ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យឹម លាង៖ សុខភាព​លោក​ជាស៊ីម​គ្រាន់បើ​ក្រោយ​ពី​វះកាត់​នៅ​វៀតណាម

  • ហេង រស្មី

លោក ជា ស៊ីម​ ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​​ (រូប​កណ្តាល) អញ្ជើញ​​​ចេញ​ពី​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​​នៅ​ក្រោយ​ពិធី​ខួប​ទី​៣៤​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម ដែល​បាន​ប្រពឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​លោក ជា ស៊ីម​ ប្រធាន​គណបក្ស​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ទទួល​ការ​វះកាត់​ផ្នែក​ខ្លះ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​ក្នុង​ពេល​ដែល​លោក​បាន​សម្រាក​ព្យាបាល​ដ៏យូរ​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​វៀតណាម។​

លោក យឹម លាង​ ប្រធាន​អង្គរក្ស​ផ្ទាល់​លោក​ជា ស៊ីម​ បាន​ទទួល​ស្គាល់ថា​ លោក ជា ស៊ីម ពិត​ជា​បាន​វះកាត់​ផ្នែក​ខ្លះ​នៃ​រាង​កាយ​របស់​លោក​មួយ​ចំនួន​ពិតមែន​ តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ផ្នែក​ណា​ខ្លះ​នៃ​រាង​កាយ​ដែល​លោក​ ជា ស៊ីម​ បាន​ត្រូវ​ធ្វើ​ការ​វះកាត់​នោះ​ទេ។​

លោក​បាន​និយាយ​ថា​ក្រុម​គ្រូពេទ្យ​វៀតណាម​គ្រាន់​តែ​បាន​វះ​កាត់​យក​ផ្នែក​ស្នាម​របួស​ចាស់​ចេញ​ពី​រាងកាយ​លោក​ជា ស៊ីម​ តែប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​«គ្រាន់តែ​យើង​មើល​ជួស​កន្លែង​ណាមិន​ល្អ​ចេញ​ គ្រាន់​តែ​វះ​បង្វៀង»។​

លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​វៀតណាមចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤។ ​លោក​បាន​បាត់​មុខ​ជា​សាធារណៈ​អស់​មួយ​រយៈ​ពេល​ដ៏យូរ​ដោយ​សារ​តែ​ស្ថាន​ជំងឺ​នៃ​វ័យ​ចាស់​ជរា​ ​របស់​លោក។​

លោក​ យឹម លាង​ បាន​បញ្ជាក់​ថា​លោក​ជា ស៊ីម​ បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​ដោយ​ស្ថាន​ភាព​ជំងឺ​បាន​ល្អ​ប្រសើរ​ជាង​មុន។ ​លោក​បាន​និយាយ​ថា​លោក​ ជា ស៊ីម​ អាច​ដើរ​បាន​និង​អាច​បំពេញ​ការងារ​បាន​ខ្លះៗ។​

លោក​ សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ជំងឺ​របស់​លោក​ជា ស៊ីម​ទេ។​

លោក​និយាយ​ថា​៖​ «អត់​ដឹង​សោះ។ ​ខ្ញុំ​ ដឹង​ថា​គាត់​អញ្ជើញ​ទៅ​វៀតណាម។ ​គ្រាន់​តែឮៗ​វា​មិន​ផ្លូវ​ការ។ ​អញ្ចឹង​ វា​មិន​ដឹង​ការពិត​យ៉ាង​ម៉េច»។​

លោក​ ម៉ម សារិន​ នាយក​ខុទ្ទកាល័យ​លោក​ជា ស៊ីម ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​និយាយ​ថា​កំពុង​ជាប់​រវល់។ ចំណែក​ លោក​ ប៉ក់ វិជិត​ នាយក​រង​ខុទ្ទកាល័យ​បាន​បញ្ជាក់​ថា​មិនដែល​បាន​ជួប​លោក ជា ស៊ីម​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។​

លោក​ និយាយថា​៖​«មិន​ដែល​បាន​ជួប​គាត់។ ​ខ្ញុំ​អត់​មាន​ការ​ងារ​អ្វី​ជាមួយ​គាត់​ផង​ហ្នឹង»។​

លោក​ ជា ស៊ីម​ អាយុ​៨៣​ឆ្នាំ​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បង្ហាញ​មុខ​តាំង​ពី​ខួប​លើក​ទី​៣៦​ ឆ្នាំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹក​ថា​ជា​ថ្ងៃ​ជ័យ​ជម្នះ​ថ្ងៃ៧​ ខែមករា។ ​ហើយ​ក្រោយ​មក​នៅ​ពេល​ដែល​គណបក្ស​នេះ​ធ្វើ​មហា​សន្និបាត​កាល​ពី​ ចុង​ខែ​មករា​ក៏​លោក​មិន​មាន​វត្តមាន​ដែរ។​

មាន​មេដឹក​នាំ​ជាន់​ខ្ពស់​សំខាន់ៗ​ចំនួន​ពីរ​នាក់​ហើយ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ យ៉ាង​ទម្ងន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក ជា ស៊ីម ​និង​ លោក​ ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។​

លោក​ ប៉ែន សុវណ្ណ​ អាយុ​ ៧៩​ ឆ្នាំ​ ​មាន​ជំងឺ​ ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាល​ពី​ថ្ងៃ​ទី​១៧​ខែមករា​នៅ​ គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​តាកែវ។ ​បន្ទាប់​ពី​បានវិល​ត្រឡប់​ពី​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ​លោក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​និង​និយាយ​មិន​ទាន់​បាន។​

​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បាន​ឱ្យ​ដឹង​ថា​លោក​ ប៉ែន សុវណ្ណ​ ត្រូវ​បាន​ដឹក​ចេញ​ពី​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​យក​ទៅ​ថែរក្សា​នៅ​ខេត្ត​តាកែវ​ដែល​ជា​ស្រុក​កំណើត​របស់​លោក៕

XS
SM
MD
LG