធិប្បាយលើគុណសម្បត្តិ និងគុណវិបត្តិរបស់លោក ជា ស៊ីម ព្រោះជាពេលនៃការកាន់ទុក្ខរបស់គ្រួសារលោក ជា ស៊ីម។ លោក បន្ថែមថា៖
«គាត់ជាអ្នកដែលបានធ្វើនយោបាយ រឿងជាតិអស់រយៈពេលច្រើនទសវត្សរ៍ជាមនុស្សម្នាក់ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាដែលចងចាំ សំណួរសួរតើវិជ្ជមាន ឬមួយអវិជ្ជមាន ខ្ញុំថាពេលឥឡូវនេះមិនមែនជាពេលដែលយើងគួរជជែកគ្នាទេ ជាពេលកាន់ទុក្ខក្រុមគ្រួសាររបស់គាត់កាន់ទុក្ខ អញ្ចឹងខ្ញុំអត់មានយោបល់ទេបាទ»។
លោក ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ញ៉ែម សឿន កាលពីអំឡុងឆ្នាំ១៩៥៥ និងមានកូនចំនួន៧នាក់ ក្នុងនោះកូនប្រុសចំនួន៤នាក់ និងកូនស្រី ចំនួន៣នាក់។
លោកទទួលបានគោរម្យងារពីព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម កាលពីអំឡុងឆ្នាំ២០០៧ និងបានតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៥កាលពីខែធ្នូ ឆ្នាំ២០០៩៕